ក្រុមប្រដាប់អាវុធដែលស្និទ្ធនឹងអ៊ីរ៉ង់ បានបាញ់រ៉ុកកែតចំនួន6គ្រាប់ទៅលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ាក់ដែលមានកងទ័ពសហរដ្ឋអាមេរិកកំពុងបំពេញបេសកកម្ម ក៏ប៉ុន្តែមិនបានបង្កឱ្យមានមនុស្សស្លាប់នោះឡើយ។
“កងកម្លាំងប្រដាប់អាវុធ Hashed al-Shaabi បានបាញ់រ៉ុកកែតចំនួន6គ្រាប់ចេញពីខេត្ត Nineveh សំដៅលើព្រលានយន្តហោះ Erbil ជាកន្លែងដែលកងទ័ពអាមេរិកកំពុងឈរជើង” នេះបើតាមសេចក្ដីប្រកាសកាលពីថ្ងៃទី30កញ្ញារបស់អង្គភាពប្រឆាំងភេរវកម្មនៃតំបន់ស្វយ័តរបស់ជនជាតិឃឺដ (Kurd) នៅអ៊ីរ៉ាក់។ Hashed al-Shaabi គឺក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។
Souran Ali ជាមន្ត្រីម្នាក់មកពីបក្សប្រជាធិបតេយ្យជនជាតិឃឺដអ៊ីរ៉ង់ Kurd Iran (PDK-I) មុននោះបានឱ្យដឹងថា រ៉ុកកែតជាច្រើនគ្រាប់ត្រូវបានបាញ់កាលពីយប់ថ្ងៃទី30កញ្ញា សំដៅទៅកាន់មូលដ្ឋានរបស់ PDK-I ដែលមានចម្ងាយពីព្រលានយន្តហោះ Erbil 2គីឡូម៉ែត្រ។ វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមបានបង្ហាញថា មានអគ្គិសភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធោ ដោយសារគ្រាប់រ៉ុកកែត។
Wayne Marotto អ្នកនាំពាក្យនៃយុទ្ធនាការ Operation Inherent Resolve ឬហៅកាត់ថា OIR (OIR គឺជាយុទ្ធនាការរបស់កងទ័ពសហរដ្ឋអាមេរិកដែលធ្វើអន្តរាគមន៍យោធាប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ និងស៊ីរី) ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានឱ្យដឹងថា គ្រាប់រ៉ុកកែតមិនបានធ្លាក់ចំទីតាំងរបស់កងកម្លាំងចម្រុះនៅមូលដ្ឋាន Erbil នោះទេ។ Marotto បង្ហោះសារនៅលើ Twitter ថា៖ “មិនមានការខូចខាត និងការបាត់បង់ជីវិតឡើយ ហើយករណីវាយប្រហារនេះកំពុងត្រូវបានស្រាវជ្រាវ”។
នៅក្នុងខែសីហា2020 បណ្ដាមូលដ្ឋានទ័ព និងកងកម្លាំងសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ ត្រូវរងការវាយប្រហារដោយរ៉ុកកែតប្រមាណជា40លើករូចមកហើយ។
ក្រសួងការបរទេសអាមេរិក ក្រោយមកក៏បានចោទប្រកាន់ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ថា ជាក្រុមដៃដល់ដែលបានធ្វើការវាយប្រហារនេះ។ សហរដ្ឋអាមេរិក បានព្រមានអំពីការបិទស្ថានទូត និងដកកងទ័ព3,000នាក់ចេញពីប្រទេសអ៊ីរ៉ាក់ បើសិនជាការវាយហារដោយរ៉ុកកែតមិនត្រូវបានទប់ស្កាត់។
សូមបញ្ជាក់ថា Hashed al-Shaabi មានសមាជិកជាង80,000នាក់ និងត្រូវគាំទ្រដោយប្រទេសអ៊ីរ៉ង់។ កងកម្លាំងនេះមានតួនាទីសំខាន់នៅក្នុងយុទ្ធនាការប្រឆាំងនៃអង្គការរដ្ឋអ៊ីស្លាម (ISIS) ក៏ប៉ុន្តែ ថ្មីៗនេះ ពួកគេមានការខឹងជាខ្លាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីមេបញ្ជាការម្នាក់ត្រូវបានសម្លាប់រួមជាមួយនឹងមេទ័ពម្នាក់របស់អ៊ីរ៉ង់ គឺលោក Qasem Soleimani កាលពីខែមករា៕
ប្រភព៖ AFP