Donald Trump Jr. បានបង្ហោះរូបថតមួយសន្លឹកដែលមានរូបលោក កំពុងឈរក្បែរផ្ទាំងបដាធំមួយដែលសរសេរថា “Don Jr 2024” ដែលនេះបានធ្វើឱ្យមានការសង្ស័យថា លោកប្រហែលជានឹងឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅអាណត្តិក្រោយ។
“នេះគឺជាផ្ទាំងបដាមួយដែលខ្ញុំបានឃើញនៅក្នុងព្រឹត្តិការណ៍ដេញថ្លៃសត្វចញ្ចឹម Fallon Nevada។ ប្រការនេះនឹងនាំឱ្យអ្នកគាំទ្រត្រូវឈឺក្បាល។ ខ្ញុំសូមអនុញ្ញាតផ្ញើការអរគុណដល់អ្នកដែលបានធ្វើបដានេះ។ ប៉ុន្តែ ជាដំបូង ចូររួមដៃគ្នាដើម្បីដណ្ដើមជោគជ័យនៅក្នុងឆ្នាំ2020នេះសិន!!!” លោក Trump Jr. ដែលជាកូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិក Donald Trump បានបង្ហោះរូបថតអមនឹងសារយ៉ាងដូច្នេះ។
បើទោះជាស្និទ្ធស្នាលនឹងឪពុក ប៉ុន្តែ លោក Trump Jr. មិនមានតួនាទីជាផ្លូវការណាមួយនៅសេតវិមាននោះទេ ប៉ុន្តែ លោកធ្វើសកម្មភាពដូចទៅនឹងអ្នកតំណាងនៅខាងក្រៅ ដើម្បីជួយទាក់ទាញអ្នកគាំទ្រឱ្យឪពុករបស់ខ្លួននៅលើបណ្ដាញសង្គម។
កន្លងមក លោក Trump Jr. ធ្លាប់បានបង្ហើបអំពីបំណងឈរឈ្មោះជាអភិបាលក្រុង New York។ ក៏ប៉ុន្តែ ប្រធានាធិបតី Trump បានបដិសេធលទ្ធភាពនេះ។ កាលពីខែមុន លោក Trump បានប្រាប់សារព័ត៌មាន Fox Business ថា៖ “វាមិនអាចដណ្ដើមបានជោគជ័យក្នុងនាមជាសមាជិកបក្សសាធារណរដ្ឋនោះទេ មិនមានឱកាសសោះឡើយ”។
លោក Trump Jr. ត្រូវបានគេសង្កេតឃើញថា ជាមនុស្សសកម្មក្នុងការជួយជ្រោមជ្រែកឪពុក។ គាត់តែងមានទំនាក់ទំនងល្អជាមួយអ្នកគាំទ្ររបស់លោក Trump។ ក្នុងព្រឹត្តិការណ៍នានា លោក Trump Jr. ក៏តែងទទួលបានការស្វាគមន៍ពីអ្នកគាំទ្រ ដែលហាក់ចាត់ទុកលោក ជាមេដឹកនាំមួយរូបដែលអាចជំនួសឪពុកបាននាពេលអនាគត៕
ប្រភព៖ NYPost