Skip to content

ក្រុម​ហ៊ុន​ ByteDance បដិសេធការលក់ TikTok ឱ្យ Microsoft! តើ Oracle គឺជាអ្នកទិញបណ្ដាញសង្គមវីដេអូនេះ?

ប្រភពព័ត៌មានរបស់សារព័ត៌មាន WSJ បានឱ្យដឹងថា Oracle ទើបតែទទួលបានជ័យជំនះក្នុងការដណ្ដើមទិញផ្នែកសកម្មភាពនៅសហរដ្ឋអាម៉េរិករបស់ក្រុមហ៊ុន TikTok។

អ្នកជំនាញអំពីស្ថានការណ៍ទាក់ទិននឹងបញ្ហាខាងលើបានឱ្យដឹងថា Oracle នឹងត្រូវបានគេប្រកាសនៅពេលដ៏ខ្លីខាងមុខនេះថា នឹងក្លាយជាដៃគូដ៏គួរឱ្យជឿជាក់ របស់ TikTok នៅសហរដ្ឋអាម៉េរិក រួមនឹងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Oracle ជាមួយនឹង ByteDance ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គមវីដេអូខ្លី TikTok។ កិច្ចព្រមព្រៀងទិញលក់ខាងលើ ទំនងជាត្រូវបានធ្វើឡើងក្រោមរូបភាពលក់ផ្ដាច់ទាំងស្រុង។ កាលពីខែសីហា Oracle និង Microsoft គឺជាក្រុមហ៊ុនធំៗដែលបានចរចាជាមួយក្រុមហ៊ុន ByteDance ក្នុងការទិញនិងលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធ TikTok។

ព័ត៌មានខាងលើត្រូវបានចេញផ្សាយភ្លាមៗ ក្រោយពី Microsoft ចេញសេចក្ដីប្រកាសថា កាលពីថ្ងៃទី13កញ្ញា ក្រុមហ៊ុន ByteDance បានបដិសេធសំណើរបស់ Microsoft ក្នុងការទិញដូរបណ្ដាញសង្គម TikTok។

ទាក់ទិននឹងបញ្ហា TikTok កាលពីខែសីហា លោក Trump ដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសថា បើសិនមិនលក់ ឬមិនមានកិច្ចព្រមព្រៀងណាមួយជាមួយនឹងក្រុមហ៊ុនដទៃទៀត នោះ TikTok នឹងត្រូវបានបិទមិនឱ្យធ្វើសកម្មភាពនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី15កញ្ញា។ កាលពីប៉ុន្មានថ្ងៃមុននេះ លោក Trump ថែមទាំងបានថ្លែងថា នឹងមិនពន្យារពេលឱ្យ TikTok នោះឡើយ។

កាលពីម្សិលមិញ (13កញ្ញា) SCMP ដកស្រង់ព័ត៌មានពីក្រុមហ៊ុន ByteDance បានឱ្យដឹងថា ក្រុមហ៊ុនេះនឹងមិនប្រគល់បច្ចេកវិទ្យារបស់ TikTok ក្នុងករណីមានកិច្ចព្រមព្រៀងណាមួយនោះទេ។ ByteDance បានជូនដំណឹងនេះទៅកាន់ក្រុមមន្ត្រីសហរដ្ឋអាម៉េរិក និងក្រុមអ្នកវិនិយោគរួចហើយអំពីការសម្រេចចិត្តរបស់ខ្លួន។

នៅពេលដែលការទិញដូរក្រុមហ៊ុននៅសហរដ្ឋអាម៉េរិកមិនទាន់បានបញ្ចប់ គេឃើញមានដំណឹងចចាមអារ៉ាមមួយនិយាយថា រដ្ឋាភិបាលចិននឹងបិទផ្លូវរបស់ TikTok និងបញ្ចប់ការទិញដូរដ៏ចម្រូងចម្រាសជាមួយសហរដ្ឋអាម៉េរិក។ ក៏ប៉ុន្តែ ភ្លាមៗនោះ ភាគី TikTok ក៏បានចេញមុខមកបដិសេធពាក្យចចាមអារ៉ាមនេះ៕

ប្រភព៖ WSJ

Leave a Reply

Your email address will not be published. Required fields are marked *