Skip to content

ករណីទាហានកូរ៉េខាងជើង បាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូង៖ លោក Kim Jong-un សុំទោស

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានផ្ញើសម្ដីសុំទោសទីក្រុងសេអ៊ូល ព្រោះតែកងទ័ពកូរ៉េខាងជើងបានបាញ់សម្លាប់មន្ត្រីមួយរូបរបស់ប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ។

នៅក្នុងសេចក្ដីប្រកាសជាផ្លូវការមួយដែលបានផ្ញើទៅកាន់កូរ៉េខាងត្បូង ភាគីកូរ៉េខាងជើងបានបញ្ជូនសាររបស់មេដឹកនាំ Kim Jong-un ដោយនិយាយថា លោកមាន “ការសោកស្ដាយ” ដោយសារបានធ្វើឱ្យប្រធានាធិបតី Moon Jae-in និងប្រជាជនកូរ៉េខាងត្បូងមាន “ការខកចិត្តជាខ្លាំង” នៅពេលដែលបានបណ្ដោយឱ្យមានករណីដ៏គួរឱ្យសោកស្ដាយកើតឡើងនៅលើសមុទ្រ ហើយមិនបានជួយដល់ពួកគេនៅក្នុងស្ថានភាពCOVID-19។ នេះបើតាមសារព័ត៌មាន Yonhap ដកស្រង់សម្ដីរបស់លោក Suh Hoon ប្រធានផ្នែកសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានឱ្យដឹងនៅថ្ងៃទី25កញ្ញានេះ។

នៅក្នុងសេចក្ដីរាយការណ៍របស់នាយកដ្ឋានរណសិរ្សរួបរួម (UFD) ដែលមានភារកិច្ចដោះស្រាយបញ្ហាទំនាក់ទំនងរវាងកូរ៉េទាំងពីរ បានជូនដំណឹងទៅកាន់កូរ៉េខាងត្បូងអំពីលទ្ធផលនៃការស៊ើបអង្កេតទាក់ទងនឹងអ្វីដែលបានកើតឡើង។

កូរ៉េខាងជើងឱ្យដឹងថា បុរសដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ ដែលឆ្លងបន្ទាត់ព្រំដែនសមុទ្រភាគខាងលិចដោយមិនមានការអនុញ្ញាត មិនបានឆ្លើយតបទៅនឹងការស្នើឱ្យមានការត្រួតពិនិត្យផ្នែកសន្តិសុខចំពោះវត្ថុអណ្ដែតមួយដែលមានចម្ងាយពីទីនោះប្រមាណជា80ម៉ែត្រ។

ទាហានកូរ៉េខាងជើងបានបាញ់ព្រមានចំនួន2គ្រាប់ ហើយបុរសនោះមានបំណងរត់គេចខ្លួន។ ក្រោយមក ពួកគេបានបាញ់ជាង10គ្រាប់ពីរយៈចម្ងាយប្រហែលពី40-50ម៉ែត្រ ដោយយោងទៅតាមគោលការណ៍ទាក់ទងនឹងសន្តិសុខព្រំដែនសមុទ្រ។

នៅពេលទៅក្បែរ ពួកគេបានរកឃើញដានឈាមនៅលើវត្ថុអណ្ដែត ប៉ុន្តែមិនបានឃើញបុរសម្នាក់នោះទេ ដូច្នេះពួកគេក៏បានដុតវត្ថុនោះទៅតាមការកំណត់នៃវិធានការទប់ស្កាត់COVID-19។

កូរ៉េខាងជើងក៏បានឱ្យដឹងថា មេដឹកនាំប្រទេសនេះយល់ថា “ប្រការដែលមិនគួរកើត វាបានកើតឡើង” ហើយក៏បានបញ្ជាឱ្យកងទ័ពបង្កើតប្រព័ន្ធមួយដែលអាចថតយកសកម្មភាពសន្តិសុខនៅតាមព្រំដែនសមុទ្រ ដើម្បីចៀសវាង “កំហុសឆ្គងតូចតាច ឬការយល់ច្រលំធំ” នៅក្នុងករណីដូច្នេះ។

ទាក់ទឹននឹងករណីទាហានកូរ៉េខាងជើងបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូង លោក Suh និយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងពិនិត្យឡើងវិញនូវទំនាក់ទំនងជាងមួយកូរ៉េខាងជើង និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្កើតសន្តិសុខនៅលើឧបទ្វីបកូរ៉េ រួមនឹងទំនាក់ទំនងទ្វេភាគី ក្នុងបំណងឆ្លើយតបទៅនឹងសេចក្ដីសង្ឃឹមរបស់ប្រជាជន៕

ប្រភព៖ Yonhap

Leave a Reply

Your email address will not be published. Required fields are marked *