អតីតនាយកធនាគារអង់គ្លេសម្នាក់ បានចាក់ភ្នាល់ជាង5លានដុល្លារអាមេរិក ទៅលើលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយជឿថា លោក Trump នឹងជាប់ឆ្នោតម្ដងទៀត។
អ្នកជំនួញដែលសុំមិនបញ្ចេញឈ្មោះម្នាក់ដែលកំពុងរស់នៅឯបរទេស បានចាក់ភ្នាល់ជាទឹកប្រាក់ចំនួ 3.9លានផោន (ជាង5លានដុល្លារអាមេរិក) នៅលើវង់ល្បែងមួយរបស់ប្រទេស Curacao ដែលស្ថិតក្នុងតំបន់សមុទ្រ Caribbean។ ខ្ទង់ប្រាក់ភ្នាល់របស់អ្នកជំនួញខាងលើ ត្រូវបានគេចាត់ទុកថា ជាខ្ទង់ប្រាក់ភ្នាល់ធំបំផុតមិនធ្លាប់មាននៅក្នុងវង់ល្បែងភ្នាល់អំពីនយោបាយ។
អ្នកជំនួញនេះក៏បានទម្លាយឱ្យដឹងថា ខ្លួនបាននិយាយគ្នាជាមួយនឹងអ្នកគ្រប់គ្រងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Trump ផងដែរ។ បើសិនជាការព្យាកររបស់លោកត្រឹមត្រូវ លោកនឹងទទួលបាន11.5លានផោន (ជិត15លានដុល្លារអាមេរិក) ត្រលប់មកវិញ។
យោងតាមម្ចាស់វង់ល្បែង Ladbrokes នៅអង់គ្លេស ការចាក់ភ្នាល់ចំនួនបីក្នុងចំណោមការចាក់ភ្នាល់ធំៗចំនួនបួនក្នុងសប្ដាហ៍កន្លង គឺសុទ្ធតែគិតថា លោក Trump នឹងជាប់ឆ្នោត។ Jessica O’Reilly ដែលជាតំណាងរបស់ក្រុមហ៊ុនវង់ល្បែង Ladbrokes ឱ្យដឹងថា ទោះជាលោក Biden កំពុងតែនាំមុខនៅក្នុងការស្ទង់មតិនានា ប៉ុន្តែ អតិថិជនរបស់ពួកគេនៅតែចាក់ភ្នាល់ទៅលើលោក Trump។
មុននេះ សារព័ត៌មាន CNN បានចេញផ្សាយថា នៅលើទំព័រ Betfair Exchange មានមនុស្សម្នាក់បានចាក់ភ្នាល់1លានផោន (1.29លានដុល្លារអាមេរិក) ទៅលើបេក្ខភាពមកពីបក្សប្រជាធិបតី Joe Biden ក្លាយជាប្រធានាធិបតីអាមេរិក។ ការចាក់ភ្នាល់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី29តុលា ប៉ុន្តែអត្តសញ្ញាណរបស់មនុស្សនេះនៅតែត្រូវបានគេរក្សាការសម្ងាត់។ បើសិនជាឈ្នះ អ្នកភ្នាល់រូបនេះនឹងទទួលបានប្រាក់ចំណេញ 540,000ផោន (697,626ដុល្លារអាមេរិក) ទន្ទឺមនឹងការទទួលបានសំណងជាប្រាក់ដើមរបស់ខ្លួនត្រលប់មកវិញ។
ជនជាតិអាមេរិកាំងមិនត្រូវបានអនុញ្ញាតឱ្យលេងល្បែងភ្នាល់ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីនោះទេ។ ប៉ុន្តែ នៅប្រទេសអង់គ្លេសវិញ ការបោះឆ្នោតប្រធានាធិបតីអាមេរិក កំពុងតែក្លាយជាព្រឹត្តិការណ៍ចាក់ភ្នាល់ធំជាងគេមិនធ្លាប់មានពីមុនមក៕
ប្រភព៖ DailyMail/CNN