មូលបត្រអនាគតអាមេរិក ប្រាក់ដុល្លារអាមេរិក ប្រេងឆៅ និងតម្លៃមាស បាននិងកំពុងប្រែប្រួលខ្លាំង បន្ទាប់ពីមានព័ត៌មានផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក និងភរិយា វិជ្ជមានជាមួយនឹងវីរុសCOVID-19។
បច្ចុប្បន្ន សន្ទស្សន៍ DJIA អនាគត (Dow Jones Industrial Average) បានបាត់បង់1.5%, S&P 500 ថយចុះ1.57% និង Nasdaq បាត់បង់1.9%។ បណ្ដាសន្ទស្សន៍នេះ បានដាំក្បាលចុះ ក្រោយពីមានព័ត៌មានថា នាង Hope Hicks ដែលជាជំនួយការផ្ទាល់របស់លោក Trump ត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរុសCOVID-19។ ប៉ុន្តែ ការដាំក្បាលចុះរបស់សន្ទស្សន៍នៃផ្សារមូលបត្រនៅសហរដ្ឋអាមេរិក បានចាប់ផ្ដើមបង្កើនល្បឿន បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសនៅលើ Twitter ថា លោក និងភរិយា សុទ្ធតែបានឆ្លងវីរុសCOVID-19។
ផ្ទុយទៅវិញ ប្រាក់ដុល្លារអាមេរិក បែរជាមានតម្លៃជាងមុន ក្រោយពីមានព័ត៌មានខាងលើ ពិសេសនៅពេលដែលគេប្រៀបធៀបជាមួយនឹងលុយផោនរបស់អង់គ្លេស ដុល្លារអូស្ត្រាលី និងដុល្លារនូវវែលហ្សេឡង់។ ចំណែកប្រាក់យ៉េនរបស់ជប៉ុនក៏កំពុងតែឡើងថ្លៃ ដែលនេះគឺជាសញ្ញាបង្ហាញថា ក្រុមវិនិយោគិនកំពុងតែធ្វើសកម្មភាពដើម្បីបញ្ចៀសហានិភ័យ។ តម្លៃមាសទម្រង់ទិញភ្លាមប្រគល់ភ្លាមរបស់ពិភពលោកក៏ឡើងថ្លៃជិត30ដុល្លារដោយប្រើពេលតែកន្លះម៉ោងប៉ុណ្ណោះ ពោលគឹឡើងថ្លៃពី 1,890ដុល្លារ ទៅ1,906ដុល្លារក្នុងមួយអោន (ounce)។
ការប្រាក់នៃមូលបត្របំណុលរបស់រដ្ឋាភិបាលអាមេរិកប្រភេទ10ឆ្នាំ បានថយមកនៅត្រឹម 0.6578%។ ប្រការនេះមានន័យថា តម្លៃនៃប្រភេទមូលបត្របំណុលនេះ កំពុងតែឡើងថ្លៃ។
នៅក្នុងទីផ្សារប្រេងឆៅ តម្លៃប្រេងប្រភេទ Brent បច្ចុប្បន្នធ្លាក់ចុះ3.62% មកនៅត្រឹម39.45ដុល្លារក្នុងមួយធុង (បារ៉ែល)។ ប្រេងឆៅអាមេរិក WTI ក៏បាត់បង់តម្លៃ3.64% មកនៅត្រឹម37.31ដុល្លារក្នុងមួយធុង។ កាលពីម្សិលមិញ ប្រេងទាំង2ប្រភេទនេះ សុទ្ធតែបាត់បង់តម្លៃជិត4%។
ការដែលលោក Trump វិជ្ជមានជាមួយនឹងCOVID-19 គឺអាចធ្វើឱ្យមានរលកនៃការប្រែប្រួលថ្មីនៅក្នុងទីផ្សារពិភពលោក ដោយសារតែក្រុមអ្នកវិនិយោគកំពុងតែតាមដានស្ថានការណ៍នៃការឃោសនារកសំឡេងឆ្នោតរបស់លោក Trump និងលោក Biden។ Sean Callow អ្នកជំនាញខាងយុទ្ធសាស្ត្ររូបិយវត្ថុ មកពីក្រុមហ៊ុន Westpac យល់ថា៖ “បញ្ហានេះ (ការឆ្លងCOVID-19 របស់លោក Trump) នឹងកាត់បន្ថយសមត្ថភាពនៃការធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតរបស់លោក Trump។ វាក៏នឹងនាំឱ្យលោក ទទួលរងការខាតបង់ច្រើន ព្រោះតែលោក Trump យល់ឃើញថា “មិនគួរព្រួយបារម្ភខ្លាំងពេកអំពីមហារោគរាតត្បាត””៕
ប្រភព៖ CNBC