បន្ទាប់ពីត្រូវបណ្ដេញចេញពីបក្សដែល “រញ៉េរញ៉ៃ និងផ្ដាច់ការ” របស់លោកស្រី អ៊ុងសាន ស៊ូជី រួចមក សមាជិកសភាតំណាងរាស្ត្រជាស្ត្រីម្នាក់ កំពុងប្រកួតប្រជែងជាមួយវីរនារីរបស់មីយ៉ាន់ម៉ា ក្នុងការបោះឆ្នោតដែលនឹងកើតឡើងនាពេលឆាប់ៗនេះ ដោយបានថ្លែងថា ប្រទេសចាំបាច់ត្រូវតែធ្វើការរួមគ្នាជាមួយយោធា មិនមែនតតាំងគ្នាទេ!។
គេរំពឹងថា អ្នកមានសិទ្ធិបោះឆ្នោតទាំងឡាយ នឹងជួយជំរុញគណបក្ស National League for Democracy ឬ NLD របស់លោកស្រីស៊ូជី ឱ្យវិលត្រឡប់ទៅរកអំណាចម្ដងទៀត នៅក្នុងការបោះឆ្នោតជាតិ ថ្ងៃទី8 វិច្ឆិកាខាងមុខនេះ ជាការបោះឆ្នោតលើកទី2 របស់ប្រទេស ចាប់តាំងពី របូតរួចផុតពីការគ្រប់គ្រងរបស់យោធាមក តែលោកស្រី តេត តេត ខាញ (Thet Thet Khine) រំពឹងថា ការបោះឆ្នោតលើកនេះ នឹងសាងកេរ្តិ៍ឈ្មោះដល់ខ្លួនលោកស្រី។
លោកស្រី តេត តេត ខាញ ជាសកម្មជននយោបាយ ជាគ្រូពេទ្យ ជាអ្នកជំនួញ និងជាអ្នកជួញដូរគ្រឿងអលង្ការដ៏មានឥទ្ធិពលម្នាក់ មុននឹងបានទទួលការជ្រើសតាំងឱ្យធ្វើជាសមាជិកសភាតំណាងរាស្ត្ររបស់គណបក្ស NLDក្នុងឆ្នាំ2015 តែលោកស្រីតេត តេត ខាញ ក៏ត្រូវបាត់បង់ស្ថានភាពនោះទៅវិញ ក្រោយពីត្រូវបានបណ្ដេញពីគណបក្ស NLD កាលពីឆ្នាំមុន។ លោកស្រីថ្លែងថា វាជាលទ្ធផលពីការនិយាយ តាមអ្វីដែលខ្លួនឯងបានគិត ហើយលោកស្រីនឹកសង្ឃឹមថា អ្នកដែលមានសិទ្ធិបោះឆ្នោត នឹងគាំទ្រគណបក្ស People’s Pioneer Party(PPP) របស់លោកស្រី។
“គណបក្ស NLD លែងជាជម្រើសសម្រាប់ប្រទេសនេះតទៅទៀតហើយ” លោកស្រីបានថ្លែងប្រាប់ AFP ដូច្នេះ នៅឯភូមិគ្រឹះរបស់លោកស្រីក្នុងទីក្រុង យ៉ាងគុង ដែលតុបតែងលម្អដោយបង្គោលភ្លើងនីអូក្លាសស៊ិក ចង្កៀងគោមស៊ែនឌើលៀ និងគ្រឿងសង្ហារិមទំនើប។
“គោលការណ៍ការដំណើរការរបស់បក្សមួយនោះ មានទាំងភាពរញ៉េរញ៉ៃ ច្របូកច្របល់ និងមានភាពផ្ដាច់ការខ្លាំងណាស់ មានមនុស្សតែម្នាក់គត់ ជាអ្នកសម្រេចអ្វីៗទាំងអស់” លោកស្រីតេត តេត ខាញ ថ្លែង ដោយបានបញ្ជាក់ថា ភាពស្វាមីភក្តិ មានតម្លៃជាងសមត្ថភាពទៅទៀត។
ទោះជាមានការខកចិត្តចំពោះគណបក្ស NLD ដែលគ្របដណ្ដប់យ៉ាងទូលំទូលាយក្នុងតំបន់ជនជាតិភាគតិចមែន តែគណបក្ស PPP អាងថា ពួកគេមានមូលដ្ឋានអ្នកគាំទ្រដែលស្វាមីភក្តិ ស្មោះត្រង់ក្នុងក្រុមជនជាតិមីយ៉ាន់ម៉ា ដែលជាចំនួនភាគច្រើនរបស់ប្រទេស និងសម្រាប់មនុស្សជាច្រើន លោកស្រីអ៊ុងសាន ស៊ូជី គឺគណបក្ស NLD។
