Skip to content

ការ​​បោះ​​ឆ្នោះ​​អាមេរិក​​2020​៖ ពលរដ្ឋ​​អាមេរិកាំង​​ឈរ​​តម្រង់​​ជួរ​តាំង​ពី​ម៉ោង​4​ទៀប​ភ្លឺ ​និង​រង់​ចាំ​8​ម៉ោង​ដើម្បី​បាន​​បោះ​​ឆ្នោតដោយ​ផ្ទាល់​ដៃ​​សម្រាប់​ការ​ជ្រើស​​រើស​​ប្រធានាធិបតី

ម្ចាស់ឆ្នោតនៅក្នុងរដ្ឋ Georgia នាំគ្នាតម្រង់ជួរចាប់ពីព្រឹកព្រលឹម និងរង់ចាំអស់រយៈពេល8ម៉ោងដើម្បីបានបោះ​ឆ្នោតដោយផ្ទាល់ដៃនៅមុនថ្ងៃបោះឆ្នោតដែលបានកំណត់ ដែលនៅសល់2សប្ដាហ៍ទៀត។

រដ្ឋ Georgia ដែលបានក្លាយជា “សមរភូមិ” សំខាន់នៅក្នុងការបោះឆ្នោតឆ្នាំ2020 ដោយមានកៅអីសភាជាន់ខ្ពស់ចំនួនពីរ និងអត្រានៃការគាំទ្របេក្ខភាពប្រធានាធិបតីទាំងពីររូបដែលទំនងជាប្រកៀកប្រកិតគ្នាខ្លាំង បានចាប់ផ្ដើមអនុញ្ញាតឱ្យម្ចាស់ឆ្នោត បោះឆ្នោតដោយផ្ទាល់ដៃ ចាប់ពីថ្ងៃទី12តុលា។

រដ្ឋខាងលើនេះ ក៏បានអនុញ្ញាតឱ្យម្ចាស់ឆ្នោត ធ្វើការបោះឆ្នោតតាមរយៈការផ្ញើសំបុត្រ តាំងពីប៉ុន្មានសប្ដាហ៍មុន​មកម្លេះ ប៉ុន្តែ ថ្ងៃទី12តុលាគឺជាថ្ងៃដំបូងដែលម្ចាស់ឆ្នោតត្រូវបានអនុញ្ញាតឱ្យទៅកាន់មណ្ឌលបោះឆ្នោតដើម្បីជ្រើស​​រើសប្រធានាធិបតី។ មូលហេតុនៃការបោះឆ្នោតមុនកាលកំណត់បែបនេះគឺដោយសារស្ថានភាព COVID-19 មិនទាន់អំណោយផល នាំឱ្យគណៈកម្មការរៀបចំការបោះឆ្នោតត្រូវរក្សាគម្លាតសង្គម ដើម្បីជៀសវាងការឆ្លង​រាល​ដាល។

ម្ចាស់ឆ្នោតនៅក្នុងរដ្ឋ Florida ហាក់បានយល់ដឹងអំពីសារសំខាន់នៃការបោះឆ្នោតអាណត្តិនេះ ទើបពួកគេនាំគ្នាទៅតម្រង់ជួរ ឈររង់ចាំអស់រយៈពេលជាច្រើនម៉ោង និងមានកន្លែងខ្លះ ម្ចាស់ឆ្នោតទៅតម្រង់ជួរ មុនពេលមណ្ឌលបោះឆ្នោតបើកទ្វារទៅទៀត។ មនុស្សមួយចំនួនបានទៅដល់មណ្ឌលបោះឆ្នោតតាំងពីម៉ោង4ព្រឹក និងរង់ចាំដល់​ទៅ​8ម៉ោងទើបដល់វេនចូលបោះឆ្នោត។ នេះបើតាមមន្ត្រីនៅតំបន់ Gwinnett County។

ពលរដ្ឋអាមេរិកាំងឈរតម្រង់ជួររយៈពេល8ម៉ោងដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី
ពលរដ្ឋ​អាមេរិកាំង​ឈរ​តម្រង់​ជួរ​តាំង​ពី​ម៉ោង​4​ទៀង​ភ្លឺ ដើម្បី​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​

ម្ចាស់ឆ្នោតម្នាក់ឈ្មោះ Dannielle Driscoll បាននិយាយថា នាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញមនុស្សយ៉ាងច្រើនមកតម្រង់ជួរនៅជុំវិញបណ្ដាល័យ South Cobb។ នាងថ្លែងថា “នេះគឺជាសញ្ញានៃភាពវិជ្ជមាន​ផង និងអវិជ្ជមានផង។ វិជ្ជមាន ព្រោះតែគ្រប់គ្នាកំពុងចូលរួមបោះឆ្នោត ប៉ុន្តែអវិជ្ជមាន គឺព្រោះតែខ្ញុំមិនចង់តម្រង់​ជួររង់ចាំ”។

អ្នកស្រី Janice Elliott-Howard វ័យ54ឆ្នាំ ឱ្យដឹងថា អ្នកស្រីមិនមានការភ្ញាក់ផ្អើលទេ នៅចំពោះមុខហ្វូងមនុស្ស​ដ៏ច្រើននេះ។ អ្នកស្រីយល់ថា ការបោះឆ្នោតផ្ទាល់គឺជារឿងល្អ។ “ខ្ញុំគិតថា នេះគឺជាវិធីដែលមានសុវត្ថិភាព។ អ្នកនឹងបានដឹងថា សន្លឹកឆ្នោតរបស់ខ្លួនត្រូវបានគេរាប់។ ខ្ញុំមិនជឿទៅលើការបោះឆ្នោតតាមរយៈការផ្ញើសំបុត្រ ឬអ៊ីម៉េលនោះឡើយ”។

យោងតាមទិន្នន័យដែលត្រូវបានប្រកាសកាលពីថ្ងៃទី12តុលារបស់គម្រោងបោះឆ្នោតអាមេរិកនៃសាកលវិទ្យាល័យ Florida ពលរដ្ឋជិត10.3លាននាក់នៅសហរដ្ឋអាមេរិក បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនកាលកំណត់ ដែលអត្រានេះគឺច្រើនជាងច្រើនដងបើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ2016។ មូលហេតុដែលនាំឱ្យមានម្ចាស់ឆ្នោតធ្វើការបោះឆ្នោតច្រើនមុនពេលកំណត់បែបនេះ គឺព្រោះតែពួកគេជ្រើសរើសការបោះឆ្នោតតាមរយៈការផ្ញើសំបុត្រដើម្បីរក្សាសុវត្ថិភាពនៅចំពោះ​មុខ​​មហា​រោគ​រាត​ត្បាត​COVID19៕

ប្រភព៖ RT

Leave a Reply

Your email address will not be published. Required fields are marked *