ភូមិ Santo Stefano di Sessanio សង្ឃឹមថា ខ្ទង់ជំនួយដែលមានទំហំជាទឹកប្រាក់ឡើងដល់ 44,000អឺរ៉ូ (ជាង52,000ដុល្លារអាមេរិក) នឹងអាចទាក់ទាញយុវវ័យចូលមករស់នៅ និងបង្កើតមុខរបរនៅទីនេះកាន់តែច្រើន។
Santo Stefano di Sessanio ដែលស្ថិតនៅក្នុងតំបន់ Abruzzo ភាគអាគ្នេយ៍នៃប្រទេសអ៊ីតាលី កាលពីសប្ដាហ៍មុនបានបង្ហោះសារលម្អិតស្ដីអំពីគម្រោងខាងលើ នៅលើគេហទំព័ររបស់ក្រុមប្រឹក្សាមូលដ្ឋាន។ សារនេះបានឱ្យដឹងថា បច្ចុប្បន្ន Santo Stefano di Sessanio មានប្រជាជនត្រឹមតែ115នាក់ប៉ុណ្ណោះ ហើយក្នុងនោះមាន41នាក់មានវ័យលើសពី65ឆ្នាំ និងមានតែ13នាក់ប៉ុណ្ណោះដែលមានវ័យក្រោម20ឆ្នាំ។
ដូច្នេះ ក្រុមប្រឹក្សាភូមិយល់ថា ពួកគេ “ចាំបាច់” ត្រូវតែធ្វើអ្វីមួយដើម្បីធានាឱ្យបាននូវ “ការរីកចម្រើនប្រកបដោយស្ថិរភាព និងយូរអង្វែង” របស់ភូមិនេះ។ ដើម្បីទាក់ទាញអ្នកចំណូលថ្មី ក្រុមប្រឹក្សាភូមិក៏បានលើកជាយោបល់ដ៏អស្ចារ្យមួយ នោះគឺ “ផ្ដល់ជំនួយ8,000អឺរ៉ូ/ឆ្នាំ រយៈពេល3ឆ្នាំ សម្រាប់មនុស្សម្នាក់ ដោយទូទាត់ប្រចាំខែ។ ជាងនេះ ភូមិខាងលើក៏នឹងផ្ដល់ជំនួយ20,000អឺរ៉ូបន្ថែមទៀត ក្នុងករណីដែលអ្នកចំណូលថ្មីបើកអាជីវកម្មនៅទីនេះ។
អ្នកចំណូលថ្មីក៏នឹងទទួលបានកន្លែងស្នាក់នៅ ហើយគ្រាន់តែបង់ប្រាក់ឈ្នួលជាទម្រង់តំណាងតែប៉ុណ្ណោះ។ ក្រុមប្រឹក្សាភូមិក៏បានបញ្ជាក់ថា អ្នកដែលចូលរួមកម្មវិធីនេះ ត្រូវតែមានអាយុចាប់ពី18ដល់40ឆ្នាំ។
អ្នកចំណូលថ្មីទាំងនោះ អាចជាពលរដ្ឋអ៊ីតាលីដែលមកពីតំបន់ផ្សេងៗ ប៉ុន្តែភូមិទាំងនោះត្រូវតែមានប្រជាជនមិនក្រោម2,000នាក់។ ពួកគេក៏អាចជាប្រជាជននៅក្នុងសហភាពអឺរ៉ុប ឬមកពីខាងក្រៅ ប៉ុន្តែត្រូវតែជាពលរដ្ឋដែលមានសិទ្ធរស់នៅយូរអង្វែង។
បន្ទាប់ពីទទួលបានការយល់ព្រម អ្នកចំណូលថ្មីត្រូវតែស្នាក់នៅក្នុងភូមិ Santo Stefano នេះឱ្យបានយ៉ាងតិច5ឆ្នាំ និងរកស៊ីនៅក្នុងភូមិនេះ។ ប៉ុន្តែ វិស័យជំនួញត្រូវតែស្ថិតក្នុងបញ្ជីអាទិភាពរបស់ក្រុមប្រឹក្សាភូមិ ក្នុងនោះមានដូចជាវិស័យទេសចរណ៍ កីឡា វប្បធម៌ សេវាកម្មសម្អាតនិងអនាម័យ គ្រប់គ្រងឱសថ ទីផ្សារ និងជួញដូរស្បៀងអាហារ។
ភូមិ Santo Stefano បានបញ្ជាក់ថា សេចក្ដីប្រកាសស្វែងរកអ្នកចំណូលថ្មីនេះ នឹងទទួលពាក្យស្នើសុំចូលមករស់នៅ រហូតដល់ថ្ងៃទី15វិច្ឆិកា2020៕
ប្រភព៖ CNBC