លោកស្រីស៊ូជី បានដឹកនាំរដ្ឋាភិបាល ក្នុងឋានៈទីប្រឹក្សានៃរដ្ឋ គ្រប់គ្រងសម្ព័ន្ធភាពអន្តរជាតិ ក្នុងឋានៈរដ្ឋមន្ត្រីក្រសួងការបរទេស និងថែមទាំងជាខ្សែត្រៀមជួរមុខ និងមជ្ឈមណ្ឌលកណ្ដាលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-19របស់ប្រទេសទៀតផង។
លោកស្រីតេត តេត ខាញ ថ្លែងថា ការនិយាយបើកចំហជាសាធារណៈបែបនេះ មានន័យថា លោកស្រី និងសាច់ញាតិ ត្រូវប្រឈមនឹងការគំរាមកំហែងនៅក្នុងបណ្ដាញសង្គមអនឡាញ។
ក្រុមគ្រួសាររបស់លោកស្រីតេត តេត ខាញ មានបានឡើងដោយសារឧស្សាហកម្មត្បូងទទឹម។ ក្នុងអំឡុងពេលដែលលោកស្រីនៅជានិស្សិតពេទ្យ លោកស្រីបានចូលរួមក្នុងក្រុមសកម្មជនគាំទ្រការទាមទារប្រជាធិបតេយ្យក្នុងការធ្វើបាតុកម្មនៅឆ្នាំ1988 មុននឹងត្រូវបង្ក្រាបយ៉ាងខ្លាំងក្លាដោយយោធា ដែលការជួបជុំធ្វើបាតុកម្មក្នុងគ្រានោះ បានសាងកេរ្តិ៍ឈ្មោះដល់លោកស្រីអ៊ុងសាន ស៊ូជី “ដែលធ្វើឱ្យលោកស្រីស៊ូជី ក្លាយជាមនុស្សពិសេសរបស់ពួកយើង” លោកស្រីតេត តេត ខាញ រៀបរាប់ពីអតីតកាល។
ក្រោយការបង្ក្រាប លោកស្រីតេត តេត ខាញ បានជ្រើសរើសក្នុងការដំណើរការមុខជំនួញ តែបានវិលត្រឡប់មកចូលក្នុងដំណើរផ្លូវខាងនយោបាយម្ដងទៀត ក្រោយពីប្រទេសរួចផុតពីការគ្រប់គ្រងរបស់យោធា។
ពេលនេះ លោកស្រីជាប្រធានគណបក្សរបស់ខ្លួនឯង ដែលលោកស្រីបានអធិប្បាយថា គណបក្ស PPP របស់លោកស្រី មានភាពជាអ្នកដឹកនាំរួមគ្នានៅក្នុងក្រុមសមាជិក និងអាយុជាមធ្យមរបស់បេក្ខភាពទទួលការបោះឆ្នោត សុទ្ធតែស្ថិតក្នុងវ័យ 46ឆ្នាំ។
គណបក្សរបស់លោកស្រី បានសន្យាថា នឹងបង្កើតការងារឱ្យបានច្រើនឡើង មានប្រាក់ឈ្នួលពលកម្មខ្ពស់ និងទម្លាក់ពន្ធភាស៊ី និងមើលទៅហាក់ដូចជាបក្ស នឹងមានគោលដៅទៅលើប្រជាជនក្នុងរង្វង់ធំ ដោយការបញ្ជូនបេក្ខជនតំណាងដ៏ច្រើន និងសម្បូរបែប ទាំងបេក្ខជនដែលបង្ហាញខ្លួនឯងថា ជាមនុស្សស្រឡាញ់ភេទដូចគ្នាយ៉ាងបើកចំហដំបូងគេរបស់ប្រទេស បេក្ខជនដែលជាជនជាតិមូស្ល៊ីម និងបេក្ខជនដែលជាពុទ្ធសាសនិកនិយមជ្រុលទៀតផង។
