មានភាពអាចទៅរួច ដែលការផលិតវ៉ាក់សាំងបង្កើនប្រព័ន្ធប្រឆាំងវីរុសកូវីដ-19 នៅក្នុងខ្លួនមនុស្ស ដែលអាចត្រូវប្រើប្រាស់ត្រីឆ្លាមជាង 5សែនក្បាល។
អ្នកវិទ្យាសាស្ត្រ បានព្យាយាមសិក្សាស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-19 ដែលអាចនឹងប្រើសារធាតុ Squalene ឬខ្លាញ់ចម្រាញ់ចេញពីថ្លើមត្រីឆ្លាម ធ្វើជាចំណែកផ្សំក្នុងការផលិតសារធាតុបង្កើនឥទ្ធិពល បង្កើនប្រសិទ្ធភាព និងជំរុញឱ្យរាងកាយផលិតប្រព័ន្ធប្រឆាំងជំងឺបានល្អ ដោយប្រើបរិមាណវ៉ាក់សាំងកាន់តែតិច។ អ្នកជំនាញការ បញ្ជាក់ថា ការចម្រាញ់យកសារធាតុ Squalene ឱ្យបាន 1តោន នឹងត្រូវប្រើត្រីឆ្លាមប្រមាណជា 3ពាន់ក្បាល ខណៈដែលក្រុមហ៊ុន គ្លែកសូស្ម៊ីត ក្លាញន៍ អ្នកផលិតវេជ្ជភណ្ឌដ៏ធំមួយរបស់ប្រទេសអង់គ្លេស ដែលប្រើប្រាស់សារធាតុ Squalene នៅក្នុងវ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំនោះ បានប្រកាសកាលពីខែឧសភារួចហើយថា ខ្លួននឹងផលិតសារធាតុបង្កើនឥទ្ធិពលនេះ 1ពាន់លានដូស ដើម្បីគាំទ្រដល់ការផលិតវ៉ាក់សាំងការពារវីរុសកូរ៉ូណាប្រភេទថ្មី។
Shark Allies ជាអង្គការNGO នៅក្នុងរដ្ឋកាលីហ្វ័រនៀ បានវាយតម្លៃថា បើប្រជាជននៅទូទាំងពិភពលោកត្រូវទទួលវ៉ាក់សាំងកូវីដ-19 ដែលមានខ្លាញ់ថ្លើមត្រីឆ្លាមជាចំណែកផ្សំក្នុងម្នាក់ចំនួន 1ដូស គឺមានន័យថា ត្រីឆ្លាមនឹងត្រូវសម្លាប់ដើម្បីការងារនេះប្រមាណ 2.5សែនក្បាល តែទាំងអស់នេះ វាអាស្រ័យលើបរិមាណសារធាតុ Squalene ដែលនឹងត្រូវប្រើដែរ។ តួលេខខាងលើនេះ ឃើញហើយគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ តែអ្នកស្រាវជ្រាវជឿថា ការសាងប្រព័ន្ធប្រឆាំងជំងឺនេះ នឹងត្រូវប្រើវ៉ាក់សាំងក្នុងមនុស្សម្នាក់ចំនួន 2ដូស ដូច្នេះវាមានន័យថា ត្រីឆ្លាមអាចនឹងត្រូវសម្លាប់ប្រមាណជា 5សែនក្បាលឯណោះ។
លោកស្រី ស្តេហ្វានី ប្រេនឌើល ស្ថាបនិក និងជាប្រធានគ្រប់គ្រងអង្គការ Shark Allies ថ្លែងថា ការប្រមូលយកអ្វីម្យ៉ាង ពីសត្វនៅក្នុងធម្មជាតិ មកប្រើក្នុងបរិមាណច្រើន គ្មានផ្លូវនឹងស្ថិតស្ថេរគង់វង្សបានទេ ជាពិសេសបើសត្វដែលត្រូវតាមប្រមាញ់នោះ មិនបានពង្រីកពូជក្នុងចំនួនច្រើនគ្រប់គ្រាន់។ ពេលនេះ យើងនៅមិនទាន់ដឹងថា តើជំងឺរាតត្បាតនេះ នឹងអូសបន្លាយយូរតទៅទៀតប៉ុនណា? និងមានវ៉ាក់សាំងប៉ុន្មានបែបទៀត ដែលកំពុងផលិតចេញមកពីចំនួនត្រីឆ្លាមដែលត្រូវនាំយកមកប្រើ ដែលនឹងកើនឡើង 1ឆ្នាំហើយ 1ឆ្នាំទៀត។
បច្ចុប្បន្ន គេអាចវាយតម្លៃបានថា ក្នុង 1ឆ្នាំៗ ត្រីឆ្លាមត្រូវបានសម្លាប់ដើម្បីចម្រាញ់យកសារធាតុ Squalene ដែលប្រើក្នុងការផលិតថ្នាំ និងគ្រឿងសម្អាង រួចស្រេចទៅហើយ ក្នុង 1ឆ្នាំប្រមាណជា 3លានក្បាល។ តម្រូវការដែលកើនឡើងយ៉ាងឆាប់រហ័សបែបនេះ អាចនឹងបំពានទៅលើប្រភេទត្រីឆ្លាមដែលមានសារធាតុ Squalene ខ្ពស់ និងប្រថុយនឹងការដាច់ពូជ។ អង្គការ Shark Allies បានអំពាវនាវឱ្យឧស្សាហកម្មឱសថ ព្យាយាមស្វែងរកជម្រើសផ្សេងទៀតដែលមិនមែនជាសត្វ និងស្ថិតស្ថេរគង់វង្សជាង ក្នុងការសាកល្បងផលិតផលទាំងបច្ចុប្បន្ន និងអនាគត៕
ប្រភព៖ សារព័ត៌មានបរទេស