យន្តហោះដឹកទំនិញរបស់ទ័ពអាកាសអ៊ុយក្រែន បានជួបគ្រោះថ្នាក់ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅពេលកំពុងត្រៀមចុះចតនៅព្រលានយន្តហោះ Chuhuiv បណ្ដាលឱ្យមនុស្សយ៉ាងតិច22នាក់បានស្លាប់។
ទ័ពអាកាសរបស់អ៊ុយក្រែន បានប្រកាសថា៖ “ហេតុការណ៍បានកើតឡើងកាលពីយប់ថ្ងៃទី25កញ្ញា នៅពេលយន្តហោះ An-26 កំពុងបន្ទាបខ្លួនចុះចតនៅព្រលានយន្តហោះ Chuhuiv ក្នុងខេត្ត Kharkov។
វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនៃប្រទេសអ៊ុយក្រែន បានបង្ហាញថា ខ្មោចយន្តហោះនេះកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្បែរផ្លូវល្បឿនលឿនដែលមានចម្ងាយប្រមាណ1.2គីឡូម៉ែត្រពីផ្លូវចុះចត។
ក្រសួងមហាផ្ទៃអ៊ុយក្រែន ដំបូងឡើយបានឱ្យដឹងថា នៅលើយន្តហោះនេះមានមនុស្សចំនួន23នាក់ រួមមានបុគ្គលិកហោះហើរ5នាក់ និងសិក្ខាកាមនៃសាកលវិទ្យាល័យទ័ពអាកាសជាតិ Ivan Kozhedub ចំនួន18នាក់។ ប៉ុន្តែ ក្រោយមក មន្ត្រីនៃប្រទេសនេះបាននិយាយថា នៅលើយន្តហោះនោះមានបុគ្គលិកហោះហើរ7នាក់ និងសិក្ខាកាម20នាក់ ក្នុងនោះមាន22នាក់បានបាត់បង់ជីវិត 2នាក់រងរបួសធ្ងន់ និង3នាក់បាត់ខ្លួន។
មូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយ ក៏ប៉ុន្តែ ប្រភពព័ត៌មានពីកងទ័ពបានឱ្យដឹងថា យន្តហោះនេះបានប្រកាសជូនដំណឹងថា ម៉ាស៊ីនរបស់យន្តហោះជួបបញ្ហានៅមុនពេលយន្តហោះធ្លាក់។
Antonov An-26 គឺជាយន្តហោះដឹកទំនិញប្រភេទមធ្យម ដែលត្រូវបានផលិតឡើងដោយសូវៀត ក្នុងដំណាក់កាលពីឆ្នាំ1969-1986។ យន្តហោះនេះមានម៉ាស៊ីន AI-24VT ចំនួន2 អាចហោះហើរក្នុងល្បឿន440គីឡូម៉ែត្រ/ម៉ោង និងអាចហោះបានចម្ងាយ2,500គីឡូម៉ែត្រពេលមិនមានផ្ទុកទំនិញ និង1,100គីឡូម៉ែត្រជាមួយនឹងទំនិញធ្ងន់បំផុត។
ជាធម្មតា ក្រុមការងារហោះហើរមានចំនួន5នាក់ រួមមាន អ្នកបើកបរ2នាក់ ជាងម៉ាស៊ីន1នាក់ អ្នកបច្ចេកទេសខាងវិទ្យុទាក់ទង1នាក់ និងអ្នកគ្រប់គ្រង1នាក់។ យន្តហោះនេះ អាចដឹកទំនិញបាន5.5តោន ឬមនុស្សចំនួន40នាក់។ An-26 ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងកងកម្លាំងដឹកជញ្ជូនយុទ្ធសាស្ត្ររបស់សូវៀត ក៏ដូចជាការនាំចេញទៅកាន់ប្រទេសជាច្រើនក្នុងពិភពលោកដើម្បីបម្រើឱ្យគោលដៅយោធា និងស៊ីវិល។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងប្រើប្រាស់យន្តហោះ An-26 ប្រមាណជា20គ្រឿង៕
ប្រភព៖ Aviationist