លោកវេជ្ជបណ្ឌិត ង្វៀង ឌុក ជីន នៅមន្ទីរពេទ្យ Viet Duc បានធ្វើការព្យាបាលអ្នកជំងឺប្រុស វ័យ 55ឆ្នាំម្នាក់ កាលពីថ្ងៃសុក្រកន្លងទៅ(ទី18កញ្ញា) ដោយការស៊កបញ្ចូលម៉ាស៊ីនថតពិនិត្យមើលក្រពះ និងពោះវៀន ក្រោយពីអ្នកជំងឺរូបនោះ ត្រូវគេនាំមកមន្ទីរពេទ្យដោយមានអាការឈឺបំពង់កយ៉ាងខ្លាំងក្លា ទទួលទានអាហារ ឬលេបអ្វីមិនបានទាល់តែសោះ។ ក្រោយពីការពិនិត្យរួច លោកវេជ្ជបណ្ឌិតបានរកឃើញមាន ផ្លែឡាមកោរពុកមាត់ជាប់នៅក្នុងបំពង់កផ្នែកខាងក្រោយរបស់អ្នកជំងឺរូបនោះ។ លុះដល់ពិនិត្យមើលខាងក្នុងក្រពះអាហារ ក៏ស្រាប់តែនឹកចម្លែកចិត្តយ៉ាងខ្លាំងទៅទៀត នៅពេលរកឃើញវត្ថុចម្លែកៗជាច្រើនផ្សេងទៀត មានទាំងស៊ីរ៉ាងចាក់ថ្នាំ ដែកកេះ ដុំថ្មតូចៗ និងថង់ប្លាស្ទិក ដែលភាគច្រើន បានក្លាយជាពណ៌ខ្មៅអស់ទៅហើយ ដោយសារតែនៅក្នុងក្រពះ រយៈពេលយូរមកហើយ។
“ការវះកាត់ យកវត្ថុចម្លែកៗចេញមកលើកនេះ វាប្រៀបដូចជាការស្រង់យកវត្ថុបុរាណឡើងមកពីបាតសមុទ្រអ៊ីចឹង” លោកវេជ្ជបណ្ឌិតថ្លែងប្រៀបធៀប។
ចំណែកឯខាងក្រុមគ្រួសារអ្នកជំងឺ បានប្រាប់ថា អ្នកជំងឺម្នាក់នេះកើតជំងឺផ្លូវចិត្តជាង 30ឆ្នាំមកហើយ និងធ្លាប់បានចូលវះកាត់នៅឯមន្ទីរក្នុងតំបន់ ម្ដងរួចមកហើយកាលពីឆ្នាំកន្លងទៅ ហើយការវះកាត់កាលគ្រានោះ គឺដើម្បីយកវត្ថុប្លែកចម្លែកផ្សេងៗ ចេញពីក្នុងរាងកាយរបស់គាត់ដូចគ្នាដែរ។
ក្រុមគ្រូពេទ្យ នៅមិនទាន់អាចអធិប្បាយបានពីអាការខុសប្រក្រតីបែបនេះបាននៅឡើយ តែយល់ឃើញថា អាការជំងឺរបស់អ្នកជំងឺម្នាក់នេះ ស្រដៀងនឹងអាការ រ៉ាផាន់សេល ស៊ីនដ្រូម ឬTrichobezoar ជាអាការខុសប្រក្រតីខាងផ្លូវចិត្ត ដែលកម្រជួបប្រទះណាស់ ដោយអ្នកជំងឺ ច្រើនតែទាញសរសៃសក់ ឬរោមផ្សេងៗ ហើយដាក់ចូលមាត់ហូបចូលទៅ នៅពេលដែលប្រមូលសន្សំនៅខាងក្នុងខ្លួនកាន់តែច្រើនឡើង អ្នកជំងឺនឹងកើតមានអាការឈឺចុកចាប់ ព្រោះសរសៃសក់ មិនរំលាយបានទេ និងកើតការញ៉ុកស្ទះណែននៅក្នុងប្រអប់ពោះ ឬក្នុងប្រព័ន្ធរំលាយអាហារ៕
ប្រភព៖ សារព័ត៌មានបរទេស