លោក Joe Biden បន្តនាំមុខគេនៅក្នុងការស្ទង់មតិនានានៅទូទាំងប្រទេស រួមទាំងបណ្ដាតំបន់សំខាន់ៗនៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែលោក Donald Trump វិញ ក៏បានអះអាងថា លោកនឹងជាប់ឆ្នោតម្ដងទៀត។
លទ្ធផលមធ្យមភាគនៃការស្ទង់មតិនានានៅទូទាំងសហរដ្ឋអាមេរិកដែលត្រូវបានចុះផ្សាយដោយ RealClearPolitics (RCP) ក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការរកសំឡេងឆ្នោត បានបង្ហាញថា បេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden កំពុងទទួលបានការគាំទ្រដល់ទៅ50.7% ខ្ពស់ជាង6.8% បើធៀបនឹងតួលេខគាំទ្រត្រឹម43.9% របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ RCP ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ2000 គឺជាគេហទំព័រគួរជាទីទុកចិត្ត ស្ដីអំពីព័ត៌មាននយោបាយ និងមានជំនាញខាងប្រមូលទិន្នន័យស្ទង់មតិនៅសហរដ្ឋអាមេរិក។
លទ្ធផលនៃការស្ទង់មតិរបស់ RCP ក៏ស្រដៀងទៅនឹងគេហទំព័រស្ទង់មតិលំដាប់កំពូលៗផ្សេងទៀត ដូចជា FiveThirtyEight ជាដើម ដោយក្នុងនោះបានបង្ហាញថា លោក Biden កំពុងនាំមុខលោក Trump ដល់ទៅ8.4% នៅទូទាំងប្រទេស។
តួលេខនៃការនាំមុខទូទាំងប្រទេសរបស់លោក Biden ខ្ពស់ជាងជាងទ្វេដងបើធៀបនឹង Hillary Clinton ដែលជាបេក្ខភាពប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យកាលពីឆ្នាំ2016។ នៅក្នុងបណ្ដារដ្ឋជាយុទ្ធសាស្ត្រ អតីតអនុប្រធានាធិបតីអាមេរិក Joe Biden ក៏ទំនងជាកំពុងតែមានប្រៀបជាងលោក Donald Trump ផងដែរ។
យោងតាម RCP នៅក្នុងរដ្ឋ Florida លោក Biden កំពុងនាំមុខលោក Trump 1.7%។ ការស្ទង់មតិរបស់សាកលវិទ្យាល័យ Siena/New York Times បានបង្ហាញថា អត្រានៃការគាំទ្រលោក Biden ខ្ពស់ជាងលោក Trump 3% ប៉ុន្តែការស្ទង់មតិរបស់ Washington Post/ABC News បែរជាបង្ហាញថា លោក Trump កំពុងនាំមុខគូប្រជែងចំនួន2%។
រដ្ឋ Florida ដែលមានតំណាងម្ចាស់ឆ្នោត29នាក់ ត្រូវបានគេចាត់ទុកថា ជា “ឧបករណ៍វាស់ស្ទង់” ដ៏គួរទុកចិត្តនៅក្នុងការបោះឆ្នោតកាលពីពេលកន្លេងទៅថ្មីៗនេះ។ នៅពេលបេក្ខភាពណាមួយទទួលបានសំឡេងឆ្នោតនាំមុខនៅក្នុងរដ្ឋនេះ បេក្ខភាពនោះតែងតែជាប់ឆ្នោតជាប្រធានាធិបតី។ លោក Trump ធ្លាប់ទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ2016នៅទីនេះ។
Pennsylvania ជាកន្លែងដែលមានតំណាងម្ចាស់ឆ្នោត20នាក់ លោក Biden ក៏កំពុងនាំមុខលោក Trump 2.9% នេះបើតាមលទ្ធផលនៃការស្ទង់មតិរបស់ RCP។ ប្រធានាធិបតី Trump ក៏បានជាប់ឆ្នោតនៅក្នុងរដ្ឋនេះកាលពីឆ្នាំ2016 ដោយទទួលបានការគាំទ្រខ្ពស់ជាងគូប្រជែង0.7%។
ចំណែក Michigan និង Wisconsin គឺជារដ្ឋដែលលោក Trump ធ្លាប់បាននាំមុខក្នុងការបោះឆ្នោតឆ្នាំ2016 ប៉ុន្តែពេលនេះ លទ្ធផលស្ទង់មតិរបស់ RCP បង្ហាញថា លោក Trump កំពុងនៅពីក្រោមលោក Biden។
យ៉ាងណាក៏ដោយ លោក Trump យល់ថា លទ្ធផលនៃការស្ទង់មតិដែលមិនអំណោយផលដល់រូបលោក គឺសុទ្ធតែ “មិនត្រឹមត្រូវ” ហើយថា លោកនឹងជាប់ឆ្នោតជាថ្មី។ ការបោះឆ្នោតកាលពីឆ្នាំ2016 បានបង្ហាញថា លទ្ធផលនៃការស្ទង់មតិនានាកាលពី4ឆ្នាំមុន បានត្រូវជាមួយនឹងលទ្ធផលនៃការបោះឆ្នោតទូទៅ ប៉ុន្តែ លោកស្រី Clinton បានចាញ់លោក Trump ដោយសារតែសន្លឹកឆ្នោតដែលបានមកពីក្រុមអ្នកតំណាងម្ចាស់ឆ្នោត មានចំនួនតិចជាង៕
ប្រភព៖ AFP