សម្រួលអារម្មណ៍ស្ទើរតែមិនទាន់ ព្រោះកំពុងលុតជង្គង់សុំសង្សាររៀបការយ៉ាងសែនរ៉ូមែនទិក នៅលើស្ពានអៃខន់ របស់ទីក្រុងនីវយ៉ក ហើយគូស្នេហ៍មិនទាន់ទាំងបានឆ្លើយចាសផង ស្រាប់តែអ្នកជិះកង់ម្នាក់ ក៏ជិះចូលមកចូកយកអ្នកថតរូបដួលបះជើងមុនបាត់ទៅហើយ។
លោក គ្រីស វីហ្គោ បានលុតជង្គង់សុំគូស្នេហ៍ អ្នកនាង អ៊ែងជេលីកា រិវេរ៉ា រៀបការ នៅលើផ្លូវដើរលើស្ពានប្រ៊ូគ្លីន ទីកន្លែងនិមិត្តរូបមួយរបស់ទីក្រុងនីវយ៉ក ដោយបានស្នើសុំឱ្យលោក ចច រ៉ូហ្សារីអូ សម្លាញ់របស់គេ ធ្វើជាអ្នកថតរូបភាពក្នុងវិនាទីដ៏សំខាន់នៃជីវិតលើកនេះកាលពីថ្ងៃទី18កញ្ញាកន្លងទៅ តែនៅក្បែរនោះ គេសង្កេតឃើញមានអ្នកជិះកង់ទៅមកឥតឈប់ និងបើតាមព័ត៌មានបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ មានអ្នកជិះកង់ទៅមកក្នុងទីក្រុងនីវយ៉កច្រើនជាងប្រក្រតី ព្រោះមនុស្សម្នាជាច្រើន បានចៀសវាងពីការប្រើរថភ្លើងក្រោមដី ព្រោះមិនចង់ប្រថុយប្រថាននឹងការឆ្លងកូវីដ-19ហ្នឹងឯង។
ខណៈពេលដែល ចច ស្ទុះចូលទៅឈរក្នុងទីតាំងថ្មីនៅលើផ្លូវសម្រាប់អ្នកជិះកង់ ដើម្បីឱ្យបានជ្រុងថតរូបបានល្អ សម្រាប់ម៉ូមេនត៍ពេលដែលគ្រិសសួរថា សុខចិត្តរៀបការជាមួយបងទេ ហើយខាងស្រីនឹងឆ្លើយតបនោះ…
ស្រាប់តែមានអ្នកជិះកង់ម្នាក់បានមកដល់ និងចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកជាងថតរូបយើង រហូតដួលផ្កាប់មុខទាំង 2នាក់ តែសំណាងល្អណាស់ ដែលគ្មានអ្នកណាម្នាក់រងរបួសអីធ្ងន់ធ្ងរ ខណៈដែលគ្រិសនៅមិនទាន់លែងដៃពីគូស្នេហ៍ និងថែមទាំងងាកទៅប្រាប់យ៉ាងអស់សំណើចថា មិនអីទេ ចាំកាត់អាឆាកបុកគ្នាហ្នឹងចេញក៏បាន…។
តែមានមិត្តភក្ដិម្នាក់ទៀតរបស់គ្រិស បានថតយកបានទិដ្ឋភាពហេតុកាណ៍នេះទាំងអស់ និងបន្ទាប់មក គ្រិសបាននាំយកឃ្លិបវីដេអូនេះទៅចែករំលែកនៅក្នុងបណ្ដាញសង្គមអ៊ីនស្តាក្រាម ព្រមទាំងសរសេរឃែបស្សិនទៀតផងថា “បើអ្នកណាចង់សុំគូស្នេហ៍រៀបការ កុំភ្លេចទីក្រុងនីវយ៉កណា៎”។ ក្រៅពីនេះ គ្រីសថែមទាំងបានផ្ដល់សម្ភាសជាមួយ NBC NEWYORK នៅពេលក្រោយមកទៀតផងថា ភ្លាមៗនោះលោកគិតថា តើត្រូវរង់ចាំឱ្យអ៊ែងជេលីណា ឆ្លើយយល់ព្រមសិន ឬក៏ទៅជួយលើកពួកម៉ាកមុន?។
ចំណែកឯ អេរិក ឆយ បុរសអ្នកជិះកង់បុកអ្នកថតរូប បាននិយាយថា រូបគេត្រេកអរណាស់ ដែលគ្មានអ្នករងគ្រោះអីធ្ងន់ធ្ងរ និងចង់ឱ្យមនុស្សទាំងអស់ប្រយ័ត្នប្រយែងឱ្យខ្លាំងជាងនេះ ពេលនៅលើផ្លូវសម្រាប់ជិះកង់៕
ប្រភព៖ សារព័ត៌មានបរទេស