ប្រទេសចិនមានការរៀបចំពិធីប្រគល់រង្វាន់ ជារង្វាន់រូបសត្វខ្យងហៀន ដើម្បីជំរុញការធ្វើការងាររបស់អង្គភាពរបស់រដ្ឋ ឱ្យធ្វើការយ៉ាងមានប្រសិទ្ធភាព និងឈប់ធ្វើការយឺតយ៉ាវ។
ប្រហែលជាមានអារម្មណ៍ថា សប្បាយរីករាយណាស់ បើសិនជាបានទទួលរង្វាន់ណាមួយនោះ តែប្រហែលជាមិនមែនរង្វាន់ “សញ្ញាខ្យងហៀន” នេះទេ ព្រោះធានាថា បើសិនអ្នកណាបានទទួលរង្វាន់នេះហើយ នឹងត្រូវស្ពឹកមុខគ្រប់គ្នាតែម្ដង។
រឿងហេតុ កើតឡើងនៅក្នុងប្រទេសចិន ក្នុងមណ្ឌលជើចៀង ទីក្រុងលីស៊ុយ ដោយមានការរៀបចំពិធីប្រកាសជូនរង្វាន់ ខ្យងហៀន ចំពោះអង្គភាពផ្សេងៗនៅក្នុងតំបន់ ដែលមានអ្នកប្រគល់រង្វាន់ទាំងនោះ គឺលោក លី អ៊ី ប៉ លេខាបក្សតំបន់ និងលោក វ៉ាង ជឹង ហ្វ៊ើយ រងលេខាធិការគណៈកម្មការរបក្ស។
គោលបំណងរបស់រង្វាន់ខ្យងហៀននេះ គឺសម្រាប់ប្រគល់ជូនអង្គភាពណា ដែលមានការបម្រើសេវាកម្មជូនប្រជាជន និងគ្រប់គ្រងចាត់ចែងការងារ ដែលមហាសែនអន់ និងយឺតយ៉ាវបំផុត។ ពានរង្វាន់នេះ បានទទួលកម្លាំងជំរុញចិត្តមកពីសត្វខ្យងហៀន ដែលមានលក្ខណៈសញ្ញាលេចធ្លោរបស់វា គឺភាពយឺតយ៉ាវ ប្រើពេលវេលាយូរ ទម្រាំនឹងវារគើមៗទៅដល់គោលដៅនោះ ត្រូវបានយកមកប្រៀបធៀបជាមួយនឹងប្រសិទ្ធភាព ការធ្វើការងាររបស់អង្គភាពរដ្ឋថា ទម្រាំតែដំណើការការងារចប់ គឺប្រើពេលវេលាធ្វើការ ប្រៀបដូចសត្វខ្យងហៀនហ្នឹងឯង(ស្ពឹក និងគើមៗ)។
ក្នុងឆ្នាំ2020នេះ មានការប្រកាសប្រគល់រង្វាន់រួចទៅហើយ កាលពីខែសីហាកន្លងទៅ ហើយអង្គភាព ដែលទទួលបានរង្វាន់ដ៏គួរឱ្យមហាសែនមោទនភាពនេះ គឺក្រុមធនធានទឹក និងអង្គភាពរបស់មន្ទីរពេទ្យឈូនីង។ លទ្ធផលនៃការសម្រេចប្រគល់រង្វាន់ គឺបានមកពីពិន្ទុសំឡេងឆ្នោតរបស់ប្រជាជននៅក្នុងតំបន់នោះ ហើយសម្រាប់អង្គភាពដែលបានទទួលរង្វាន់ខ្យងហៀននេះ បើសិនភ័យខ្លាចថា រង្វាន់នេះនឹងនៅដិតជាប់នឹងអង្គភាពយូរតទៅទៀតនោះ សូមកុំបាច់ព្រួយកង្វល់អី ព្រោះរង្វាន់នេះ អាចនឹងត្រូវទាមទារយកទៅវិញ នៅពេលណាដែលអង្គភាពមួយនោះ មានការអភិវឌ្ឍការធ្វើការងារបានល្អប្រសើរឡើង។
រង្វាន់ខ្យងហៀន ទទួលបានជោគជ័យក្នុងការជំរុញការធ្វើការងារបានយ៉ាងល្អ។ អង្គភាពដែលបានទទួលរង្វាន់ខ្យងហៀននេះទៅ ក្នុងអំឡុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ការធ្វើការងារ ក៏ស្វាហាប់ លឿនរហ័សឡើងយ៉ាងមើលឃើញច្បាស់ភ្លាមៗតែម្ដង។ ដូចជា គ្រោងការកសាងផ្លូវនៅក្នុងភូមិ ដែលប្រើពេលវេលាយូរ ទម្រាំនឹងរួចរាល់នោះ ក្រោយពីទទួលបានរង្វាន់នេះទៅ ក៏ស្រាប់តែរៀបចំអង្គភាពការងារចូលទៅមើលការខុសត្រូវការងារកសាងផ្លូវនោះឡើងបានភ្លាមៗ ក្នុងអំឡុងពេលមិនដល់ទាំង 10ថ្ងៃផង។ ហើយឧទាហរណ៍ 1ទៀត គឺគ្រោងការជួសជុល និងស្ដារបន្ទប់ទឹកសាធារណៈឡើងវិញ ដែលបានធ្វើរួចស្រេចជាស្ថាពរ ក្នុងរយៈពេលមិនដល់ 1ខែផង ក្រោយពីបានទទួលរង្វាន់នេះទៅ។ នេះគឺ ជារង្វាន់មួយ ដែលគួរឱ្យចាប់អារម្មណ៍មែនទែន និងគួរតែនាំយកមកប្រើជាមួយគ្រប់អង្គភាពការងារ…៕
ប្រភព៖ សារព័ត៌មានបរទេស