យោងតាមស្ថានីយទូរទស្សន៍ជាតិចិន (CCTV) សមយុទ្ធយោធាកាលពីថ្ងៃទី10តុលា ដែលមានការចូលរួមរបស់អង្គភាពថ្មី ដូចជា យន្តហោះគ្មានមនុស្សបើក កងកម្លាំងពិសេស និងកងកម្លាំងឆត្រយោងជាដើម ក្រៅពីនេះ ក៏មានអង្គភាពជាច្រើនផ្សេងទៀតដែលមកពីតំបន់ដទៃនៅក្នុងបណ្ដាខេត្តជាប់មាត់សមុទ្រ Guangdong និង Fujian ផងដែរ។
CCTV បានចេញផ្សាយថា៖ “សមយុទ្ធប្រកបដោយប្រសិទ្ធភាព ដោយមានវត្តមានរបស់អង្គភាពថ្មីៗ បានបង្កើនសមត្ថភាពរបស់កងទ័ពចិននៅក្នុងការវាយប្រហារឡើងគោករួម”។
សមយុទ្ធដែលបង្ហាញអំពីការវាយប្រហារឡើងគោកទៅលើកោះមួយរបស់កងទ័ពចិន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី10តុលា2020 ដែលនេះត្រូវបានធ្វើឡើងចំនឹងថ្ងៃបុណ្យជាតិនៃសាធារណរដ្ឋចិន (National Day of the Republic of China) តៃវ៉ាន់។
វីដេអូដែលត្រូវបានកងទ័ពចិនបង្ហាញជាសាធារណៈកាលពីយប់ថ្ងៃទី10តុលាបានបង្ហាញថា សមយុទ្ធត្រូវបានធ្វើឡើងណោវេលាពាក់កណ្ដាលយប់ នៅពេលកងកម្លាំងឈ្លប ចូលទៅក្បែរគោលដៅ។
កងទ័ពចិនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក កាំភ្លើងធំធុនធ្ងន់ និងឧទ្ធម្ភាគចក្រដើម្បីវាយប្រហារគោលដៅ ព្រមទាំងបានប្រើប្រាស់រថពាសដែកវាយឡើងគោក នៅក្នុងសមយុទ្ធនេះផងដែរ។
នៅក្នុងថ្ងៃដដែលនោះ កងទ័ពចិនបានប្រកាសអំពីសមយុទ្ធបាញ់គ្រាប់ពិតមួយផ្សេងទៀតដែលនឹងត្រូវបានធ្វើឡើងក្នុងរយៈពេល4ថ្ងៃ នៅក្បែរឆកសមុទ្រតៃវ៉ាន់។
ប្រទេសចិនតែងតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីដែលមិនអាចកាត់ផ្ដាច់បានរបស់ខ្លួន។ ប្រទេសនេះ បានត្រៀមរួចជាស្រេចក្នុងការរឹបអូសយកកោះតៃវ៉ាន់មកវិញតាមគ្រប់មធ្យោបាយ សូម្បីតែការប្រើប្រាស់កម្លាំងយោធា។
កាលពីថ្ងៃទី10តុលានោះដែរ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានអំពាវនាវឱ្យមានការ “ចរចាប្រកបដោយអត្ថន័យ” ជាមួយទីក្រុងប៉េកាំង ប៉ុន្តែ លោកស្រីសន្យាថានឹងនៅតែរក្សាសន្តិសុខរបស់តៃវ៉ាន់ដដែល។
ប្រទេសចិន នៅតែបង្កើនបន្តការគំរាមកំហែងដល់កោះតៃវ៉ាន់ តាមរយៈសមយុទ្ធយោធាជាបន្តបន្ទាប់ដែលត្រូវបានធ្វើឡើងនៅជុំវិញកោះនេះ។ យន្តហោះចម្បាំងរបស់ចិនជិត40គ្រឿង បានហោះកាត់ឆកសមុទ្រតៃវ៉ាន់ក្នុងរយៈពេលតែមួយថ្ងៃ កាលពីខែកញ្ញាកន្លងទៅ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកាំង លោក Robert O’Brien កាលពីថ្ងៃទី7តុលា បានព្រមានចិនថា មិនគួរប្រើប្រាស់កម្លាំងយោធាវាយប្រហារកោះតៃវ៉ាន់នោះទេ។ ជាផ្លូវការ សហរដ្ឋអាមេរិកនៅតែទទួលស្គាល់គោលការណ៍ “ប្រទេសចិនតែមួយ” ក៏ប៉ុន្តែ ទីក្រុងវ៉ាស៊ីងតោនក៏នៅតែបន្តផ្គត់ផ្គង់អាវុធដល់កោះនេះដដែល៕
ប្រភព៖ SCMP