យានអវកាស OSIRIS-REx របស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានចុះចតក្នុងរយៈពេល16វិនាទី នៅលើផ្ទៃរបស់ Bennu ដែលជាអាចម៍ផ្កាយមួយដែលបានកកើតតាំងពីសម័យដំបូងនៃការចាប់កំណើតរបស់ប្រព័ន្ធព្រះអាទិត្យ។
NASA បានទទួលជោគជ័យក្នុងបេសកកម្មបញ្ជូនយានអវកាសទៅចុះចតលើអាចម៍ផ្កាយមួយដែលមានចម្ងាយ322លានគីឡូម៉ែត្រពីផែនដី។ យានអវកាស OSIRIS-REx បានប្រមូលយកសំណាកដីពីផ្ទៃអាចម៍ផ្កាយ Bennu ដោយប្រើដៃយន្តរបស់វា។
អាចម៍ផ្កាយ Bennu គឺជាបណ្ដុំនៃបំណែកថ្មនៅទីអវកាសដ៏សែនឆ្ងាយ និងមានកម្ពស់ស្មើនឹងអគារ Empire State នៅទីក្រុង New York នៃសហរដ្ឋអាមេរិក។
អង្គការ NASA បានចែករំលែកឱ្យដឹងអំពីសកម្មភាពដែលបានកើតឡើងនៅក្នុងពេល OSIRIS-REx បានចុះចត និងប្រមូលសំណាកដីនៅលើអាចម៍ផ្កាយ Bennu នេះ។
ដោយសារតែការបញ្ជូននិងការទទួលទិន្នន័យរវាងឧបករណ៍នៅលើផែនដីជាមួយនឹងយានអវកាស OSIRIS-REx នៅលើអាចម៍ផ្កាយ Bennu យឺតជាងធម្មតា18.5នាទី ទើបបេសកកម្មនេះត្រូវបានគេកំណត់ឱ្យ OSIRIS-REx ធ្វើការដោយស្វ័យប្រវត្តិ ទៅតាមកម្មវិធីកុំព្យូទ័រ។
OSIRIS-REx បានចុះចតលើផ្ទៃអាចម៍ផ្កាយនេះក្នុងរយៈពេលត្រឹមតែ16វិនាទីប៉ុណ្ណោះ។ បេសកកម្មនេះ ចំណាយពេល4ម៉ោងកន្លះ ប៉ុន្តែ រហូតដល់ឆ្នាំ2023 ទើបយាន OSIRIS-REx នាំយកដីរបស់អាចម៍ផ្កាយនេះត្រលប់មកកាន់ផែនដី។
សំណាក់ដីដែលយកមកពីអាចម៍ផ្កាយ Bennu នឹងជួយឱ្យអ្នកវិទ្យាសាស្ត្រយល់ច្បាស់អំពីដំណើរការនៃការកកើតរបស់ភពនានា និងសភាវមានជីវិត៕
ប្រភព៖ CNN