នៅពេលដែល Florida បានរាយការណ៍អំពីលទ្ធផលរាប់សន្លឹកឆ្នោតបឋម លោក Biden ត្រូវបានគេជឿថា ទំនងជាកំពុងនាំមុខដាច់យ៉ាងឆ្ងាយ ខណៈដែលនៅ Pennsylvania ហាក់លំអៀងទៅរកលោក Trump។
ក៏ប៉ុន្តែ ក្រុមអ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកបោះឆ្នោតយល់ថា គ្រប់គ្នាមិនគួរបណ្ដោយខ្លួនឱ្យចាញ់បោកដោយសារតែព័ត៌មានស្ដីអំពីលទ្ធផលបឋមនៃការរាប់សន្លឹកឆ្នោតនេះទេ។ លទ្ធផលនេះបានបង្កើតឡើងដោយសារតែម្ចាស់ឆ្នោតនៅមូលដ្ឋានបាននាំគ្នាបោះឆ្នោតតាមរយៈការផ្ញើជាសំបុត្រក្នុងអត្រាខ្ពស់មិនធ្លាប់មាន ខណៈដែលរដ្ឋនានាមានវិធីសាស្ត្រដោះស្រាយផ្សេងគ្នាជាមួយនឹងសន្លឹកឆ្នោតទាំងនោះ។
បណ្ដារដ្ឋដែលត្រូវបានអនុញ្ញាតឱ្យរាប់សន្លឹកឆ្នោតដែលផ្ញើតាមសំបុត្រមុនថ្ងៃបោះឆ្នោត លទ្ធផលនឹងអាចលំអៀងទៅរកលោក Biden ព្រោះថា កន្លងមក ការស្ទង់មតិជាច្រើន រួមនឹងទិន្នន័យទាក់ទងនឹងការបោះឆ្នោតមុនកាលកំណត់បង្ហាញថា ម្ចាស់ឆ្នោតដែលបោះឆ្នោតតាមការផ្ញើសំបុត្រ ភាគច្រើនគាំទ្របក្សប្រជាធិបតេយ្យ។
ផ្ទុយមកវិញ នៅក្នុងបណ្ដារដ្ឋដែលមិនបានរាប់សន្លឹកឆ្នោតដែលបោះតាមការផ្ញើសំបុត្ររហូតដល់ថ្ងៃទី3វិច្ឆិកានេះ សន្លឹកទាំងនោះនឹងត្រូវការវិធីសាស្ត្រច្រើនក្នុងការចាត់ការ ដូច្នេះសន្លឹកឆ្នោតដែលបោះផ្ទាល់ក្នុងថ្ងៃបោះឆ្នោតនេះតែងត្រូវបានរាប់បានមុន។ ជាមួយនឹងវិធីនេះ លទ្ធផលដំបូងនៅក្នុងបណ្ដារដ្ឋខាងលើនេះ អាចលំអៀងទៅរកលោក Trump។
ខាងលើនេះត្រូវបានគេហៅថា “រលកស្រមោលក្រហម” និង “រលកស្រមោលខៀវ” ដែលជាពណ៌របស់បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ ដែលជាសញ្ញាដំបូងប្រាប់ថា បេក្ខភាពណាមានប្រៀបជាង រវាងលោក Donald Trump និងលោក Joe Biden នៅក្នុងការបោះឆ្នោតម៉ោងដំបូងៗ ក្រោយពីមណ្ឌលបោះឆ្នោតត្រូវបានបិទ។ ដូច្នេះហើយបានជាក្រុមអ្នកវិភាគយល់ថា មិនគួរចាញ់បោកលទ្ធផលនៃការរាប់សន្លឹកឆ្នោតបឋមនោះឡើយ៕
ប្រភព៖ Reuters