ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្រេចយល់ព្រមលក់កាំជ្រួចរយៈចម្ងាយឆ្ងាយ SLAM-ER ចំនួន135ដើម និងប្រព័ន្ធកាំជ្រួចហ្វូង HIMARS ដែលមានតម្លៃសរុបជិត1.5ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ដើម្បីការពារខ្លួន។
អង្គភាពសហការផ្នែកសន្តិសុខជាតិ (DSCA) នៃមន្ទីរបញ្ចកោណ កាលពីថ្ងៃទី21តុលា បានប្រកាសថា៖ “ក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រេចយល់ព្រមលើកកិច្ចសន្យាលក់កាំជ្រួចរយៈចម្ងាយឆ្ងាយបាញ់ទៅលើដី AGM-84H ចំនួន135ដើម និងឧបករណ៍អមនានា ទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណ1,008ពាន់លានដុល្លារអាមេរិក។ យើងបានបញ្ជូនសេចក្ដីប្រកាសលើកិច្ចសន្យានេះទៅឱ្យសភាអាមេរិករួចហើយ”។
ក្រៅពី AGM-84H ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធ សហរដ្ឋអាមេរិកក៏នឹងប្រគល់មីស៊ីល ATM-84H ចំនួន4ដើម ក្បាលគ្រាប់សម្រាប់ប្រើក្នុងការហ្វឹកហាត់ CATM-84H ចំនួន12គ្រាប់ រួមនឹងគ្រឿងបន្លាស់ ឧបករណ៍ត្រួតនិត្យ និងឯកសារណែនាំផងដែរ។ ទីក្រុងវ៉ាស៊ីងតោនក៏ទទួលខុសត្រូវទៅលើការបណ្ដុះបណ្ដាលទាហាន និងជំនួយផ្នែកបច្ចេកទេស ក្រោយពីបានប្រគល់អាវុធទាំងនេះទៅឱ្យទីក្រុងតៃប៉ិ។
នៅក្នុងសេចក្ដីប្រកាសមួយផ្សេងទៀត DSCA បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកក៏បានយល់ព្រមលក់ប្រព័ន្ធកាំជ្រួចហ្វូងរយៈចម្ងាយឆ្ងាយ M142 HIMARS រួមនឹងសម្ភារអម និងជំនួយផ្នែកបច្ចេកទេសទៅឱ្យតៃវ៉ាន់ ជាមួយនឹងតម្លៃសរុប 436លានដុល្លារអាមេរិក។
សភាសហរដ្ឋអាមេរិកមានពេល30ថ្ងៃ រាប់ចាប់ពីពេលបានទទួលសេចក្ដីប្រកាសពីក្រសួងការបរទេស ដើម្បីធ្វើការពិចារណាថា តើគួររាំងខ្ទប់កិច្ចព្រមព្រៀងលក់អាវុធនេះដែរ ឬអត់។ បើសិនជាមិនមានការជំទាស់ពីសភាជាតិ កិច្ចព្រមព្រៀងនេះនឹងត្រូវបានបញ្ជូនទៅឱ្យប្រធានាធិបតី Donald Trump ដើម្បីចុះហត្ថលេខាចុងក្រោយ។
ក្រសួងការបរទេសចិន និងការិយាល័យតំណាងរបស់តៃវ៉ាន់ ប្រចាំទីក្រុងវ៉ាស៊ីងតោន មិនទាន់មានប្រតិកម្មណាមួយទៅនឹងព័ត៌មានខាងលើនេះនៅឡើយ។
សូមរំឭកថា ប្រទេសចិន តែងចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលរង់ចាំតែថ្ងៃច្របាច់បញ្ចូលគ្នាប៉ុណ្នោះ បើទោះជាត្រូវប្រើកម្លាំងបាយក៏ដោយ។ ចំណែកសហរដ្ឋអាមេរិកវិញ ទោះបីជាទទួលស្គាល់គោលការណ៍ “ប្រទេសចិនតែមួយ” ប៉ុន្តែសហរដ្ឋអាមេរិកនៅតែរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងកំពុងផ្គត់ផ្គង់សព្វាវុធទំនើបៗទៅឱ្យកោះនេះ ក្នុងគ្រាដែលភាពតានតឹងរវាងចិនដីគោក និងចិនតៃវ៉ាន់កំពុងឡើងកម្ដៅខ្លាំង។
ថ្មីៗនេះ ទីក្រុងប៉េកាំង បានបង្កើនសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ ក្នុងពេលដែលទំនាក់ទំនងរវាងអាមេរិក-ចិន កំពុងដាំក្បាលចុះទាបបំផុតក្នុងអំឡុងច្រើនទសវត្សរ៍កន្លងមកនេះ។
កន្លងមក អាមេរិកបានផ្គត់ផ្គង់អាវុធ និងយល់ព្រមលក់អាវុធទំនើបៗជាច្រើនទៅឱ្យកោះតៃវ៉ាន់ ក្នុងនោះមានយន្តហោះចម្បាំង F-16V ចំនួន66គ្រឿង និងរថក្រោះ M1A2 Abrams ចំនួន102គ្រឿង ក្នុងតម្លៃរាប់ពាន់លានដុល្លារអាមេរិក។ ក៏ប៉ុន្តែ មកដល់ពេលនេះ គេមិនទាន់ប្រាកដថា អាមេរិកនឹងចូលទៅជួយតៃវ៉ាន់ដែរ ឬយ៉ាងណានោះទេ បើសិនជាមានករណីវាយប្រហារដោយយោធាពីសំណាក់ទីក្រុងប៉េកាំង។
យ៉ាងនេះក្ដី កាលពីដើមខែតុលា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកាំង លោក Robert O’Brien បានព្រមានថា សហរដ្ឋអាមេរិកប្រឆាំងទៅនឹងការព្យាយាមណាមួយដើម្បីគ្រប់គ្រងលើកោះតៃវ៉ាន់ដោយកម្លាំងបាយ។ លោកក៏បានអំពាវនាវឱ្យតៃវ៉ាន់វិនិយោគបន្ថែមទៀតទៅលើមីស៊ីលរយៈចម្ងាយឆ្ងាយ មីស៊ីលក្រោមទឹក នាវាវាយប្រហាររហ័ស ប្រព័ន្ធរ៉ុកកែតចល័ត និងមធ្យោបាយតាមដានទំនើបដទៃទៀត៕
ប្រភព៖ Sputnik