ក្រុមទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍កាលពីថ្ងៃចន្ទ(ទី26តុលា) ថា អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហើបឱ្យដឹងថា រដ្ឋបាលចិន មានមតិឯកភាព ឱ្យដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចទៅលើក្រុមហ៊ុន និងបុគ្គលណាដែលពាក់ព័ន្ធនឹងការលក់អាវុធឱ្យទៅប្រទេសតៃវ៉ាន់។
របាយការណ៍ បានសន្និដ្ឋានថា ក្រុមហ៊ុនដែលនឹងរងផលប៉ះពាល់ពីវិធានការនេះ មានក្រុមហ៊ុន “បូអ៊ីង” អ្នកផលិតអាកាសយានដ៏ធំសម្បើមរបស់សហរដ្ឋអាមេរិក, “ឡក់ហ៊ីត ម៉ាទីន” ក្រុមហ៊ុនផលិតអាវុធយុទ្ធោបករណ៍ដ៏ល្បីល្បាញរបស់អាមេរិក និង “រ៉េយ៍ធៀន” មហាយក្សខាងវិស្វកម្ម អាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងថា “វិធានការទាំងនោះ ធ្វើឡើងដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ចិន”។
យ៉ាងណាក៏ដោយ រដ្ឋបាលចិន នៅតែបដិសេធក្នុងការផ្ដល់ទិន្នន័យច្បាស់លាស់ ពាក់ព័ន្ធនឹងបញ្ជីឈ្មោះរបស់ស្ថាប័ន និងបុគ្គលដែលស្ថិតនៅក្នុងបញ្ជីខ្មៅលើកនេះ។
កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក ទើបតែអនុម័តការលក់ប្រព័ន្ធអាវុធទៅឱ្យប្រទេសតៃវ៉ាន់ ដែលមានតម្លៃសរុបប្រមាណជា 1,800លានដុល្លារ។
ចិន បានប្រកាន់ខ្ជាប់ថា តៃវ៉ាន់ គឺគ្រាន់តែជា “មណ្ឌលក្បត់” មួយ ដែលត្រូវតែបង្រួបបង្រួមចូលមកនៅក្រោមការគ្រប់គ្រងរបស់ចិនដីគោកនៅថ្ងៃណាមួយឱ្យបាន ទោះជាត្រូវប្រើកម្លាំងយោធាក៏ដោយ ក្នុងខណៈដែលសហរដ្ឋអាមេរិកខ្លួនឯង ក៏សម្លឹងមើលតៃវ៉ាន់ ថាជាភាគហ៊ុនប្រជាធិបតេយ្យដ៏សំខាន់មួយ និងមានករណីពាក់ព័ន្ធតាមច្បាប់ ដែលនឹងត្រូវតែជួយក្រុងថៃប៉ិ ឱ្យអាចការពារខ្លួនឯងឱ្យបាន។
ក្រសួងការបរទេសចិន បានចេញមកព្រមានកាលពីសប្ដាហ៍មុនថា ការដែលសហរដ្ឋអាមេរិក លក់អាវុធឱ្យតៃវ៉ាន់ អាចរាប់បានថាជាការរុករានអធិបតេយ្យភាព និងផលប្រយោជន៍ផ្នែកសន្តិសុខរបស់ចិនយ៉ាងខ្លាំងក្លា និងទាមទារឱ្យសហរដ្ឋអាមេរិក ពិចារណាផែនការទាំងនោះឡើងវិញ បើមិនដូច្នោះទេ ក្រុងប៉េកាំងនឹង “ប្រើវិធានការឆ្លើយតបវិញ ដែលត្រឹមត្រូវ និងចាំបាច់ទៅតាមស្ថានការណ៍”៕
ប្រភព៖ សារព័ត៌មានបរទេស