កាលពីថ្ងៃទី27 កញ្ញាកន្លងទៅ ស្ថានីយទូរទស្សន៍ NHK របស់ជប៉ុន បានរាយការណ៍ពីសោកនាដកម្មមួយគឺ តួឯកស្រីដ៏ល្បីល្បាញរបស់ជប៉ុន យូកុ ថាខេអ៊ុជិ វ័យ 40ឆ្នាំ បានបញ្ចប់ជីវិតខ្លួនឯងយ៉ាងទាន់ហន់ គ្មាននរណានឹកស្មានដល់ ព្រោះនាងគ្មានបង្ហាញពីភាពខុសប្រក្រតីអ្វី ឱ្យក្រុមគ្រួសារសង្កេតឃើញពីមុនមកទាល់តែសោះ ខណៈដែលអង្គការការពារការធ្វើអត្តឃាតរបស់ជប៉ុន មានការព្រួយបារម្ភថា អាចនឹងមានរឿងគួរឱ្យសោកស្ដាយបែបនេះកើតឡើងទៀត…។
លោក ថៃគិ ណាកាបាយ៉ាឈិ ស្វាមីដែលជាតារាសម្ដែងដូចគ្នា បានប្រទះឃើញរាងកាយរបស់យូកុ នៅអំឡុងម៉ោង 2ទៀបភ្លឺ ថ្ងៃអាទិត្យ ទី27 កញ្ញា នៅក្នុងផ្ទះ ក្នុងតំបន់ឈិប៊ូយៈ ក្រុងតូក្យូ។ នៅពេលនាំទៅដល់មន្ទីរពេទ្យ ពេទ្យបានប្រកាសអះអាងថា នាងបានស្លាប់បាត់ទៅហើយ។
អាជ្ញាធរប៉ូលិស បានធ្វើការត្រួតពិនិត្យបឋម មិនឃើញមានសំបុត្រ ឬសំណេរប្រាប់ពីការលាគ្នាណាមួយឡើយ។ ស្រដៀងគ្នានឹងករណី តារាជប៉ុនល្បីឈ្មោះយ៉ាងតិច 3នាក់ កាលពីពេលមុននេះ ដែលមិនបានបន្សល់ទុកសំណេរអ្វីទាំងអស់ មុនពេលបញ្ចប់ជីវិតខ្លួនឯង មិនថា សេអ៊ិ អាឈិណៈ តារាស្រីវ័យ 36ឆ្នាំ ដែលមានស្នាដៃសម្ដែងក្នុងខ្សែភាពយន្តអន្តរជាតិរឿង Silk ដែលបានឃ្លាតចាកទៅកាលពីថ្ងៃទី14 កញ្ញាកន្លងទៅថ្មីៗនេះ នៅឯអាផាតមិនត៍ ក្នុងតំបន់ឈិប៊ូយៈ ក្រុងតូក្យូដូចគ្នាដែរ។
តារាឯកប្រុស ហារុម៉ៈ មិអ៊ូរ៉ាក់ វ័យ 30ឆ្នាំ សម្ដែងក្នុងរឿង Titan បានផ្ដាច់ជីវិតខ្លួនឯង កាលពីខែកក្កដាកន្លងទៅ នៅក្នុងបន្ទប់ស្នាក់ ក្នុងតំបន់មិណាតុ ក្រុងតូក្យូ និង ហាណៈ ឃិមូរ៉ៈ តារាកីឡាការិនីចំបាប់ដ៏ល្បីល្បាញ ដែលធ្លាប់ចូលរួមក្នុងកម្មវិធី រៀលលីធី សូ របស់កម្មវិធី Netflix មុននឹងបញ្ចប់ជីវិតខ្លួនឯង កាលពីខែឧសភា ក្នុងឆ្នាំនេះដូចគ្នាទាំងអស់។
តាមរយៈទិន្នន័យរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា ជប៉ុន ស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាការធ្វើអត្តឃាតខ្ពស់ជាប់លំដាប់ពិភពលោក តែក្រោយពីមានវិធានការការពារយ៉ាងច្បាស់លាស់ តាំងពីឆ្នាំ2015មក តួលេខក៏បានធ្លាក់ចុះជារឿយៗ។
លោក ថាត់សឺយ៉ៈ ឈិប៊ូអ៊ិ អ្នកយកព័ត៌មានឯករាជ្យ ដែលតាមដាន និងរាយការណ៍ពីទិន្នន័យនៃការធ្វើអត្តឃាតជាច្រើនឆ្នាំមកហើយនោះ បានផ្ដល់ការយល់ឃើញថា ពិភពភាពយន្តកម្សាន្ត ច្រើនតែណែនាំបង្ហាញពីទិដ្ឋភាពមុខឆាកដែលល្អស្អាត តែខាងក្រោយឆាក ឬជីវិតពិតវិញ ទម្រាំតែតារាសម្ដែងនឹងបានទទួលសម្ដែង វាគឺជាពិភពមួយដែលដាក់សម្ពាធដ៏ធ្ងន់ និងទាំងអស់នោះហើយដែលធ្វើឱ្យអារម្មណ៍តារាសម្ដែង មិននឹងនរ។
លោកថាត់សឺយ៉ៈ និយាយថា “រឹតតែអ្នក លក់បានច្រើនប៉ុនណា ភាពតានតឹង និងសម្ពាធចំពោះអនាគត រឹតតែច្រើនឡើងប៉ុននោះដែរ ហើយបើនៅសុខៗ អ្នកបែរត្រឡប់ មើលមកជីវិតរបស់ខ្លួនឯង រវាងការងារ និងជីវិតផ្ទាល់ខ្លួនផងនោះ ផ្លូវចិត្តអាចនឹងធ្លាក់ដាំក្បាលចុះទៅរកភាពសោកសៅនៅត្រង់ចន្លោះនោះ និងកើតមានអារម្មណ៍ថា តើយើងធ្លាប់មានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែទាំខ្លួនឯងដែរឬទេ ក្នុងពេលដែលយើងកំពុងបាត់បង់តុល្យភាពខាងផ្លូវចិត្ត?”។
ចំណែកលោក យ៉ាម៉ាតុ សាតុ អគ្គនាយកអង្គការការពារសិទ្ធិតារា និងជនល្បីឈ្មោះ បានថ្លែងថា តារាល្បីៗមានភាពតានតឹងក្នុងចិត្តជាគ្រឹះប្រចាំថ្ងៃស្រាប់ទៅហើយ ហើយថែមទាំងឆ្នាំនេះ នៅមានកើតស្ថានការណ៍ជំងឺរាតត្បាតកូវីដ-19 ដែលត្រូវប្រើភាពអត់ធ្មត់កាន់តែច្រើនឡើងផងនោះ ទើបអាចស្ថិតក្នុងអំឡុងពេលដែលត្រូវប្រឈមមុខជាមួយខ្លួនឯង និងភាពតានតឹងធុញថប់ចំពោះអនាគត។
ចំណែក យ៉ាស៊ឹយូគិ ឈិមិស៊ឹ CEO របស់សមាគមកម្លាំងចិត្តជីវិត ការពារការធ្វើអត្តឃាត បានថ្លែងអំពីក្ដីវិតក្កកង្វល់ថា ការស្លាប់របស់តារាឯកស្រី យូកុ អាចមានផលខាងចិត្តវិទ្យាដល់មនុស្សធម្មតាទូទៅ។
លោកយ៉ាស៊ឹយូគិ ឈិមិស៊ឹ ថ្លែងថា “ពេលដែលតារា ឬជនល្បីឈ្មោះធ្វើអត្តឃាត មនុស្សក្នុងសង្គមសឹងតែគាំងបេះដូង បើរបាយការណ៍នៅតែមានបន្តទៀត អាចនឹងហុចផលប៉ះពាល់ មិនចំពោះតែអ្នកនៅក្នុងពិភពកម្សាន្តនោះទេ តែមនុស្សធម្មតាដែលស្ថិតក្នុងវ័យជំទង់ ឬអ្នកដែលមានភាពធុញថប់តានតឹងស្រាប់ហើយ រឹតតែមានកូវីដ-19ផងនោះ ធ្វើឱ្យឱកាសចង់និយាយជាមួយអ្នកដទៃកាន់តែថយចុះតិចទៅ ទើបគួរឱ្យព្រួយបារម្ភចំពោះស្ថានការណ៍នេះខ្លាំងណាស់។
លោកបានណែនាំឱ្យជនជាតិជប៉ុនដែលមានភាពធុញថប់តានតឹងក្នុងអារម្មណ៍ថា កុំនៅស្ងាត់ៗតែម្នាក់ឯង រកអ្នកជិតស្និទ្ធជជែកលេងជាមួយ ឬសរសេរទម្លាយអារម្មណ៍ដែលមាននៅក្នុងចិត្ត។ ទាំងអស់នេះអាចនឹងជួយបានខ្លះ រួមទាំងទំនាក់ទំនងអង្គការសង្គ្រោះបន្ទាន់ដែលអាចផ្ដល់ការប្រឹក្សាបានជានិច្ច។
ពីស្ត្រីស្រស់ស្អាតភ្លឺថ្លា ក្លាយជាស្ត្រីរឹងមាំ
យូកុ ថាខេអ៊ូជិ កើតនៅថ្ងៃទី1 មេសា 1980 នៅទីក្រុងអ៊ុរ៉ាវៈ ខេត្តសៃតាម៉ៈ ឈានចូលពិភពសិល្បៈតាំងពីនៅវ័យជំទង់ មានឈ្មោះល្បីនៅពេលបានសម្ដែងជាតារាឯកនៅក្នុងរឿង Asuka របស់ស្ថានីយទូរទស្សន៍ NHK កាលពីឆ្នាំ1999។
