អគារស្នាក់នៅនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម Samwhan Art-Nouveau ក្នុងទីក្រុង UIsan បានឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីយប់ថ្ងៃទី8តុលា បណ្ដាលឱ្យមនុស្សយ៉ាងតិច15នាក់រងរបួស។
អណ្ដាតភ្លើងបានចាប់ផ្ដើមឆេះចេញពីជាន់ទី12របស់អគារនេះនៅវេលាម៉ោង23យប់ ក្រោយមកក៏បានរាលដាលដោយសារខ្យល់ខ្លាំង ធ្វើឱ្យមួយផ្នែកធំនៃអគារស្ថិតក្នុងអណ្ដាតភ្លើង។ អគារ Samwhan Art-Nouveau ដែលមាន33ជាន់នេះ មានកម្ពស់102ម៉ែត្រ ស្ថិតនៅក្នុងខណ្ឌ Dal-dong ក្នុងទីក្រុង UIsan ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង។
ពលរដ្ឋរាប់រយនាក់ដែលស្នាក់នៅទីនោះ ត្រូវបានជម្លៀសខ្លួន ក្នុងនោះមានមនុស្សជាច្រើនបានឡើងទៅកាន់ជាន់លើបង្អស់ក្នុងដំណាក់កាលដំបូងនៃអគ្គិភ័យ។ សារព័ត៌មាន Yonhap បានឱ្យដឹងថា ក្នុងហេតុការណ៍នេះ មានមនុស្សយ៉ាងតិច15នាក់បានរងរបួស ខណៈមនុស្សជាង88នាក់ផ្សេងទៀតត្រូវចូលពេទ្យដោយសារផ្សែង។
សាក្សីម្នាក់នៅកន្លែងកើតហេតុបានឱ្យដឹងថា៖ “អណ្ដាតភ្លើងស្រាប់តែឆាបឆេះ។ បង្អូចនានាត្រូវបែកខ្ទេច ខណៈដែលបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវរបស់ខ្ញុំឡើងភ្លឺ (ដោយសារអណ្ដាតភ្លើង)”។
កម្លាំងពន្លត់អគ្គិភ័យបានពន្លត់អណ្ដាតភ្លើងនៅផ្នែកខាងក្រៅនៃអគារ និងកំពុងធ្វើអន្តរាគមន៍នៅផ្នែកខាងក្នុងអគារ។ អគ្គិភ័យនេះ ក៏បានរាលដាលដល់ផ្សារមួយនៅក្បែរនោះដែរ ប៉ុន្តែត្រូវបានពន្លត់ទាន់ពេល។
មកដល់បច្ចុប្បន្ន មូលហេតុនៃករណីអគ្គិភ័យនេះ មិនទាន់ត្រូវបានរកឃើញនៅឡើយ៕
ប្រភព៖ Yonhap