Skip to content

អ្នកទេសចរVIP : ប្រទេស ប៉េរូ បើករមណីយដ្ឋាន “ម៉ាឈូ ពិកឈូ” ឱ្យបុរសជប៉ុនតែម្នាក់គត់ ចូលទស្សនា ក្រោយទិញសំបុត្រ ហើយរង់ចាំអស់ 7ខែ

រដ្ឋបាលប្រទេសប៉េរូ បានបើកឧទ្យានបុរាណស្ថាន “ម៉ាឈូ ពិកឈូ” ឱ្យអ្នកទេសចរ ជនជាតិជប៉ុនម្នាក់ ចូលទស្សនាជាករណីពិសេស ក្រោយពីបុរសម្នាក់នេះ ត្រូវទុកសំបុត្រចូលទស្សនា រង់ចាំអស់រយៈពេល 7ខែ ក្នុងអំឡុងពេលដែលរូបគេមិនអាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញបាន ដោយសារតែវិបត្តិជំងឺឆ្លងកូវីដ-19។

លោក ចេសស៍ ខាតាយ៉ាម៉ាក់(Jesse Katayama) បានជាប់នៅក្នុងទីក្រុង Aguas Calientes ប្រទេសប៉េរូ ដែលជាទីក្រុងដើមផ្លូវ សម្រាប់ឡើងទៅរមណីយដ្ឋានបុរាណស្ថាន ម៉ាឈូ ពិកឈូ តាំងពីពាក់កណ្ដាលខែមីនា និងទើបតែបានទទួលការអនុញ្ញាតឱ្យចូលទស្សនាសំណាកអគារវប្បធម៌បុរាណរបស់ជនជាតិកុលសម្ព័ន្ធ អ៊ីនខា ក្រោយពីរូបគេបានដាក់ពាក្យសុំអនុញ្ញាត ជាករណីពិសេស កាលពីពេលកន្លងមក។

លោក អាឡេខាន់ដ្រូ ណេយ៍រ៉ា រដ្ឋមន្ត្រីក្រសួងវប្បធម៌ប៉េរូ បានថ្លែងតាមរយៈប្រព័ន្ធវីដេអូខុនហ្វើរិន កាលពីថ្ងៃចន្ទ(ទី13តុលា)ថា “គាត់(ចេសស៍ ខាតាយ៉ាម៉ាក់) ធ្វើដំណើរមកប៉េរូ ដោយក្ដីស្រមៃថា នឹងបានឃើញ ម៉ាឈូ ពិកឈូ…ឥលូវពលរដ្ឋជប៉ុនម្នាក់នេះ បានទទួលការអនុញ្ញាតឱ្យចូលទស្សនាប្រសាទបុរាណ ព្រមជាមួយប្រធានឧទ្យានជាតិទីនោះ ដើម្បីឱ្យគាត់ បានសមដូចបំណងប្រាថ្នាដែលបានតាំងចិត្ត មុននឹងធ្វើដំណើរត្រឡប់ទៅប្រទេសរបស់គាត់វិញ”

ខាតាយ៉ាម៉ាក់ បានទិញសំបុត្រចូលទស្សនាឧទ្យានបុរាណស្ថានម៉ាឈូ ពិកឈូ តាំងពីខែមីនា តែទើបនឹងបានចូលក្នុងរមណីយដ្ឋានបុរាណស្ថាន អាយុជាង 500ឆ្នាំនោះ កាលពីថ្ងៃទី10 តុលាកន្លងមកនេះឯង និងអាចរាប់បានថា ជាអ្នកទេសចរដំបូងគេបំផុត ដែលបានទៅលេងម៉ាឈូ ពិកឈូ ក្នុងរង្វង់ 7ខែកន្លងមកនេះ។ លោកបានសារភាពថា ពីដំបូង លោកតាំងចិត្តថា នឹងស្នាក់នៅប៉េរូ ត្រឹមតែ 2-3ថ្ងៃប៉ុណ្ណោះ។ ខាតាយ៉ាម៉ាក់ បានថ្លែងតាមរយៈឃ្លិបវីដេអូ បន្ទាប់ពីធ្វើដំណើរឡើងទៅដល់កំពូលភ្នំម៉ាឈូ ពិកឈូ ថា “វាពិតជាអស្ចារ្យណាស់!! ខ្ញុំសូមអរគុណមែនទែន!!”

រដ្ឋបាលប៉េរូ មានកំណត់ពេលការបើករមណីយដ្ឋានបុរាណស្ថានម៉ាឈូ ពិកឈូ ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាឡើងវិញបាន នៅក្នុងខែវិច្ឆិកាខាងមុខនេះ តែមិនបានបញ្ជាក់ពីថ្ងៃទី ជាក់លាក់នៅឡើយ និងថែមទាំងមានផែនការកំណត់ចំនួនអ្នកទេសចរត្រឹមតែ 30% ពីចំនួនដែលធ្លាប់ទទួលបាន 675នាក់ក្នុង 1ថ្ងៃទៀតផង៕

ប្រភព៖ សារព័ត៌មានបរទេស

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *