ជាឃ្លីប ដែលកំពុងត្រូវបានគេចែករំលែកយ៉ាងច្រើននៅក្នុងប្រទេសឥណ្ឌា គឺឃ្លីបដែលលោកគ្រូពេទ្យម្នាក់ នៅក្នុងរដ្ឋអាស់សាម បង្អួតក្បាច់រាំយ៉ាងស្ទាត់ជំនាញ ប្រៀបដូចអ្នករាំអាជីព ដើម្បិឱ្យមិត្តរួមការងារ និងអ្នកជំងឺកូវីដនៅក្នុងមន្ទីរពេទ្យ មានសេចក្ដីសុខ។
លោកគ្រូពេទ្យ អារុព សេនាប៉ាទិ មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ និងមន្ទីរពេទ្យ ស៊ីលឆារ រដ្ឋអាស់សាម ប្រទេសឥណ្ឌា បានក្លាយជាជនល្បីឈ្មោះ ត្រឹមតែ 1រាត្រីប៉ុណ្ណោះ ដោយសារឃ្លីបគួរឱ្យស្ងើចសរសើរ និងអស់សំណើច ខណៈពេលលោកបង្អួតក្បាច់ជើង តាមចង្វាក់បទចម្រៀង Ghungroo ក្នុងខ្សែភាពយន្តរឿង War ក្នុងឯកសណ្ឋានឈុតPPE(ឈុតការពារការឆ្លងជំងឺកូវីដ-19) ដោយក្បាច់រាំ មិនមែនធម្មតាឡើយ។ រអិលទន់ ប្រៀបដូចជាអ្នករាំអាជីព ហើយត្រឹមតែ 1ថ្ងៃប៉ុណ្ណោះ ក្រោយពីមិត្តភក្តិម្នាក់ របស់លោកគ្រូពេទ្យឈ្មោះ សៃអេត ហ្វៃសាន អាម៉ាត់ នាំយកឃ្លីបនេះ ទៅចែករំលែកនៅក្នុងបណ្ដាញសង្គមធ្វីតធើរ ដោយសរសេរថា “លោកគ្រូពេទ្យ អារុព ពេទ្យជំនាញច្រមុះ មាត់ បំពង់ក រាំបង្អួតអ្នកជំងឺកូវីដ ដើម្បីឱ្យពួកគេមានសេចក្ដីសុខ” រួចមក ក៏ស្រាប់តែមានចំនួនចូលទស្សនា ច្រើនដល់ទៅជាង 4លានដង(គិតត្រឹមថ្ងៃទី20តុលា)។
លោកគ្រូពេទ្យពូកែរាំ បាននិយាយថា នៅក្នុងបន្ទប់សម្រាកព្យាបាល មានអ្នកជំងឺមួយចំនួន ជាមួយនឹងក្រុមគ្រូពេទ្យ។ ពួកយើង ប្រចាំការនៅក្នុងបន្ទប់អ្នកជំងឺកូវីដ និងធ្វើការយ៉ាងខ្លាំងក្លា 7ថ្ងៃពេញ។ ថ្ងៃនោះ ជាថ្ងៃចុងក្រោយនៃវេនធ្វើការ មុនពេលដែលពួកយើងនឹងត្រូវបង្ខាំងខ្លួននៅដោយឡែកនៅថ្ងៃបន្ទាប់។ មិត្តភក្តិបានប្រាប់គាត់ ទុកមុនហើយថា នៅក្នុងថ្ងៃចុងក្រោយ គាត់ត្រូវតែរាំ “ពួកគេទាំងអស់គ្នា ហេបភីខ្លាំងណាស់ ខ្ញុំខ្លួនឯង ក៏ចង់ដាស់ស្មារតីពួកគេ…វាជាសប្ដាហ៍ដ៏លំបាកលំបិន ការធ្វើការងារក្នុងឯកសណ្ឋានឈុតPPE មិនមែនជារឿងងាយស្រួលឡើយ…និងទោះជាអត្រាការជាសះស្បើយនៅក្នុងរដ្ឋអាស់សាម ល្អប្រសើរឡើង និងស្ថានការណ៍ជារួម ល្អប្រសើរហើយក៏ដោយ តែសង្គ្រាមមួយនេះ នៅមានតទៅទៀតយូរទម្រាំនឹងចប់… ពួកយើងនៅត្រូវនាំគ្នាធ្វើការរាល់ថ្ងៃ ដើម្បីយកឈ្នះឱ្យបាន”។
សារព័ត៌មាន ឥណ្ឌា អ៊ិចស្ព្រេស បានសរសេរថា លោកគ្រូពេទ្យ អារុព ស្រឡាញ់ការរាំ តាំងពីសម័យនៅរៀនមហាវិទ្យាល័យវេជ្ជសាស្ត្រGauhati ម្ល៉េះ និងធ្លាប់ចូលរួមប្រកួតច្រើនវេទិកាមកហើយ និងទទួលបានរង្វាន់មួយចំនួនទៀតផង។
អ្នកលេងបណ្ដាញសង្គមឥណ្ឌា នាំគ្នាស្ងើចសរសើរលោកគ្រូពេទ្យម្នាក់នេះ និងឆ្លៀតឱកាសថ្លែងអំណរគុណអ្នកប្រយុទ្ធអាវពេទ្យក្នុងសមរភូមិមុខគ្រប់គ្នាម្ដងទៀត ព្រោះស្ថិតក្នុងស្ថានការណ៍តានតឹងបែបនេះ ក៏ពួកលោកនៅតែ ផ្ដល់សេចក្ដីសុខដល់មនុស្សគ្រប់គ្នា។ ខណៈដែល Hrithik Roshan តារាសម្ដែង ម្ចាស់ក្បាច់រាំនៅក្នុងបទចម្រៀងដូចគ្នានោះ បានអត់មិនស្ងើចសរសើរមិនបាន ទាំងការរាំ និងចរិយាធម៌របស់គ្រូពេទ្យ “សូមប្រាប់ទៅលោកគ្រូពេទ្យ អារុព ផងថា ខ្ញុំនឹងរៀនរាំតាមលោកគ្រូពេទ្យ និងរាំឱ្យពូកែដូចលោកគ្រូពេទ្យ នៅថ្ងៃណាមួយឱ្យបាន…អស្ចារ្យមែន លោកគ្រូពេទ្យ!!”៕
Meet my #COVID duty colleague Dr Arup Senapati an ENT surgeon at Silchar medical college Assam .
Dancing infront of COVID patients to make them feel happy #COVID19 #Assam pic.twitter.com/rhviYPISwO— Dr Syed Faizan Ahmad (@drsfaizanahmad) October 18, 2020
ប្រភព៖ សាព័ត៌មានបរទេស