លោក ឃីន សូ វីន អ្នកវិភាគនយោបាយនៅក្នុងក្រុង យ៉ាងគុង ថ្លែងថា “មានអ្នកនយោបាយមិនច្រើនទេ ដែលយល់ដឹងពីពិភពធុរកិច្ច…ហ្នឹងហើយដែលជាចំណុចល្អសម្រាប់លោកស្រីតេត តេត ខាញ”។
រឿងសំខាន់ 1ប្រការទៀត គឺការផ្សារភ្ជាប់ការបែកបាក់រវាងរដ្ឋាភិបាលស៊ីវិល និងយោធា និងផ្សារភ្ជាប់សម្ព័ន្ធភាពដែលតានតឹង ដែលត្រូវបានឆ្លុះបញ្ចាំងចេញមកដោយលោកស្រីស៊ូជី និងលោកឧត្ដមសេនីយ៍ឯកជើងចាស់ មីន អង់ ឡាយ អគ្គមេបញ្ជាការ។
“បើឪពុកម្ដាយកំពុងឈ្លោះគ្នា កូនៗក៏មិនដឹងថា នឹងធ្វើយ៉ាងណាដែរ” លោកស្រីតេត តេត ខាញ អធិប្បាយ និងបន្ថែមថា យោធា គឺជាផ្នែកមួយនៃការកែបញ្ហានៅក្នុងដំណើរការកសាងរដ្ឋ។
ស្ថិតក្រោមរដ្ឋធម្មនុញ្ញដែលយោធារៀបចំឡើង កងទ័ពបានក្ដោបក្ដាប់អំណាចយ៉ាងច្រើនមហាសាល គ្រប់គ្រងក្រសួងសំខាន់3 និងទទួលបានអាសនៈ1 ភាគ4 នៃអាសនៈទាំងអស់នៅក្នុងសភា ដែលធ្វើឱ្យយោធាមានសិទ្ធិរារាំងការចង់ផ្លាស់ប្ដូរច្បាប់ណាមួយ។
លោកស្រីតេត តេត ខាញ បញ្ជាក់ថា គណបក្សរបស់លោកស្រីនឹងលើកស្នើបង្ហាញពីផ្លូវកណ្ដាល។
តែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលផ្ដាច់ការយោធា ជាងកន្លះសតវត្សរ៍មកនោះ ធ្វើឱ្យមនុស្សជាច្រើនដាក់ការសង្ស័យទៅលើយោធា ដែលដាក់គុកមនុស្សចំនួនរាប់ពាន់នាក់ដោយសារជំនឿរបស់ពួកគេ ការបង្ក្រាបជនជាតិដើមភាគតិច និងការគ្រប់គ្រងប្រទេសដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះខ្សោយ។
“កាលពីអតីត ពួកគេសម្រេចចិត្តខុស និងចាត់ការខុសឆ្គងអស់យ៉ាងច្រើន” លោកស្រីតេត តេត ខាញ ទទួលស្គាល់ តែអះអាងថា យោធាជំនាន់ថ្មីទទួលស្គាល់ពីភាពច្បាស់លាស់ក្នុងការងារ។
លោកឃីន សូ វីន អ្នកវិភាគដដែល បានសន្និដ្ឋានថា ការធ្វើខ្លួនជាសម្ព័ន្ធមិត្តជាមួយយោធា មានន័យថា លោកស្រីនឹងបាត់បង់ការគាំទ្រមួយផ្នែកដែរ។
យោធាត្រូវបានចោទប្រកាន់ថា មានទង្វើល្មើសសិទ្ធិក្នុងការធ្វើសង្គ្រាមយូរអង្វែងរាប់សិបឆ្នាំជាមួយក្រុមប្រដាប់អាវុធកុលសម្ព័ន្ធ និងក្នុងឆ្នាំ2017 ជនមូស្លីមរ៉ូហ៊ីងយ៉ាបានបង្ហើបឱ្យដឹងពីរឿងរ៉ាវពាក់ព័ន្ធនឹងអំពើឃាតកម្ម ការរំលោភបំពាន និងការដុតបំផ្លាញ នៅក្នុងប្រតិបត្តិការរបស់យោធា ដែលជាលទ្ធផល ធ្វើឱ្យមកដល់ពេលនេះ មីយ៉ាន់ម៉ាត្រូវបានជាប់ចោទពីបទប្រល័យពូជសាសន៍នៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិ និងការធ្វើសវនការរឿងក្ដី ដែលលោកស្រីតេត តេត ខាញ ថ្លែងថា គ្មានភាពចាំបាច់ទាល់តែសោះ។ លោកស្រីថ្លែងថា “យោធាអាចមានប្រតិកម្មឆ្លើយតបដែលខ្លាំងក្លាជ្រុលហួសហេតុ តែវាមិនមែនជាការប្រល័យពូជសាសន៍ ឬបោសសម្អាតផ្ដាច់ពូជសាសន៍នោះឡើយ”។
ទោះជាជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា រស់នៅក្នុងរដ្ឋយ៉ៈខៃ អស់ជាច្រើនសតវត្សរ៍មកហើយក្ដី ប៉ុន្តែពួកគេត្រូវបានមើលឃើញយ៉ាងទូលំទូលាយថា ជាជនអន្តោប្រវេសន៍ខុសច្បាប់។
“រ៉ូហ៊ីងយ៉ា នឹងគ្មានថ្ងៃក្លាយជា ជនជាតិដើមរបស់ទីនេះឡើយ” លោកស្រីតេត តេត ខាញ ថ្លែងយ៉ាងដូច្នេះ តែទទួលស្គាល់ថា ជនរ៉ូហ៊ីងយ៉ាដែលក្រុមគ្រួសារភៀសខ្លួនចូលមករស់នៅយូរជាង 3-4ជំនាន់ហើយនោះ គួរតែបានទទួលការទទួលស្គាល់។
លោកស្រីថ្លែងថា “ពួកគេគួរតែបានទទួលឋានៈជាពលរដ្ឋ និងមិនប្រឈមនឹងការរើសអើងពីការប្រតិបត្តិតទៅទៀត”
តែយ៉ាងណាក៏ដោយ ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាទាំង 600,000នាក់ដែលកំពុងស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងត្រូវកាត់សិទ្ធិបញ្ចេញសំឡេង នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ដូចគ្នានឹងគ្រាមុនៗដែរ។
វាសនាកម្មរបស់ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា មិនមែនជារឿងសំខាន់សម្រាប់គណបក្សនយោបាយភាគច្រើននោះទេ រួមទាំងគណបក្សPPP របស់លោកស្រីតេត តេត ខាញផងដែរ។
គណបក្ស PPP បានបញ្ជូនបេក្ខភាពរបស់ខ្លួនត្រឹមតែ 1ភាគ3 នៃតំបន់បោះឆ្នោតទាំងអស់ប៉ុណ្ណោះ ដោយលោកស្រីតេត តេត ខាញ ថ្លែងថា លោកស្រីនឹងមានសេចក្ដីសុខខ្លាំងណាស់ បើទទួលបានអាសនៈ 5% នៃចំនួនអាសនៈទាំងអស់ និងថែមទាំងទទួលស្គាល់ទៀតផងថា ការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងគ្រានេះ គឺជាការហ្វឹកហាត់សម្រាប់ការបោះឆ្នោតនៅឆ្នាំ2025 ដែលនៅពេលនោះលោកស្រីអ៊ុងសាន ស៊ូជី នឹងមានអាយុ 80ឆ្នាំ។
លោកស្រីតេត តេត ខាញ ថ្លែងថា “ស៊ូជី មិនជឿលើរឿងការបន្តវេនមុខតំណែងទេ ដូច្នេះ បន្ទាប់ពីយុគសម័យរបស់គាត់ទៅ NLDនឹងដួលរលំក្នុងន័យធុរកិច្ច តែខ្ញុំគិតថា គាត់នឹងតែគ្រប់គ្រងអំណាចរហូតដល់ថ្ងៃចុងក្រោយរបស់គាត់”៕
ប្រភព៖ សារព័ត៌មានបរទេស