សុនខ ឆ្មា ទន្សាយ និងសត្វចិញ្ចឹមផ្សេងៗទៀតប្រមាណជា 4,000ក្បាល ដែលគេជឿថា ត្រូវបានកុម្ម៉ង់ទិញតាមអនឡាញ ត្រូវបានរកឃើញក្នុងសភាពងាប់ស្ដូកៗនៅក្នុងប្រអប់ក្រដាសបញ្ជូនទំនិញ នៅឯមជ្ឈមណ្ឌលឡូជីស្ទិកមួយកន្លែងនៅភាគកណ្ដាលនៃប្រទេសចិន ក្រោយពីជាប់គាំងនៅក្នុងមជ្ឈមណ្ឌលនោះយូរជាង 1សប្ដាហ៍។ នេះបើតាមទិន្នន័យរបស់ក្រុមអ្នកការពារសុវត្ថិភាពសត្វ។
ក្រុមមន្ត្រីអាចជួយជីវិតសត្វទន្សាយ ហ៊ែមស្ទើរ ឆ្កែ និងឆ្មា បានប្រមាណជា 1,000ក្បាល តែនៅសល់ប៉ុន្មាន បានងាប់តាំងពីមុនពេលដែលពួកវាត្រូវបានបញ្ជូនមកដល់មជ្ឈមណ្ឌលចែកចាយទំនិញតុងស៊ិង ក្នុងទីក្រុងលួហ៊ើរ មណ្ឌលហ៊ើណាន កាលពីថ្ងៃទី22 កញ្ញាកន្លងទៅ។
Li Chade ប្លុកគើរផ្នែកសត្វចិញ្ចឹម បានផ្ដល់ទិន្នន័យថា សត្វចិញ្ចឹមទាំងនោះ ត្រូវបានបញ្ជូនទៅឱ្យអ្នកទិញទូទាំងប្រទេស ដែលកុម្ម៉ង់ទិញតាមអនឡាញ ដោយដឹកជញ្ជូនតាមរថយន្តដឹកទំនិញ ពីកសិដ្ឋាន ទៅឃ្លាំងស្តុកទំនិញនៅក្នុងទីក្រុងជឹងចូ ភាគកណ្ដាល មុននឹងបញ្ជូនបន្តទៅឯឃ្លាំងស្តុកទំនិញក្នុងទីក្រុងលួហ៊ើរ ក្រោយពីសត្វចំនួនដ៏ច្រើន បានស្លាប់កណ្ដាលផ្លូវ។
ស្ត្រីអ្នកស្ម័គ្រចិត្តម្នាក់ របស់ក្រុម Utopia Animal Rescue បានប្រាប់ថា “យើងធ្លាប់បានជួយសង្គ្រោះពីមុនមកហើយ តែលើកនេះ គឺជាលើកដំបូងហើយ ដែលខ្ញុំត្រូវមកជួបនូវអ្វីដែលគួរឱ្យសោកសង្រេងបែបនេះ…ពេលយើងទៅដល់ មានប្រអប់ក្រដាសបញ្ជូនទំនិញ គរដូចភ្នំ ដែលមានសត្វចិញ្ចឹមនៅខាងក្នុង សត្វជាច្រើនក្បាលបានស្លាប់ និងចាប់ផ្ដើមធុំក្លិនស្អុយ គួរឱ្យខ្ពើមខ្លាំងណាស់”។
អាជ្ញាធរកំពុងស្ថិតក្នុងអំឡុងពេលស៊ើបអង្កេតពីហេតុការណ៍ដែលកើតឡើងនេះ គឺជាហេតុការណ៍ 1ទៀតដែលបង្កឱ្យកើតមានក្ដីកង្វល់ពាក់ព័ន្ធនឹងការគ្មានច្បាប់ទម្លាប់ក្នុងការទិញ-លក់សត្វចិញ្ចឹមតាមអនឡាញនៅក្នុងប្រទេសចិន។ ដោយសារតែមុខជំនួញ E-Commerce កំពុងតែពង្រីកខ្លួន បែបគ្រប់ដណ្ដប់ទូទាំងចក្កវាឡ ក្នុងនោះរួមទាំងការអាចទិញ-លក់សត្វមានជីវិតតាមអនឡាញផងដែរ តែជាញឹកញាប់ណាស់ ដែលសត្វចិញ្ចឹមទាំងនោះ ត្រូវបានដឹកជញ្ជូន ក្នុងសភាពគ្មានសុវត្ថិភាពដោយបណ្ដាក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងឡាយ៕
ប្រភព៖ សារព័ត៌មានបរទេស