ដើម្បីកែប្រែស្ថានការណ៍បច្ចុប្បន្ន និងដណ្ដើមបានឱកាសជាប់ឆ្នោតជាថ្មី លោក Donald Trump ត្រូវតែឈ្នះនៅក្នុងរដ្ឋយ៉ាងតិចចំនួន4ទៀត ក្នុងនោះរួមទាំងរដ្ឋដែលកំពុងនាំមុខដោយ Joe Biden ផងដែរ។
គិតដល់ដំណាច់ថ្ងៃទី4វិច្ឆិកា (ម៉ោងនៅអាមេរិក) បេក្ខភាព Joe Biden បានទទួលសំឡេងឆ្នោតគាំទ្រពីប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន264សំឡេង ខណៈលោក Donald Trump បានទទួល214សំឡេង។ ឱកាសជាប់ឆ្នោតមិនទាន់បានបញ្ចប់នៅឡើយទេ នៅពេលដែលរដ្ឋសំខាន់ៗមួយចំនួននៅតែបន្តរាប់សន្លឹកឆ្នោត។
សារព័ត៌មាន Guardian បានអះអាងថា បេក្ខភាពទាំងពីរនៅតែមានឱកាសដើម្បីជាប់ឆ្នោត ប៉ុន្តែ ផ្លូវទៅកាន់ជោគជ័យរបស់លោក Biden ជិតជាង និងទូលាយជាង បើធៀបនឹងផ្លូវរបស់លោក Trump។
ជាមួយនឹងសន្លឹកឆ្នោតគាំទ្រ214សំឡេង ហើយបើបូករួមទាំង3សំឡេងទៀតនៅ Alaska ដែលអាចបានទៅលើលោក Trump នោះលោកត្រូវការរកឱ្យបាន53សំឡេងទៀតពីប្រតិភូតំណាងម្ចាស់ឆ្នោត ដើម្បីជាប់ឆ្នោតជាថ្មី។ ដូច្នេះ វិធីតែមួយគត់ដែលនៅសល់របស់លោក Trump នាពេលនេះ នោះគឺត្រូវតែឈ្នះនៅក្នុងរដ្ឋទាំងឡាយដែលកំពុងរាប់សន្លឹកឆ្នោត រួមមាន រដ្ឋ Pennsylvania, North Carolina, Georgia និង Nevada ដែលជារដ្ឋមួយកំពុងលំអៀងទៅរក Joe Biden ដោយមានសំឡេងឆ្នោតប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន6សំឡេង។ ការឈ្នះនៅក្នុងរដ្ឋទាំង4ខាងលើនេះ នឹងជួយឱ្យលោក Trump ទទួលបានសំឡេងឆ្នោត57សំឡេងបន្ថែមទៀត។
ក៏ប៉ុន្តែ ដោយនៅមានសន្លឹកឆ្នោតយ៉ាងច្រើននៅទីក្រុង Philadelphia និង Pittsburgh របស់រដ្ឋ Pennsylvania ដែលភាគច្រើនជាសំឡេងគាំទ្ររបស់បក្សប្រជាធិបតេយ្យ មិនទាន់ត្រូវបានរាប់រួចរាល់ ដូច្នេះ ការកែប្រែស្ថានការណ៍របស់លោក Trump ដូចខាងលើ គឺជាសេណារីយ៉ូមួយដ៏មហាសែនលំបាកនៅក្នុងដំណាក់កាលនេះ។
ផ្ទុយទៅវិញ បេក្ខភាព Joe Biden មានឱកាសឈ្នះច្រើនជាង ព្រោះថា លោក Biden ត្រូវការសំឡេងឆ្នោតគាំទ្រតែ6សំឡេងទៀតប៉ុណ្ណោះ គឺគ្រប់ចំនួន270សន្លឹក ដែលជាសំឡេងឆ្នោតពីប្រតិភូតំណាងម្ចាស់ឆ្នោត ដើម្បីបានក្លាយជាប្រធានាធិបតី។ និយាយរួម លោក Biden គ្រាន់តែឈ្នះនៅក្នុងរដ្ឋ Nevada (6សំឡេង) ទៀតប៉ុណ្ណោះ នឹងទទួលបានជោគជ័យក្នុងការបោះឆ្នោត ដោយមិនចាំបាច់ឈ្នះនៅក្នុងបណ្ដារដ្ឋ ដូចជា Pennsylvania, Georgia និង North Carolina នោះទេ៕
ប្រភព៖ Guardian