កម្មវិធីរុករក (Browser) ដែលមានឈ្មោះថា Tuber ទទួលបានការទាញយកមកប្រើប្រាស់ប្រមាណជា5លានលើកពីផ្សារលក់កម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុនចិន Huawei ដោយចំណាយពេលត្រឹមតែជិត2សប្ដាហ៍ប៉ុណ្ណោះ។
នៅក្នុងការសាកល្បងយ៉ាងស្ងាត់ស្ងៀមរយៈពេល2សប្ដាហ៍ ប្រទេសចិនបានបង្កើតឱកាសឱ្យមនុស្សរាប់លាននាក់ចូលទៅកាន់គេហទំព័រនានារបស់បរទេស ដែលធ្លាប់ត្រូវបានហាមឃាត់នៅប្រទេសនេះ ដូចជា YouTube និង Instagram ជាដើម។
ប្រការនេះទំនងជាបង្ហាញថា រដ្ឋាភិបាលចិនកំពុងចាប់ផ្ដើលដើរដល់ចំណុចដែលត្រូវបើកសិទ្ធិឱ្យពលរដ្ឋរបស់ខ្លួន អាចប្រើប្រាស់អ៊ីនធើណិតបានទូលំទូលាយជាងមុន ។ ក៏ប៉ុន្តែ រដ្ឋាភិបាលចិន នៅតែបន្តតាមឃ្លាំមើលចំពោះសកម្មភាពរបស់អ្នកលេងអ៊ីនធើណិតនៅប្រទេសនេះ។
កម្មវិធី Tuber ដែលត្រូវបាន 360 Security Technology Inc ជាអង្គភាពដែលភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋាភិបាលជាអ្នកបង្កើតឡើងនេះ បានបង្ហាញខ្លួនយ៉ាងស្ងាត់ស្ងៀមតាំងពីខែកញ្ញា ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅកាន់គេហទំព័រដែលត្រូវបានហាមឃាត់នៅប្រទេសចិន ដូចជា Google, Facebook ជាដើម។ អ្នកប្រើប្រាស់អ៊ីនធើណិតជាច្រើននៅប្រទេសចិន បានបង្ហាញការសប្បាយចិត្តជាខ្លាំងទន្ទឹមនឹងការចម្លែកក្នុងចិត្តនៅពេលបានទស្សនាផ្ទាល់នូវខ្លឹមសារដែលធ្លាប់ត្រូវបានរាំងខ្ទប់នានា ដោយមិនចាំបាច់ប្រើប្រាស់បណ្តាញឯកជននិម្មិត VPN (Virtual private network) ខុសច្បាប់។
Tuber ត្រូវបានដំណើរការនៅលើបណ្ដាហាងលក់កម្មវិធីដែលគ្រប់គ្រងដោយ Huawei និងក្រុមហ៊ុនមួយចំនួនផ្សេងទៀត។ ឧបករណ៍នេះត្រូវបានទាញយកមកប្រើប្រាស់ប្រមាណជា5លានលើកពីផ្សារលក់កម្មវិធីរបស់ក្រុមហ៊ុន Huawei រាប់ចាប់តាំងពីវាបានបង្ហាញខ្លួនជាសាធារណៈ។ ក្រុមអ្នកអភិវឌ្ឍកម្មវិធី Tuber នេះ ត្រូវបានគ្រប់គ្រងដោយក្រុមលោក Zhou Hongyi។
អាចនិយាយបានថា ទីក្រុងប៉េកាំងកំពុងចង់សាកល្បងប្រើប្រាស់ធម្យោបាយជាច្រើនផ្សេងគ្នាដើម្បីឱ្យអ្នកប្រើប្រាស់អ៊ីនធើណិតចំនួន904លាននាក់របស់ខ្លួន អាចចូលទៅកាន់គេហទំព័រដែលត្រូវបានហាមឃាត់កន្លងមក។ បើទោះជាត្រូវបានដកចេញពីអ៊ីនធើណិតដោយមិនមានការបកស្រាយកាលពីថ្ងៃទី10តុលាកន្លងទៅ ប៉ុន្តែ Tuber បានបង្ហាញថា នេះគឺជាការសាកល្បងដ៏សំខាន់មួយរបស់ទីក្រុងប៉េកាំងក្នុងបំណងឆ្ពោះទៅកាន់សេរីភាពនៃការប្រើប្រាស់អ៊ីនធើណិតនៅប្រទេសនេះ។
