ទីភ្នាក់ងារព័ត៌មានBBC បានរួបរួមសំណួរ និងចម្លើយ ស្ដីពីភាពអាចទៅរួចផ្សេងៗ ដែលអាចនឹងកើតឡើង ក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានវិនិច្ឆ័យថា ឆ្លងមេរោគកូវីដ-19 ត្រឹមមិនប៉ុន្មានសប្ដាហ៍ មុននឹងដល់ថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក ដែលធ្វើឱ្យកើតមានសំណួរឡើងជាច្រើន ហើយខាងក្រោមនេះ គឺជាសំណួរ និងចម្លើយ ស្ដីពីភាពអាចទៅរួចក្នុងទស្សនៈផ្សេងៗ…។
តើលោកប្រធានាធិបតី ត្រាំ នឹងខកខានការធ្វើយុទ្ធនាការរកសំឡេងឆ្នោតអ្វីខ្លះ?
លោកត្រាំ ត្រូវបានសុំឱ្យបង្ខាំងបរិវេណខ្លួនឯងរយៈពេល 10ថ្ងៃ រាប់តាំងពីពេលដែលលោកត្រូវបានវិនិច្ឆ័យថា ឆ្លងកូវីដ-19 កាលពីថ្ងៃទី1 តុលា ដូច្នេះលោកប្រហែលជាអាចចូលរួមការធ្វើឌីបេត(និយាយតតាំងគ្នា)លើកទី2 ជាមួយលោក ចូ បៃដិន គូប្រជែងដណ្ដើមតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្ស ដេម៉ូក្រេត ដែលកំណត់ធ្វើឡើងនៅថ្ងៃទី15 តុលា ខាងមុខនេះបាន។
តែយ៉ាងណាក៏ដោយ កាលបរិច្ឆេទការឃោសនារកសំឡេងឆ្នោត ដែលនឹងធ្វើឡើងនៅក្នុងរដ្ឋហ្វ្លរីដា នៅថ្ងៃទី2តុលា កន្លងទៅ ត្រូវបានលុបចោល ខណៈដែលកាលកំណត់យុទ្ធនាការរកសំឡេងឆ្នោតក្នុងអំឡុងពេលដ៏កៀកថ្មី 1ទៀតរបស់លោកត្រាំ ត្រូវបានលុបចោល ឬមិនទេក៏ពន្យារពេលទាំងអស់រួចហើយ។
តើស្ថិតក្នុងស្ថានការណ៍ណា ដែលនឹងធ្វើឱ្យការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវពន្យារពេល?
ពិតប្រាកដណាស់ថា ការបង្ខាំងនៅដាច់ដោយឡែករបស់លោកត្រាំ បានហុចផលប៉ះពាល់ដល់យុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ដូច្នេះហើយទើបមានសំណួរតាមមកថា តើការបោះឆ្នោត នឹងត្រូវពន្យារពេលឬទេ? និងតើរឿងនោះនឹងកើតឡើងដោយរបៀបណា?
ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានកំណត់ដោយច្បាប់ថា នឹងធ្វើឡើងនៅថ្ងៃអង្គារ បន្ទាប់ពីថ្ងៃចន្ទដំបូង របស់ខែវិច្ឆិកា ដោយនឹងធ្វើឡើងរៀងរាល់ 4ឆ្នាំម្ដង ដែលក្នុងឆ្នាំនេះ ត្រូវនឹងថ្ងៃទី3 វិច្ឆិកា។
ការផ្លាស់ប្ដូរ ឬពន្យារថ្ងៃបោះឆ្នោត អាស្រ័យលើសមាជិកសភាកុងក្រេស មិនមែនប្រធានាធិបតីទេ ដោយមិនចាំបាច់ត្រូវបានទទួលសំឡេងភាគច្រើនពីខាងសភា ក្នុងការបោះឆ្នោតផ្លាស់ប្ដូរថ្ងៃបោះឆ្នោតអ្វីទាំងអស់ ដែលរឿងនេះប្រហែលជាមិនអាចកើតឡើងបានឡើយ នៅពេលពិចារណាពីស្ថានភាពពិត ដែលថា គណបក្សដេម៉ូក្រេត គ្រប់គ្រងសំឡេងភាគច្រើនក្នុងសភាតំណាងរាស្ត្រ។
ទោះជាការផ្លាស់ប្ដូរថ្ងៃបោះឆ្នោត អាចនឹងកើតមានឡើងមែនក៏ដោយ តែរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក បានកំណត់ច្បាស់លាស់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក មានអាណត្តិគ្រងតំណែងត្រឹមតែ 4ឆ្នាំប៉ុណ្ណោះ ដូច្នេះការគ្រងតំណែងរបស់លោកត្រាំ នឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ ក្នុងអំឡុងពេលថ្ងៃត្រង់ នៃថ្ងៃទី20 មករា ឆ្នាំ2021។
តើនឹងមានអ្វីកើតឡើង បើលោកត្រាំ មិនអាចប្រតិបត្តិតួនាទីបាន?
