Skip to content

ការ​បោះ​ឆ្នោត​អាមេរិក​2020​! ទីក្រុង​ New York រក​ឃើញ​សន្លឹក​ឆ្នោត​របស់​ “ខ្មោច”

នៅក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​លើក​នេះ ទីក្រុង​ New York បាន​រកឃើញ​សន្លឹក​ឆ្នោត​មួយ​ចំនួន​របស់​ម្ចាស់​ឆ្នោត​ដែល​បាន​ស្លាប់​​តាំង​តែ​ពី​យូរ​យារ​​មក​ហើយ​ ដែល​នេះ​ត្រូវ​បាន​គេ​ចោទ​ជា​សំណួរ​ថា “តើ​ពិត​ជា​​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ដែរ ឬ​យ៉ាង​ណា​?”។

សារ​ព័ត៌មាន​ New York Post បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​​ឱ្យ​ដឹង​ថា សន្លឹក​ឆ្នោត​អវត្តមាន​ម្ចាស់​ឆ្នោត​មួយ​ចំនួន​ដែល​បាន​ផ្ញើ​មក​កាន់​ គជបនៃ​ទីក្រុង​ New York របស់​សហរដ្ឋ​អាមេរិក​ មាន​ទាំង​ឈ្មោះ​របស់​ម្ចាស់​​ឆ្នោត​ដែល​បាន​ស្លាប់ទៅ​ហើយ​​ផងដែរ​។ ទាក់​ទង​នឹង​បញ្ហា​នេះ គជប​អាមេរិក​នៃ​ទីក្រុង​ New York បាន​ទទួល​សន្លឹក​ឆ្នោត​អវត្តមាន​របស់​អ្នក​ស្រី Frances Reckhow ដែល​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ និង​រស់​នៅ​លើ​កោះ Staten កាល​ពីថ្ងៃទី​6​តុលា ហើយ​ថ្ងៃ​ទី​8​តុលា​ ​ត្រូវ​បាន​ប្រកាស​ថា ​ជា​សន្លឹក​ឆ្នោត​បាន​ការ​។

ក៏ប៉ុន្តែ មាន​បញ្ហា​មួយ​ដែល​បាន​កើត​ឡើង​ នោះ​គឺ​ថា អ្នក​ស្រី Frances Reckhow បាន​ស្លាប់​តាំង​តែ​ពី​ឆ្នាំ​2012​មក​ម៉្លេះ​។

ក្រោយ​មក គណៈកម្មការ​ខាងលើ​បាន​រកឃើញ​ថា កូន​ស្រី​ឈ្មោះ Carol Huben របស់​អ្នកស្រី Reckhow ដែល​ជា​អ្នក​គាំទ្រ​របស់​បក្ស​សាធារណរដ្ឋ ក៏​បាន​ចុះ​ឈ្មោះ​នៅក្នុង​តំបន់​ដែល​ម្ដាយ​នាង​បាន​ស្លាប់​។

ម្ចាស់​ឆ្នោត Huben មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ទៅ​នឹង​ការ​ចុះផ្សាយ​របស់​ New York Post នៅឡើយ​។ ចំណែក​គជប​របស់​ទីក្រុង New York បាន​ប្រកាស​ថា ពួកគេ​នឹង​ពិនិត្យ​ឡើង​វិញ​លើ​បញ្ហា​នេះ​។

បោះ​ឆ្នោត​អាមេរិក​2020​! ទីក្រុង​ New York រក​ឃើញ​សន្លឹក​ឆ្នោត​របស់​ "ខ្មោច"
បោះ​ឆ្នោត​អាមេរិក​2020​! ទីក្រុង​ New York រក​ឃើញ​សន្លឹក​ឆ្នោត​របស់​ “ខ្មោច”

ក្រៅពី​ករណី​ខាង​លើ នៅ​មាន​ករណីមួយស្រដៀង​គ្នា​នេះ​ដែរ​​​នៅ​ទីក្រុង​ New York។ គជប​នៅ​ New York បាន​ទទួល​សន្លឹក​ឆ្នោត​របស់​ម្ចាស់​ឆ្នោត​​ដែល​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ ឈ្មោះ Gertrude Nizzere កើត​ឆ្នាំ​1919។ អ្នក​ស្រី Nizzere បាន​ផ្ញើ​សន្លឹក​ឆ្នោត​នៅ​ថ្ងៃទី​13​តុលា និង​ត្រូវ​បាន​ទទួល​ស្គាល់​ថា​បាន​ការ​នៅ​ថ្ងៃទី​25​តុលា​។

ក៏ប៉ុន្តែ ក្រោយ​ពី​បាន​ពិនិត្យ​លើ​ទិន្ន​ន័យ​ គជប​របស់​ New York បាន​ប្រកាស​ជា​ថ្មី​ថា សន្លឹក​ឆ្នោត​នេះ​មិន​បាន​ការ ព្រោះ​ឯក​សារ​បង្ហាញ​ថា អ្នក​ស្រី​បាន​ស្លាប់​ទៅ​ហើយ​។

តំណាង​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​លើ​កោះ Staten បាន​បញ្ជូន​ព័ត៌មាន​ខាង​លើ​នេះ​ទៅ​ឱ្យ​សារ​ព័ត៌មាន​ New York Post ព្រម​ទាំង​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​ស្នើ​ឱ្យ​ប៉ូលិស​ និង​ករិយាល័យ​រដ្ឋ​អាជ្ញា​នៅ​ Staten បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​។

ភាគីខាង​បក្ស​សាធារណរដ្ឋ​បាន​ព្រមាន​អំពី​សន្លឹក​ឆ្នោត​របស់​ខ្មោច​ ហើយ​សង្ស័យ​ថា នេះ​គ្រាន់​តែ​ជា​ “ចំណុច​អណ្ដែត​នៃ​ផ្ទាំង​ទឹក​កកតែ​​ប៉ុណ្ណោះ​”។

ការ​ក្លែង​បន្លំ​​សន្លឹក​ឆ្នោត​ដោយ​ប្រើ​ប្រាស់​ឈ្មោះ​អ្នក​ដែល​បាន​ស្លាប់ទៅ​ហើយ ​គឺជា​អំពើ​ខុស​ច្បាប់​នៅ​អាមេរិក ហើយ​​អាច​ប្រឈម​នឹង​ការ​កាត់​ទោស​ផងដែរ​៕

ប្រភព៖ Fox News

Leave a Reply

Your email address will not be published. Required fields are marked *