Skip to content

Putin ថា ​សម្ព័ន្ធ​​មិត្ត​​យោធា​​រុស្ស៊ី​-​ចិន​ ​នឹង​​អាច​​កើត​​មាន​ឡើង​​ក្នុង​​ពេល​​ខាង​មុខ

ប្រធានាធិបតី​ប្រទេស​រុស្ស៊ី លោក Putin យល់​ថា សម្ព័ន្ធ​មិត្ត​យោធា​រវាង​រុស្ស៊ី​និង​ចិន​ អាច​កើត​មាន​ឡើង​ក្នុង​ពេល​អនាគត នៅ​ពេល​ដែល​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​2 ជាមួយ​នឹង​​សហរដ្ឋ​អាមេរិក បាន​កើន​ឡើង​ខ្ពស់​។

“បច្ចុប្បន្ន យើង​មិន​ទាន់​ត្រូវ​ការ​វា​ទេ ប៉ុន្តែ ជា​ទ្រឹស្ដី ការ​ដែល​ស្រមៃ​អំពី​ទំនាក់​ទំនង​ជា​សម្ព័ន្ធ​មិត្ត​បែប​នេះ គឺពិត​ជា​អាច​កើត​មាន​ឡើង​” ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​អំពី​លទ្ធភាព​នៃការ​បង្កើត​សម្ព័ន្ធ​មិត្ត​យោធា​រវាង​ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​ប៉េកាំង​ នៅ​ក្នុងកិច្ច​ប្រជុំ​តាម​រយៈ​វីដេអូ​មួយ​ជាមួយ​នឹង​ក្រុម​អ្នកជំនាញ​ផ្នែក​គោលនយោបាយ​ការ​បរទេស​អន្តរ​ជាតិ​កាល​ពី​ថ្ងៃទី​22​តុលា​។

ក្រុម​អ្នក​តាម​ដាន​សភាព​ការណ៍​នយោបាយ​យល់​ថា ការ​ប្រកាស​របស់​លោក Putin គឺជា​សញ្ញា​ដែល​បង្ហាញ​ថា ទំនាក់​​ទំនង​រវាង​រុស្ស៊ី-ចិន នឹង​កាន់​តែ​ស្និទ្ធ​ស្នាល​ ក្នុង​គ្រា​ដែល​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​2​ ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ កំពុង​តែ​ឡើង​កម្ដៅ​។

ប្រទេស​រុស្ស៊ី និង​ចិន តែង​តែ​សរសើរ​ចំពោះ​ “ទំនាក់​ទំនង​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​” រវាង​ប្រទេស​ទាំង2 ក៏ប៉ុន្តែ​ មក​ដល់​ពេល​​នេះ​ នៅ​តែ​ច្រាន​ចោល​រាល់​ការ​ចរចា​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​សម្ព័ន្ធ​មិត្ត​យោធា​។

រុស្ស៊ី​ និង​ចិន បាន​ព្យាយាម​ស្វែង​រក​វិធី​ដើម្បី​ “ចាប់​ដៃ​គ្នា​ក្នុង​បំណង​​​បង្កើត​ភាព​កក់ក្ដៅ” នៅ​ពេល​ទំនាក់​ទំនង​រវាង​ទីក្រុង​ម៉ូស្គូ​ ជាមួយ​នឹង​បណ្ដា​ប្រទេស​លោក​ខាងលិច​ បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ ក្រោយ​សង្គ្រាម​ត្រជាក់​ ដោយ​សារ​កត្តា​​មួយ​ចំនួន​ ដូច​ជា​ បញ្ហា​រុស្ស៊ី​រឹប​អូស​យក​តំបន់​ Crimea ការ​ចោទ​ប្រកាន់​ថារុស្ស៊ី​បាន​​លូក​ដៃ​ចូល​ក្នុង​កិច្ច​ការ​បោះ​ឆ្នោត​​ឆ្នាំ​2016​នៅ​អាមេរិក។ល។ ចំណែក​ទីក្រុង​ប៉េកាំង​វិញ ក៏​កំពុង​តែ​ប្រឈម​មុខ​​​ដាក់​គ្នា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នៅក្នុង​វិស័យ​ជា​ច្រើន​ រាប់​ចាប់​ពី​ សង្គ្រាម​ពាណិជ្ជ​កម្ម បច្ចេក​វិទ្យា​ រហូត​ដល់​បញ្ហា​​នៅ​តំបន់​ Xinjiang បញ្ហា​ហុង​កុង បញ្ហា​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ដើម​៕

ប្រភព៖ AP

Leave a Reply

Your email address will not be published. Required fields are marked *