ខណៈនេះលោកប្រធានាធិបតីត្រាំ មានអាការជំងឺត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ តែបើសិនជាលោកធ្លាក់ខ្លួនឈឺធ្ងន់ រហូតមិនអាចបំពេញតួនាទីបាន រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក បានបើកផ្លូវឱ្យប្រធានាធិបតី អាចផ្ទេរប្រគល់អំណាចក្នុងការគ្រប់គ្រង ឱ្យទៅអនុប្រធានាធិបតីបាន ដែលនឹងធ្វើឱ្យលោក មៃខ៍ ផេនស៍ ក្លាយជាប្រធានាធិបតីស្ដីទី និងនៅពេលលោកត្រាំ ជាសះស្បើយ រឹងមាំស្រួលបួលឡើងវិញ ក៏អាចវិលមកគ្រងតំណែងបានដូចដើម។
បើសិនជាប្រធានាធិបតីសហរដ្ឋអាមេរិក ឈឺធ្ងន់ខ្លាំង មិនអាចធ្វើការផ្ទេរប្រគល់អំណាចបាន គណៈរដ្ឋមន្ត្រី និងអនុប្រធានាធិបតី អាចប្រកាសថា ប្រធានាធិបតីសហរដ្ឋអាមេរិក មិនអាចបំពេញតួនាទីតទៅទៀតបានទេ ហើយលោក ផេនស៍ នឹងចូលមកបំពេញតួនាទីជាប្រធានាធិបតីសហរដ្ឋអាមេរិកជំនួសតែម្ដង។
បើសិនលោក ផេនស៍ ក្លាយជាអ្នកដែលគ្មានសមត្ថភាពក្នុងការប្រតិបត្តិតួនាទីខាងលើនោះបាន អ្នកដែលនឹងឡើងមកគ្រប់គ្រងអំណាច ក្នុងការធ្វើការងារនេះជំនួសគឺ លោកស្រី នែនស៊ី ប៉េឡូហ្ស៊ី ប្រធានសភា មកពីគណបក្សដេម៉ូក្រេត តែ គេជឿថា ការផ្ទេរប្រគល់អំណាចបែបនេះ ប្រហែលនឹងមិនអាចកើតឡើងងាយៗនោះទេ និងត្រូវតែធ្វើឱ្យមានការតស៊ូខាងនយោបាយកើតឡើងមិនខាន។
តើពីមុនមក ធ្លាប់មានប្រធានាធិបតីសហរដ្ឋអាមេរិកណា បំពេញតួនាទីមិនបានដែរឬទេ?
កាលពីឆ្នាំ1985 លោកប្រធានាធិបតី រ៉ូណាល់ រីហ្គែន ត្រូវបាននាំខ្លួនទៅមន្ទីរពេទ្យ ដើម្បីវះកាត់ព្យាបាលជំងឺមហារីក។ លោកបានតែងតាំងឱ្យលោក ចច អេចឆ៍ ដាប់ប៊ើលយូ ប៊ូស អនុប្រធានាធិបតីនាពេលនោះ ឡើងបំពេញតួនាទីជំនួស។
នៅឆ្នាំ2002 និងឆ្នាំ2007 លោកប្រធានាធិបតី ចច ដាប់ប៊ើលយូ ប៊ូស ក៏បានផ្ទេរប្រគល់អំណាច ឱ្យទៅអនុប្រធានាធិបតីសហរដ្ឋអាមេរិកដូចគ្នា នៅពេលដែលលោកត្រូវគេដាក់ថ្នាំសន្លប់ ដើម្បីស៊កបំពង់កាមេរ៉ាចូលក្នុងពោះ ពិនិត្យពោះវៀនធំ។
បើសិនលោកត្រាំ មិនអាចចូលប្រកួតប្រជែងក្នុងការបោះឆ្នោតបាន តើឈ្មោះរបស់អ្នកណា នឹងត្រូវបង្ហាញនៅលើបណ្ណបោះឆ្នោត?
មិនថាតែដោយហេតុផលអ្វីក៏ដោយ បើសិនបេក្ខជនដែលបានទទួលការជ្រើសរើសពីគណបក្សនយោបាយ ឱ្យចូលប្រកួតប្រជែងដណ្ដើមតំណែងប្រធានាធិបតីនោះ មិនអាចបំពេញតួនាទីបាន លោក ម៉ៃខ៍ ផេនស៍ ដែលទោះជាកំពុងបំពេញតួនាទីជំនួសប្រធានាធិបតីបានក៏ដោយ តែក៏មិនអាចក្លាយជាបេក្ខភាពតំណាងគណបក្ស រីផាប់ប្ល៊ីកាន់ ក្នុងការចុះឈ្មោះធ្វើជាបេក្ខជនដណ្ដើមតំណែងប្រធានាធិបតី ជំនួសលោកត្រាំបានដែរ៕
ប្រភព៖ សារព័ត៌មានបរទេស