នៅកណ្ដាលតំបន់ទឹកជំនន់ ទឹកបានជន់លិចស្ទើរដល់ដំបូលផ្ទះរបស់ប្រជាជនគ្រប់គ្នា ប៉ុន្តែ ដោយសារ “ផ្ទះពោង” ទើបពលរដ្ឋវៀតណាមនៅតំបន់ Tan Hoa នៃខេត្ត Quang Binh មិនចាំបាច់ជម្លៀសខ្លួន ឬរើទៅនៅទីទួលសុវត្ថិភាព ព្រោះថា ផ្ទះនឹងចេះតែអណ្ដែតឡើងលើ ទៅតាមកម្ពស់របស់ទឹកជំនន់។
នៅក្នុងរយៈពេលច្រើនថ្ងៃកន្លងទៅ ជំនន់ទឹកភ្លៀងបានជន់លិចផ្ទះរាប់សែនខ្នងរបស់ប្រជាជននៅក្នុងខេត្ត Quang Binh ប្រទេសវៀតណាម ពិសេសទឹកជំនន់នេះបានកើនឡើងខ្ពស់ជាងគ្រោះទឹកជំនន់ប្រវត្តិសាស្ត្រនៅវៀតណាមកាលពីឆ្នាំ1979ទៅទៀត។
នៅស្ទើរគ្រប់ទីកន្លែង ទឹកបានជន់លិចដល់ដំបូលផ្ទះ ពលរដ្ឋត្រូវរើ ឬចោះដំបូងផ្ទះដើម្បីអាចឡើងទៅលើក្នុងបំណងស្រែកសុំជំនួយជាបន្ទាន់ ឬជម្លៀសគ្រួសារចេញពីផ្ទះ ទៅរកទីទួលសុវត្ថិភាព។
ក៏ប៉ុន្តែ មកដល់បច្ចុប្បន្ន បញ្ហាទាំងនោះហាក់លែងកើតឡើងទៀងហើយ ពិសេសគឺនៅក្នុងតំបន់ Tan Hoa ស្រុក Minh Hoa ខេត្ត Quang Binh ភាគកណ្ដាលនៃប្រទេសវៀតណាម បើទោះជាទឹកជំនន់នៅតែបន្តជន់លិច ព្រោះថា ពលរដ្ឋនៅទីនេះនាំគ្នាច្នៃសង់ផ្ទះបណ្ដែតទឹកដែលអាចទប់ទល់នឹងជំនន់ទឹកភ្លៀងបានយ៉ាងល្អ។
អាជ្ញាធរនៅក្នុងតំបន់ Tan Hoa បានឱ្យដឹងថា ពលរដ្ឋក្នុងតំបន់នេះលែងព្រួយបារម្ភខ្លាំងដូចមុនទៀតហើយ។ ដោយសារមាន “ផ្ទះពោង” បណ្ដែតទឹកចំនួន540ខ្នង ពលរដ្ឋនៅតែអាចមានសុវត្ថិភាពដោយមិនចាំបាច់ជម្លៀសគ្រួសារចេញពីតំបន់ទឹកជំនន់នេះ។
ពលរដ្ឋក្នុងតំបន់ខាងលើបានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវទឹកជំនន់ ពលរដ្ឋក្នុងឃុំ Tan Hoa តែងតែត្រូវឡើងភ្នំ ឬទីទួលដើម្បីសង់ខ្ទម និងជម្លៀសគ្រួសារចេញពីតំបន់ទឹកជំនន់។ ចំណែកទ្រព្យសម្បត្តិ បើសិនយកមិនទាន់ពេល វានឹងត្រូវលិច ឬត្រូវហូរទៅតាមទឹកជំនន់អស់ជាក់ជាមិនខាន។
មើលឃើញការលំបាកនេះ ពលរដ្ឋនៅ Tan Hoa មានគំនិតដ៏ល្អមួយ នោះគឺការសង់ផ្ទះបណ្ដែតទឹក ដើម្បីអាចរស់នៅជាមួយនឹងទឹកជំនន់បាន។ ផ្ទះបណ្ដែតទឹកនេះត្រូវបានធ្វើឡើងនៅលើធុងសាំងជ័រទទេធំៗចាប់ពី20ដល់30ធុង។ នៅពេលទឹកឡើងខ្ពស់ ធុងទាំងនេះនឹងជួយលើកផ្ទះឱ្យអណ្ដែតទៅតាមកម្ពស់របស់ទឹក។ ដើម្បីអាចរក្សាលំនឹង និងទប់ផ្ទះឱ្យនៅមួយកន្លែង ពលរដ្ឋក៏ច្នៃបង្គោលចំនួន2បន្ថែមទៀត ដោយដាំនៅជ្រុងចំនួន2របស់ផ្ទះ។
ដើម្បីអាចសង់បានផ្ទះអណ្ដែតទឹកដែលមានទំហំចាប់ពី15ទៅ20ម៉ែត្រក្រឡា គេត្រូវចំណាយប្រាក់ចាប់ពី30ទៅ35លានដុង (1,300-1,500ដុល្លារ)។ នៅពេលទឹកជំនន់មកដល់ ផ្ទះបណ្ដែតទឹកនេះនឹងជាកន្លែងជ្រកកោនរបស់សមាជិកគ្រួសារទាំងមូល ដោយវាអាចផ្ទុកមនុស្សបានចាប់ពី8ដល់10នាក់ ព្រមទាំងអាចដាក់សម្ភារប្រើប្រាស់ និងទ្រព្យសម្បត្តិផ្សេងៗ ដូចជាម៉ូតូ ទូរទស្សន៍ ស្បៀងអាហារ។ល។
មិនត្រឹមតែធ្វើផ្ទះបណ្ដែតទឹកសម្រាប់គ្រួសារខ្លួនឯងជ្រកកោននោះទេ ពលរដ្ឋមួយចំនួនក្នុងតំបន់ទឹកលិច Tan Hoa ថែមទាំងមានសេវាសង់ផ្ទះបណ្ដែតទឹកដើម្បីផ្គត់ផ្គង់ដល់គ្រួសារដែលមានតម្រូវការផងដែរ។
ទាក់ទងនឹងគ្រោះទឹកជំនន់នៅវៀតណាម អាជ្ញាធរខេត្ត Quang Binh បានឱ្យដឹងថា ខេត្តនេះមានផ្ទះជាង1សែនខ្នងត្រូវជន់លិច បណ្ដាលឱ្យមានមនុស្សស្លាប់9នាក់ និងរបួស29នាក់។ ចំណែកនៅទូទាំងប្រទេសវិញ ទឹកជំនន់បានសម្លាប់មនុស្សជាង120នាក់ និងរាប់សែននាក់ត្រូវជម្លៀសខ្លួន រាប់ម៉ឺនគ្រួសារត្រូវបាត់បង់ទ្រព្យគ្មានសល់៕
ប្រភព៖ DT