ក្លាយជាតារាឯកស្រីក្នុងដួងចិត្តប្រជាជនជប៉ុន ដែលមានវិវឌ្ឍនាការការសម្ដែងចេញពីតួនាងក្រមុំស្រស់ស្អាតគួរឱ្យស្រឡាញ់ ធំធាត់ឡើង បានទទួលការពេញនិយមជាមួយនឹងតួនាងក្រមុំក្បែរផ្ទះ ដែលមានស្នាមញញឹមធ្វើឱ្យពិភពលោកស្រស់ថ្លា រហូតក្លាយជាស្ត្រីពូកែ រឹងប៉ឹងនៅពេលដល់វ័យ 30ប្លាយ ដែលមិនថាសម្ដែងជាតួអ្វី ក៏យូកុ ប្រៀបដូចជាមេដែកឆក់ ដែលទាញរេតធីង បានខ្ពស់ទាំងរឿងភាគសម័យដើម និងរឿងភាគរួមសម័យ។
ក្រៅពីស្នាដៃខាងរឿងភាគ និងខ្សែភាពយន្តដែលល្បីល្បាញក្នុងប្រទេសជប៉ុនហើយ យូកុ ថែមទាំងដណ្ដើមបានរង្វាន់ជាតារាសម្ដែងឆ្នើម 3ឆ្នាំជាប់ៗគ្នា ក្នុងអំឡុងឆ្នាំ2004-2007 និងថែមទាំងមានការងារដើរបង្ហាញម៉ូដ ផ្សាយពាណិជ្ជកម្មផលិតផលល្បីៗ និងថតម៉ូដលើគម្របទស្សនាវដ្ដីល្បីៗ និងនៅមានស្នាដៃដែលបានទទួលការពេញនិយមយ៉ាងទូលំទូលាយនៅឆាកអន្តរជាតិទៀតផង។
ស្នាដៃរឿងភាគចុងក្រោយៗរបស់យូកុ មានដូចជា ការសម្ដែងជាតួ ស៊ើឡក់ ហូមស៍ Versionស្រី នៅក្នុងរឿង Miss Sherlock របស់បុស្តិ៍ HBO ក្នុងឆ្នាំ2018 និងរឿង Queen ឆ្នាំ2019 ក្នុងតួមេធាវីស្រីដ៏ពូកែ។
ជីវិតផ្ទាល់ខ្លួន នាងបានរៀបការលើកដំបូងយ៉ាងអឹកធឹកគគ្រឹកគគ្រេងជាមួយលោក ឈិនដូ ណាកាមូរ៉ៈ តារាកំប្លែង និងជាតារាឯកប្រុសដែលសម្ដែងគូគ្នានៅក្នុងខ្សែភាពយន្តល្បីល្បាញរឿង Be With Me។ រស់នៅជាមួយគ្នាក្នុងអំឡុងឆ្នាំ2005-2008 មានកូនប្រុសម្នាក់ជាមួយគ្នា មុននឹងជីវិតអាពាហ៍ពិពាហ៍ត្រូវដួលរលំ នៅពេលខាងប្រុសបែកធ្លាយព័ត៌មានថា មានស្រីផ្សេង។
ភាពរឹងប៉ឹងរបស់យូកុ ក្រោយការលែងលះ ធ្វើឱ្យនាងបានទទួលកម្លាំងចិត្ត និងសំឡេងស្ងើចសរសើរ ពីអ្នកគាំទ្រជាស្ត្រីជប៉ុនយ៉ាងច្រើន។
តមក នៅឆ្នាំ2019 យូកុ រៀបការម្ដងទៀតជាមួយតារាសម្ដែងជំនាន់ប្អូន ថៃគិ ណាកាបាយ៉ាឈិ ដែលមានអាយុខុសគ្នា 5ឆ្នាំ នៅថ្ងៃទី27 កុម្ភៈ និងទើបតែមានកូនប្រុសម្នាក់ទៀត ប្រសូតកាលពីខែកុម្ភៈ ឆ្នាំនេះ(2020) ដែលមានអាយុប្អូនកូនប្រុសច្បង 14ឆ្នាំ។
ការឃ្លាតទៅរបស់យូកុ ក្នុងគ្រានេះ មានមិត្តភក្តិតារាភាពយន្ត និងអ្នកនៅក្នុងពិភពសិល្បៈ រួមទាំងបណ្ដាអ្នកគាំទ្រផង បាននាំគ្នាផូស្តពាក្យសោកស្ដាយ និងអាណិតនាងយ៉ាងច្រើនកុះករ។
លោក ហ៊ីដេអូ ណាកាតៈ អ្នកដឹកនាំខ្សែភាពយន្តរឿង Ring ដែលជ្រើសរើសយកយូកុ មករួមសម្ដែងក្នុងខ្សែភាពយន្តនេះ កាលពីនាងមានអាយុត្រឹមតែ17ឆ្នាំនោះ បានផូស្តសំណេរថា “ខ្ញុំបានជួបនាង ពេលជ្រើសរើសអ្នកសម្ដែងក្នុងរឿង Ring ពេលនោះ នាងមើលទៅស្អាត និងចែងចាំងខ្លាំងណាស់ ខ្ញុំសោកស្ដាយណាស់ សោកស្ដាយមែនទែន ដែលនាងឃ្លាតទៅបែបនេះ”៕
ប្រភព៖ សាព័ត៌មានបរទេស