ករណីផ្ទុះនេះ បានកើតឡើងនៅក្នុងឃ្លាំងអាវុធមួយនៅទីក្រុង Zarqa ដែលមានចម្ងាយពីរដ្ឋធានី Amman ប្រមាណជា20គីឡូម៉ែត្រ កាលពីវេលាទៀបភ្លឺថ្ងៃនេះ។
“ហេតុការណ៍នេះ បានកើតឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី11កញ្ញា នៅក្នុងឃ្លាំងផ្ទុកអាវុធអស់សុពលភាពប្រើប្រាស់នៅក្នុងទីក្រុង Zarqa។ ឃ្លាំងនេះស្ថិតនៅក្នុងតំបន់ដាច់ពីគេ មិនមានមនុស្សរស់នៅ និងមានការឃ្លាំមើលជាប្រចាំ។ ការផ្ទុះនេះទំនងជាកើតឡើងដោយសារទុសេខ្សែភ្លើង។ អគ្គបញ្ជាការដ្ឋាននៃកងទ័ពបានឱ្យដឹងថា មិនទាន់មានស្ថិតិអំពីករណីរងរបួស និងស្លាប់នៅឡើយ” នេះបើតាម Amjad Odeh Al-Adaileh អ្នកនាំពាក្យរបស់រដ្ឋាភិបាលហ្សកដានី។
សារព័ត៌មាន Sky New Arabia មុននេះ បានដកស្រង់ដំណឹងពីប្រភពព័ត៌មាននៅឯអគ្គនាយកដ្ឋានសន្តិសុខរបស់ប្រទេសហ្សកដានី បានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានសម្លាប់មនុស្សយ៉ាងតិច2នាក់ និង3នាក់ផ្សេងទៀតរងរបួសធ្ងន់។
វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមបង្ហាញថា ករណីផ្ទុះនេះបង្កឱ្យមានអណ្ដាតភ្លើងដ៏ធំមហិមា និងផ្សែងខ្ពស់ស្ទើរកប់ពពក ធ្វើឱ្យផ្ទៃមេឃក្នុងទីក្រុង Zarqa និងរដ្ឋធានី Amman មានពន្លឺសព្វទីកន្លែង។ អណ្ដាតភ្លើង និងដុំភ្លើងនានាក៏បានខ្ទាតចេញពីកន្លែងកើតហេតុ ដែលនេះអាចបណ្ដាលមកពីការផ្ទុះគ្រាប់ផ្លោង។ ទន្ទឹមនឹងអណ្ដាតភ្លើង គេក៏បានឮសំឡេងផ្ទុះយ៉ាងកក្រើកមេឃរញ្ជួយដីជាបន្តបន្ទាប់ គួរឱ្យតក់ស្លុតផងដែរ៕
ប្រភព៖ Reuters