បុរសម្នាក់ វ័យប្រហែលជាងម្ភៃ បានប្រើប្រាស់ខ្សែដែលជាប់ទៅនឹងអគារ Trump រួចក៏ព្យួរខ្លួនឯងអស់រយៈពេលជាច្រើនម៉ោង នៅក្នុងទីក្រុង Chicago ព្រមទាំងបានគំរាមថានឹងលោតចុះពីលើអគារនេះ បើសិនជាមិនបានជួបមុខប្រធានាធិបតីអាមេរិក។
វីដេអូ និងរូបភាពដែលត្រូវបានគេចែករំលែកនៅលើបណ្ដាញសង្គម បង្ហាញថា បរុសនេះកំពុងព្យួរខ្លួនឯងដោយខ្សែសម្រាប់ឡើងភ្នំ នៅខាងក្រៅជាន់ទី16 នៃអគារ Trump ដែលមានកម្ពស់98ជាន់ នៅក្នុងទីក្រុង Chicago កាលពីថ្ងៃទី18តុលាកន្លងទៅ។
Tom Ahern ដែលជាអ្នកនាំពាក្យរបស់នគរបាលបានឱ្យដឹងថា បុរសដែលមានវ័យប្រហែលជាងម្ភៃនេះ បាន “ព្យួរខ្លួនឯង” ចាប់ពីម៉ោងប្រមាណ15និង30នាទី រហូតដល់យប់ ដោយស្នើសុំ “និយាយគ្នាជាមួយប្រធានាធិបតី” និងបានបញ្ជូនសារទៅកាន់អ្នកសារព័ត៌មាន។
កងកម្លាំងប៉ូលិស កម្លាំងពិសេស និងបុគ្គលិកពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ អាជ្ញាធរក៏បានប្រញាប់បិទការចេញចូលក្នុងតំបន់ក្បែរអគារ Trump ខណៈដែល “ក្រុមអ្នកចង់ដឹងចង់ឮ” ចេះតែនាំគ្នាចូលមកកាន់តែច្រើន។
បុរសនេះបានគំរាមថានឹងលោតចុះមកក្រោម បើសិនមិនត្រូវបានគេអនុញ្ញាតឱ្យជួបប្រធានាធិបតី។ អ្នកជំនាញផ្នែកចរចាម្នាក់នៅតែបញ្ចុះបញ្ចូលឱ្យបុរសនេះចូលមកខាងក្នុងអគារ។ រហូតដល់ម៉ោង1និង36នាទីព្រឹកថ្ងៃទី19តុលា (ម៉ោង13និង36នាទី នៅកម្ពុជា) អង្គភាពប៉ូលិសនៅ Chicago ឱ្យដឹងថា “រាល់ការប្រឹងប្រែងនៅតែកំពុងត្រូវបានធ្វើឡើងដើម្បីនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ករណីនេះ” ក្រោយការចរចាជាបន្តបន្ទាប់អស់រយៈពេល8ម៉ោង។
យោងតាមសារព័ត៌មាន New York Post បុរសខាងលើនេះគឺជាសមាជិកម្នាក់របស់ចលនា “Black Lives Matter” (ជីវិតរបស់ជនស្បែកខ្មៅក៏សំខាន់) ក៏ប៉ុន្តែ បុរសនេះនិយាយថា៖ “បើសិនជាលោក Trump បានសន្យាអ្វីមួយ លោកគួរតែអនុវត្តវានៅមុនការបោះឆ្នោតនេះ”។
ប្រធានាធិបតីអាមេរិក Donald Trump ក្នុងថ្ងៃដដែលនេះ មានវត្តមាននៅក្នុងទីក្រុង Carson រដ្ឋ Nevada ដើម្បីធ្វើការឃោសនាបោះឆ្នោត។ នៅទីនេះ លោក Trump បានអំពាវនាវឱ្យម្ចាស់ឆ្នោតប្រញាប់ទៅបោះឆ្នោត ខណៈថ្ងៃបោះឆ្នោត 3វិច្ឆិកាជិតចូលមកដល់៕
ប្រភព៖ NY Post