Skip to content

មហាក្សត្រថៃ និងមហេសី បង្ហាញព្រះភក្ត្រជាលើកដំបូងនៅក្នុងពេលមានបាតុកម្ម

ព្រះមហាក្សត្រថៃ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) និងព្រះមហេសី បានបង្ហាញព្រះភក្ត្រនៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធព្រះអយ្យកោ ខណៈដែលមានបាតុកម្មកំពុងកើតឡើងជាបន្តបន្ទាប់នៅប្រទេសថៃ។

មហាក្សត្រថៃ ព្រះបាទ មហា វជិរាលង្ករណ៍ និងមហេសី សុធីតា មានវត្តមាននៅក្នុងមន្ទីរពេទ្យ Siriraj នៅទីក្រុងបាងកក ដែលជាមន្ទីរពេទ្យវ័យចំណាស់បំផុត និងធំជាងគេបំផុតរបស់ប្រទេសថៃ កាលពីថ្ងៃទី24កញ្ញា ក្នុងឱកាសថ្ងៃនៃព្រះបាទ ម៉ាហ៊ីដុល (Mahidol)។ ព្រះបាទ ម៉ាហ៊ីដុល ដែលជាព្រះអយ្យកោរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន ត្រូវបានចាត់ទុកថាជាស្ថាបនិករបស់វេជ្ជសាស្ត្រទំនើប និងវិស័យសុខាភិបាលសាធារណៈរបស់ប្រទេសនេះ។

មហាក្សត្រ មហា វជិរាលង្ករណ៍ និងមហេសី បានយាងទៅថ្វាយកម្រងផ្កាដល់រូបសំណាកព្រះអយ្យកោ ដើម្បីរំឭកដល់ស្នាដៃរបស់ទ្រង់នៅក្នុងវិស័យសុខាភិបាល។

ចំណែកស្នំឯក ស៊ីនីណាត (Sineenat Wongvajirapakdi) វិញ គេមិនទាន់ដឹងថា កំពុងស្ថិតនៅទីណានោះទេ ប៉ុន្តែ តាមរយៈរូបថតនានានៅក្នុងព្រឹត្តិការណ៍នេះ មិនឃើញមានវត្តមានរបស់ស្នំនេះឡើយ។ សេចក្ដីជូនដំណឹងរបស់ព្រះបរមរាជវាំងថៃ កាលពីថ្ងៃទី2កញ្ញាបានឱ្យដឹងថា មហាក្សត្រថៃបានលើកលែងទោសឱ្យស្នំឯក ស៊ីនីណាត ក្រោយពីបានប្រកាស​ទម្លាក់​ចោល​រាល់​កិត្តិនាម ឋានៈ និងដកហូតមេដាយគ្រប់ប្រភេទរបស់ស្នំរូបនេះកាលពីឆ្នាំទៅ ដោយត្រូវបានចោទថា “មានគម្រោងទម្លាក់មហេសី សុធីតា”។

មហាក្សត្រថៃ និងមហេសី បង្ហាញវត្តមានជាសាធារណៈ ខណៈដែលមានបាតុកម្មជាច្រើនបានកើតឡើងដើម្បីទាមទារឱ្យកែទម្រង់ប្រជាធិបតេយ្យ ដែលបានផ្ទុះឡើងចាប់តាំងពីខែកក្កដា និងបន្តរហូតដល់បច្ចុប្បន្ន។ កាលពីថ្ងៃទី20កញ្ញា ក្រុមបាតុករបានផ្ញើលិខិតមួយច្បាប់ថ្វាយមហាក្សត្រថៃ ដោយលើកឡើងនូវសំណើចំនួន3ប្រការ រួមមាន ការកែទម្រង់របបយោធានិយម ការតម្រូវឱ្យនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នលាលែងពីតំណែង និងការធ្វើសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មី ដែលមានលក្ខណប្រជាធិបតេយ្យជាង ដើម្បីជំនួសរដ្ឋធម្មនុញ្ញបច្ចុប្បន្ន។

បាតុករបានចោទប្រកាន់ថា រដ្ឋធម្មនុញ្ញបច្ចុប្បន្ន ត្រូវបានបង្កើតឡើងដើម្បីការពារអំណាចរបស់លោក Prayuth តែប៉ុណ្ណោះ។ បាតុករមួយចំនួនយល់ថា ច្បាប់រដ្ឋធម្មនុញ្ញនេះក៏កំពុងតែផ្ដល់អំណាចច្រើនហួសហេតុដល់ស្ដេចថៃ ហើយបានអំពាវនាវឱ្យកាត់បន្ថយឥទ្ធិពលរបស់មហាក្សត្រថៃ ដែលជាប្រការមួយត្រូវបានហាមឃាត់នៅប្រទេសនេះនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។

បាតុករបានចោទប្រកាន់ថា រដ្ឋធម្មនុញ្ញបច្ចុប្បន្ន ត្រូវបានបង្កើតឡើងដើម្បីការពារអំណាចរបស់លោក Prayuth តែប៉ុណ្ណោះ

ក៏ប៉ុន្តែ រដ្ឋសភាថៃ បានពន្យារពេលលើការសម្រេចចិត្តទាក់ទិននឹងបញ្ហានេះ ហើយងាកមកបង្កើតគណៈកម្មការមួយដើម្បីស្រាវជ្រាវលើយន្តការនៃការកែទម្រង់រដ្ឋធម្មនុញ្ញជាមុនទៅវិញ៕

ប្រភព៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *