រដ្ឋាភិបាលសិង្ហបុរីនឹងផ្ដល់ប្រាក់ឧបត្ថម្ភមួយចំនួនដល់ក្រុមគ្រួសារណាដែលចង់បង្កើតកូននៅក្នុងសម័យវិបត្តិសុខភាពដែលបង្កឡើងដោយវីរុសCOVID-19 ដើម្បីជួយបន្ធូរបន្ថយសម្ពាធផ្នែកហិរញ្ញវត្ថុរបស់ពលរដ្ឋ។
“យើងបានទទួលដំណឹងថា COVID-19 ធ្វើឱ្យមនុស្សមួយចំនួនដែលមានបំណងយកកូន ត្រូវពន្យារគម្រោងរបស់ខ្លួន” នេះបើតាមប្រសាសន៍កាលពីថ្ងៃទី5តុលារបស់លោក Heng Swee Keat ឧបនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី។
“ប្រការនេះ ពិតជាអាចយល់បាន ពិសេសគឺនៅពេលពួកគេត្រូវប្រឈមនឹងបញ្ហាប្រាក់ចំណូល” លោក Heng ថ្លែងដូច្នេះ និងបានបន្តថា ខ្ទង់ប្រាក់ដែលទូទាត់មួយលើកនេះនឹងជួយសម្រួលដល់ការចាយវាយរបស់អាណាព្យាបាល ក៏ប៉ុន្តែ លោកមិនបាននិយាយអំពីចំនួនទឹកប្រាក់សម្រាប់គ្រួសារដែលចង់មានកូននោះទេ។
បើទោះជាទទួលបានជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលរបស់វីរុសCOVID-19 សេដ្ឋកិច្ចរបស់សិង្ហបុរីនៅតែធ្លាក់ទៅក្នុងស្ថានភាពវិបត្តិដដែល។ GDP របស់ប្រទេសនេះបានថយចុះ12.6% នៅក្នុងត្រីមាសទីពីរ បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ2019 ដែលនេះគឺជាការធ្លាក់ចុះដល់កម្រិតទាបបំផុត “មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ” របស់ប្រទេសនេះ។
សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនពលរដ្ឋក្នុងស្រុកទាបជាងគេក្នុងពិភពលោក។ រដ្ឋាភិបាលបានព្យាយាមកែប្រែស្ថានការណ៍ ប៉ុន្តែមិនបានសម្រេច។ កំណើននៃទារកថ្មីរបស់ប្រទេសនេះស្ថិតក្នុងអត្រា1.14នាក់នៅលើស្ត្រីម្នាក់ក្នុងឆ្នាំ2018 ពោលគឺប្រហាក់ប្រហែលនឹងទីក្រុងហុងកុង។ នេះបើតាមធនាគារពិភពលោក។ នៅទូទាំងពិភពលោក មានតែប្រទេសចំនួន2ប៉ុណ្ណោះ ដែលមានកំណើនទារកថ្មី តិចជាងសិង្ហបុរី នោះគឺកូរ៉េខាងត្បូង និងដែនដី Puerto Rico របស់សហរដ្ឋអាមេរិក។
អត្រាកំណើតកូនដែលល្អបំផុតគឺ2.1នាក់ សម្រាប់ស្ត្រី1រូប។ ក៏ប៉ុន្តែ ភាគច្រើននៃប្រទេសរីកចម្រើន សុទ្ធតែស្ថិតក្រោមកម្រិតនេះ ដោយសារអត្រានៃការរៀបការបានថយចុះច្រើន និងដោយសារការប្រកាន់ភេទបែបបុរាណបានប្ដូរផ្លាស់។
សិង្ហបុរីបានធ្វើការលើកទឹកចិត្តឱ្យមានការបង្កើតកូនចាប់ពីទសវត្សរ៍ឆ្នាំ1980។ យុទ្ធនាការលើកទឹកចិត្តចំពោះការបង្កើតកូន រួមនឹងការផ្ដល់ផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងពន្ធដារជាច្រើនត្រូវបានធ្វើឡើង ប៉ុន្តែមិនអាចទប់ស្កាត់ការថយចុះនៃអត្រាបង្កើតកូននេះបាន។ បច្ចុប្បន្ន សម្រាប់ស្ត្រីម្នាក់នៅសិង្ហបុរីដែលមានលក្ខណគ្រប់គ្រាន់ នឹងទទួលបានប្រាក់ឧបត្ថម្ភឡើងដល់7,330ដុល្លារអាមេរិកនៅពេលពួកគេបង្កើតបានកូនមួយនាក់។
របាយការណ៍កាលពីឆ្នាំ2011របស់រដ្ឋាភិបាល បានឱ្យដឹងថា៖ “ដូចទៅនឹងប្រទេសរីកចម្រើនដទៃ មូលហេតុនៃការថយចុះនៃចំនួនប្រជាជននៅសិង្ហបុរី នោះគឺអត្រានៃការបង្កើតកូនទាប និងពលរដ្ឋវ័យចំណាស់មានចំនួនច្រើន។
សិង្ហបុរីបានទទួលជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCOVID-19 ដោយមានការចាត់វិធានការយ៉ាងឆាប់រហ័សនានា ដូចជាការដាក់ឱ្យនៅដាច់ដោយឡែកចំពោះពលរដ្ឋណាដែលត្រូវសង្ស័យថាឆ្លងវីរុស ការអនុវត្តបំរាមគោចរយ៉ាងតឹងរឹងនៅពេលរកឃើញសម្បុកមេរោគ រួមនឹងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីតាមដានក្រុមមនុស្សដែលពាក់ព័ន្ធនៃករណីឆ្លងនីមួយៗ។
គិតមកដល់បច្ចុប្បន្ន សិង្ហបុរីបានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុប 57,840នាក់ និងមានអ្នកជំងឺតែ27នាក់ប៉ុណ្ណោះដែលបានបាត់បង់ជីវិតដោយសារវីរុសនេះ៕
ប្រភព៖ CNN