Skip to content

CNN ពន្យាករថា​ Joe Biden ​នឹង​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​អាណត្តិ​នេះ

សារព័ត៌មាន CNN បានចេញផ្សាយអំពីការព្យាករថ្មីបំផុតដែលបង្ហាញថា បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យអាមេរិក គឺលោក Joe Biden នឹងឈ្នះឆ្នោតនាពេលខាងមុខ ដោយនឹងទទួលបានសំឡេងឆ្នោតគាំទ្រពីតំណាងម្ចាស់ឆ្នោត លើសពី270សំឡេង។

យោងតាមការព្យាករដែលត្រូវបានចុះផ្សាយដោយ CNN កាលពីថ្ងៃទី7តុលា តួលេខនៃសន្លឹកឆ្នោតដែលលោក Biden នឹងទទួលបាន បច្ចុប្បន្នឡើងដល់290សន្លឹក រួមមាន203សំឡេងប្រាកដជានឹងបោះជូន និង87សំឡេងកំពុងមានទំនោរទៅរករូបលោក។ តាមការព្យាករនេះ សំឡេងគាំទ្ររបស់លោក Biden បានលើសពី270សំឡេង ដែលតួលេខនេះអាចធានាបានថា លោកនឹងទទួលជ័យជំនះនៅក្នុងការប្រកួតប្រជែងចូលសេតវិមានក្នុង​ខែ​វិច្ឆិកាមិនខាន។

សារព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែវិជ្ជមានជា​មួយនឹង​COVID-19 និងអវត្តមាននៅក្នុងព្រឹត្តិការណ៍ឃោសនារកសំឡេងឆ្នោត ហើយយុទ្ធនាការរបស់លោកកំពុងស្ថិតក្នុងស្ថានភាព “អាក្រក់បំផុត”។

CNN ពន្យាករថា Joe Biden នឹងជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងអាណត្តិនេះ
CNN ពន្យាករថា Joe Biden នឹងជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងអាណត្តិនេះ

នៅក្នុងការតតាំងទល់មុខគ្នាលើកទីមួយជាមួយនឹងលោក Biden លោក Trump ក៏ត្រូវបានគេមើលឃើញថា បានធ្វើមិនបានល្អ និងបានបាត់បង់ឱកាសមាសសម្រាប់បង្វែរស្ថានការណ៍នៅមុនការបោះឆ្នោតជាតិ។ ការអធិប្បាយរបស់លោក Trump ស្ដីអំពី COVID-19 កាលពីពេលថ្មីៗនេះក៏ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងក្លាផងដែរ ក្នុងនោះមានឃ្លាមួយចំនួនដែលលោកបានពោលឡើង ដូចជា “កុំខ្លាច COVID-19” ឬ “ការឆ្លងCOVID-19 គឺជាពរជ័យពីព្រះ” ជាដើម។

ចំណែកបេក្ខភាព Joe Biden វិញ ទន្ទឹមនឹងការបង្កើនឥទ្ធិពលទៅលើម្ចាស់ឆ្នោតជាស្ត្រីភេទ ម្ចាស់ឆ្នោតឯករាជ្យ ម្ចាស់ឆ្នោតមានចំណេះដឹងខ្ពស់ និងម្ចាស់ឆ្នោតជាជនជាតិស្បែកខ្មៅ លោក Biden ក៏កំពុងប្រជែងជាមួយលោក Trump ដើម្បីទាក់ទាញការគាំទ្រពីម្ចាស់បុរស ម្ចាស់ឆ្នោតជាជនជាតិស្បែកស និងម្ចាស់ឆ្នោតវ័យចំណាស់ ដែលត្រូវបានគេចាត់ទុកថាជាក្រុមដែលជួយឱ្យលោក Trump មានប្រៀបជាងគេកាលពីការបោះឆ្នោតឆ្នាំ2016។

យោងតាមផែនទីព្យាកររបស់ CNN រដ្ឋ Pennsylvania, Michigan និង Wisconsin ដែលជា “សមរភូមិយុទ្ធសាស្ត្រសំខាន់ក្នុងឆ្នាំនេះ ក៏កំពុងតែលំអៀងទៅរកក្រុមប្រជាធិបតេយ្យ។

CNN បានបញ្ជាក់ថា ការព្យាកររបស់ពួកខ្លួន គឺយោងទៅតាមការស្ទង់មតិជាសាធារណៈ និងឯកជននានា លទ្ធផលនៃកិច្ចសម្ភាសជាមួយក្រុមមន្ត្រីជាន់ខ្ពស់ រួមនឹងក្រុមមន្ត្រីជាទីប្រឹក្សានៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ភាគីទាំងពីរផងដែរ៕

ប្រភព៖ CNN

 

Leave a Reply

Your email address will not be published. Required fields are marked *