ពលរដ្ឋអាមេរិកាំងចំនួន61.3លាននាក់ បានទៅបោះឆ្នោតមុនកាលកំណត់ ដែលតួលេខនេះជិតស្មើនឹងពាក់កណ្ដាលនៃចំនួនសន្លឹកឆ្នោតដែលបានបោះកាលពីឆ្នាំ2016 បើទោះថ្ងៃបោះឆ្នោត (3វិច្ឆិកា) នៅសល់ជាង1សប្ដាហ៍ទៀត។
អង្គភាពគ្រប់គ្រងគម្រោងបោះឆ្នោតនៃសាកលវិទ្យា Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី26តុលាបានឱ្យដឹងថា អត្រានៃអ្នកបានទៅបោះឆ្នោតមុនកាលកំណត់ មានការកើនឡើងខ្ពស់នៅក្នុងបណ្ដារដ្ឋជាយុទ្ធសាស្ត្រ រួមមាន Florida, Georgia និង North Carolina ជាមួយនឹងតួលេខនៃការបោះឆ្នោត ដែលរាប់ជាលំដាប់លំដោយគឺ 62.8%, 66.1% និង 66.5%។
ការបោះឆ្នោតផ្ទាល់មុនកាលកំណត់ គឺជារឿងថ្មីសម្រាប់រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ក្នុងនោះមានរដ្ឋ New York ជាដើម។ ក៏ប៉ុន្តែ ដោយសារតែមានការបារម្ភចំពោះCovid-19 ពលរដ្ឋនៅ New York ក៏នាំគ្នាទៅបោះឆ្នោតមុនកាលកំណត់ នាំឱ្យតួលេខអ្នកទៅបោះឆ្នោតនៅទីនេះ មានប្រមាណ5.4% បើធៀបនឹងចំនួនសន្លឹកឆ្នោតនៅទូទាំងរដ្ឋ New York កាលពីឆ្នាំ2016។
ក្រុមអ្នកជំនាញបានព្យាករថា ការបោះឆ្នោតអាណត្តិនេះ នឹងទាក់ទាញអ្នកទៅបោះឆ្នោតប្រហែល150លាននាក់ ស្មើនឹង65%នៃម្ចាស់ឆ្នោតស្របច្បាប់សរុប ដែលនេះគឺជាអត្រាខ្ពស់មិនធ្លាប់មានក្នុងអំឡុងពេលជាង100ឆ្នាំកន្លងទៅនេះ។
បក្សប្រជាធិបតីនៅតែបន្តនាំមុខក្នុងការបោះឆ្នោតមុនកាលកំណត់ ប៉ុន្តែ បក្សសាធារណរដ្ឋក៏កំពុងតែបង្រួញគម្លាតនេះជាបណ្ដើរៗហើយ។ អ្នកគាំទ្របក្សសាធារណរដ្ឋក៏តែងតែចូលចិត្តបោះឆ្នោតផ្ទាល់នៅក្នុងថ្ងៃបោះឆ្នោតចុងក្រោយ ដែលនេះនឹងអាចធ្វើឱ្យលទ្ធផលមានការប្រែប្រួលនាពេលខាងមុខ។
ការប្រជែងដណ្ដើមកាន់កាប់សេតវិមាន បានឈានចូលដល់ដំណាក់កាលចុងក្រោយ ហើយបេក្ខភាព Trump និង Biden បានបញ្ចប់ការជជែកតតាំងគ្នាលើកចុងក្រោយដើម្បីបង្ហាញអំពីការយល់ឃើញរៀងៗខ្លួន ក្នុងបំណងទាក់ទាញការគាំទ្រពីសំណាក់ម្ចាស់ឆ្នោត៕
ប្រភព៖ SCMP