“Jet li” ប្រាប់ថា លោកបានប្រគល់ទ្រព្យសម្បត្តិដែលមានទាំងអស់ជាង 2,000លានយន់(ប្រមាណ 250លានដុល្លា) ឱ្យទៅភរិយាជាអ្នកគ្រប់គ្រងទាំងអស់ ព្រោះមានអារម្មណ៍ថា លោកជំពាក់គុណនាងច្រើនណាស់ ហើយនាងថែមទាំងជាស្នេហ៍ពិតប្រាកដ និងស្នេហ៍គ្រាដំបូងរបស់លោកទៀតផង។
តារាភាពយន្តលំដាប់ពិភពលោករូបនេះ បាននិយាយរឿងនេះនៅក្នុងកម្មវិធីទូរទស្សន៍មួយ ដែលលោកបានចូលរួមកាលពីពេលថ្មីៗនេះ ដោយលោកបានប្រាប់ថា ដែលលោកសម្រេចចិត្តប្រគល់ទ្រព្យសម្បត្តិទាំងអស់ឱ្យទៅភរិយា ក៏ព្រោះតែកន្លងមក នាងបានលះបង់ច្រើនណាស់ដើម្បីរូបលោក ជាពិសេសក្នុងអំឡុងពេលដែលនាងនៅមានការងារដែលត្រូវធ្វើច្រើន។ លី ជឺ ភរិយារបស់ ចិត លី ដែលជាអតីតបវរកញ្ញាប្រចាំទ្វីបអាស៊ី (Miss Asia) នោះ បានសម្រេចចិត្តបោះបង់ចោលការងារក្នុងពិភពភាពយន្តដែលពេលនោះកំពុងមមាញឹក ដើម្បីមកជួយមើលថែទាំរូបលោក ទាំងលើរឿងការងារ និងរឿងផ្ទាល់ខ្លួន។
ក្រៅពីនោះ នៅក្នុងរឿងស្នេហាវិញ ចិត លី នៅបានទទួលស្គាល់ថា លី ជឺ គឺជាស្នេហាពិតប្រាកដរបស់លោក។ ចិត លី ប្រាប់ថា លោកធ្លាប់មានអារម្មណ៍ស្រឡាញ់ស្ត្រីផ្សេងខ្លះដែរ តែនៅពេលបានមកជួប លី ជឺ ទើបលោកយល់ច្បាស់ថា សេចក្ដីស្នេហាពិតប្រាកដគឺអ្វី។
ចិត លី ធ្លាប់ឆ្លងកាត់ការរៀបអាពាហ៍ពិពាហ៍ ម្ដងរួចមកហើយ ជាមួយតារាសម្ដែងស្រីម្នាក់ ដែលលោកធ្លាប់រួមការងារជាមួយគ្នា ដែលមានឈ្មោះថា ហួង ឈីវយៀន ដែលចិត លី បានប្រាប់ត្រង់ៗថា ដែលលោកសម្រេចចិត្តរៀបការជាមួយនាង ក៏ព្រោះតែចាស់ៗណែនាំថា បើបានរៀបការជាមួយនាង នឹងជួយលើកជោគជតារាសី ឱ្យជីវិតរបស់លោកល្អប្រសើរឡើង ដែលនៅពេលនោះ ជីវិតរបស់ចិត លី កំពុងជួបប្រទះបញ្ហាយ៉ាងច្រើន។
កាលនោះ អាជីពជាតារាភាពយន្តរបស់ចិត លី នៅដុនដាបនៅឡើយ ចេញពីប្រទេសចិនដីគោក ត្រូវមកស្វែងរកឱកាសនៅទីក្រុងហុងកុង ហើយនៅឆ្នាំ1989 លោកបានសម្ដែងក្នុងខ្សែភាពយន្ត 1រឿង និងបានជួបជាមួយ លី ជឺ ដែលសម្ដែងក្នុងរឿងនោះជាមួយគ្នាដែរ និងក៏បានស្រឡាញ់គ្នានាពេលក្រោយមក។ ពេលនោះនាងបានជួយទំនុកបម្រុងលោកយ៉ាងច្រើន ដែលកាលនោះ ចិត លី នៅមិនទាន់បានក្លាយជាតារាភាពយន្តដែលល្បីល្បាញដូចសព្វថ្ងៃនេះឡើយ។
ក្រោយពីសេពគប់គ្នាអស់រយៈពេល 9ឆ្នាំមក នៅឆ្នាំ1999 ចិត លី ដែលពេលនោះបានក្លាយជាតារាភាពយន្តលំដាប់ពិភពលោកហើយនោះ បានសម្រេចចិត្តរៀបការជាមួយ លី ជឺ ជាស្វាមី-ភរិយាពេញច្បាប់៕
ប្រភព៖ សារព័ត៌មានបរទេស