កម្មវិធីរុករក (Browser) ឈ្មោះ Tuberឧបករណ៍ ឬកម្មវិធីដូចជា Tuber នេះ ក៏មានលក្ខណផងដែរ៖ បរិស្ថានដែលត្រូវបានគ្រប់គ្រង ក្នុងនោះមានសកម្មភាពតាមដាន និងចម្រាញ់ខ្លឹមសារ។ ទន្ទឹមនឹងនេះ គ្រប់គ្នាអាចបញ្ជូនព័ត៌មានឱ្យគ្នាទៅវិញទៅមកដូចធម្មតា ដែលប្រការនេះនឹងជួយឱ្យបណ្ដាក្រុមហ៊ុនក្នុងស្រុកអាចចូលមើលទិន្នន័យពីបរទេសបានងាយស្រួលជាងមុន។
ជាច្រើនឆ្នាំមកហើយដែលរដ្ឋាភិបាលចិនបានលុបបំបាត់ VPN រាប់រយដែលត្រូវបានប្រើប្រាស់ដើម្បីឆ្លងកាត់ជញ្ជាំងភ្លើង (firewall)។ ការបង្កើតបាននូវច្រកចេញ-ចូលប្រភពអ៊ីនធើណិតសកលមួយដែលមានការអនុញ្ញាតពីរដ្ឋាភិបាលដើម្បីប្រើប្រាស់អ៊ីនធើណិត ក៏ប្រហែលជានឹងកាត់បន្ថយប្រសិទ្ធភាពរបស់បណ្ដា VPN ខុសច្បាប់នាពេលខាងមុខ។
បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីមូលហេតុដែលនាំឱ្យមានការបិទ Tuber នៅឡើយ។ ចំណែកបុគ្គលិកទំនាក់ទំនងសាធារណជនរបស់ក្រុមហ៊ុន 360 Security ក៏បានបដិសេធការអធិប្បាយទាក់ទិននឹងបញ្ហានេះផងដែរ។
យោងតាម Bloomberg កម្មវិធីរុករក Tuber ទំនងជាត្រួតពិនិត្យខ្លឹមសារមួយចំនួន រួមទាំងខ្លឹមសារនៅលើ YouTube ផងដែរ។ Tuber តម្រូវឱ្យអ្នកប្រើប្រាស់ចុះឈ្មោះលេខទូរស័ព្ទចល័តដើម្បីឱ្យអ្នកអភិវឌ្ឍអាចតាមដានសកម្មភាព ព្រោះថា រាល់លេខទូរស័ព្ទដែលប្រើប្រាស់ស្មាតហ្វូននៅប្រទេសចិន សុទ្ធតែត្រូវបាន “ស្គាល់អត្តសញ្ញាណ”។ ដូចទៅនឹងកម្មវិធីរុករកដទៃដែរ Tuber ក៏ស្នើសុំសិទ្ធិចូលទៅកាន់បញ្ជីទំនាក់ទំនងនៅក្នុងទូរស័ព្ទរបស់អ្នកប្រើប្រាស់។
Yik Chan Chin អ្នកស្រាវជ្រាវគោលនយោបាយទូរគមនាគមន៍នៃសាកលវិទ្យាមួយនៅទីក្រុង Suzhou បានឱ្យដឹងថា៖ “ប្រទេសចិនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីថ្លឹងថ្លែងរវាងការបើកទូលាយជាងមុន និងការរក្សាស្ថិរភាពសង្គមក្នុងប្រទេស។ ប្រការដែលសំខាន់នោះគឺ ត្រូវរំដោះរលកព័ត៌មាន និងអនុញ្ញាតឱ្យពលរដ្ឋចិនអាចដោះចែករំលែកព័ត៌មាន ក៏ដូចជាយល់បានច្រើនអំពីពិភពលោកខាងក្រៅ”។
លោក Yik Chan Chin បន្តថា៖ “ព័ត៌មានស្ដីអំពី Tuber ត្រូវបានគេផ្សព្វផ្សាយ និងចែករំលែកយ៉ាងឆាប់រហ័ស ធ្វើឱ្យពលរដ្ឋចិនមានការសប្បាយចិត្តជាខ្លាំង។ នេះគឺជាប្រការមួយដែលបញ្ជាក់ថា ពលរដ្ឋនៅប្រទេសចិន ស្រេចឃ្លានការប្រើប្រាស់អ៊ីនធើណិតទូទាំងពិភពលោក”៕
ប្រភព៖ Bloomberg