បណ្ដាទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍កាលពីថ្ងៃទី23 តុលា ថា HUAWEI ក្រុមហ៊ុនដ៏ធំសម្បើមផ្នែកតិចណូឡូជីរបស់ចិន បានបង្ហើបឱ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងត្រីមាសទី3 ឆ្នាំ2020 នេះបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ដោយសារការរារាំងរបស់សហរដ្ឋអាមេរិក។
របាយការណ៍បានបញ្ជាក់ថា ក្នុងអំឡុង 9ខែ នៃឆ្នាំ2020នេះ HUAWEI មានចំណូល 6.713សែនលានយន់ ឬប្រមាណជា 1សែនលានដុល្លារគិតជាអត្រាការកើនឡើង បានត្រឹមតែ 9.9% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ HUAWEIមានអត្រាកើនឡើងដល់ទៅ 24.4%។
ក្នុងត្រីមាសទី3 HUAWEI មានចំណូលសរុប 2.173សែនលានយន់ ឬប្រមាណជាង 3ម៉ឺនលានដុល្លារ កើនឡើងបានត្រឹមតែ 3.7%ប៉ុណ្ណោះ។
HUAWEI បានបញ្ជាក់ថា ខ្សែចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន ស្ថិតក្នុងសភាវមានសម្ពាធយ៉ាងខ្លាំង ក្រៅពីនេះ ផ្នែកផលិតកម្ម ក៏ជួបប្រទះនឹងឧបសគ្គដែលច្រើនឡើងផងដែរ តែទាំងអស់នេះ ក្រុមហ៊ុននឹងព្យាយាមរិះរកវិធីដើម្បីទ្រទ្រង់ និងឈានឆ្ពោះទៅខាងមុខជាបន្តទៅទៀត។
កាលពីពេលមុននេះ សហរដ្ឋអាមេរិក បានដាក់ HUAWEI ចូលក្នុងបញ្ជីខ្មៅ និងចេញបញ្ជា ដែលកំណត់ឱ្យបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់សូហ្វវែរ និងឧបករណ៍ការផលិតរបស់ខ្លួន ផ្អាកដំណើរការធុរកិច្ចជាមួយ HUAWEI ដោយមិនបានទទួលការអនុញ្ញាត ដោយសំអាងថា អាចនឹងធ្វើឱ្យមានភាពប្រថុយប្រថានចំពោះសន្តិសុខជាតិ ក្រោយពីចិន និងអាមេរិក បានបញ្ឆេះសង្គ្រាមពាណិជ្ជកម្ម ដែលមានដើមហេតុមកពីចំណុចវិវាទខាងផ្នែកតិចណូឡូជីយូរអង្វែងមកហើយ តាំងពីឆ្នាំ2018។
វិធានការទាំងនោះ បានបង្ខំឱ្យ Google ត្រូវកាត់ផ្ដាច់សម្ព័ន្ធភាពជាមួយ HUAWEI ធ្វើឱ្យស្មាតហ្វូនស៊េរីថ្មីរបស់ HUAWEI មិនអាចប្រើសូហ្វវែរមួយចំនួនរបស់ហ្គូហ្គលបាន បណ្ដាលឱ្យប៉ះពាល់ដោយផ្ទាល់ ដល់ការលក់ផលិតផលរបស់ HUAWEI។
ក្រៅពីនេះ សហរដ្ឋអាមេរិក នៅបានដាក់សម្ពាធទៅលើក្រុមហ៊ុនផ្គត់ផ្គង់ឈីបទូទាំងពិភពលោកទៀតផង ធ្វើឱ្យ HUAWEI មិនអាចទំនាក់ទំនងបានជាមួយក្រុមហ៊ុនផលិតឈីបសិត ដូចជា គិរីន ដែលជាគ្រឿងផ្គុំដ៏សំខាន់របស់ស្មាតហ្វូនតទៅទៀតបាន៕
ប្រភព៖ សារព័ត៌មានបរទេស