យន្តហោះចម្បាំង និងយន្តហោះដឹកគ្រឿងសព្វាវុធជាច្រើនគ្រឿងរបស់ទីក្រុងប៉េកាំង បានហោះទៅក្បែរកោះតៃវ៉ាន់ បន្ទាប់ពីកោះនេះបាញ់សាកល្បងកាំជ្រួចថ្មី។
កងទ័ពរំដោះប្រជាជនចិន (PLA) បានបញ្ជូនយន្តហោះចម្បាំង Su-30 និង J-10 រួមនឹងយន្តហោះដឹកគ្រឿងអាវុធ Y-8 ជាច្រើនគ្រឿងទៅកាន់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) នៅភាគនិរតីនៃកោះតៃវ៉ាន់។ ព័ត៌មាននេះត្រូវបានប្រកាសឱ្យដឹងពីអង្គភាពការពារជាតិរបស់កោះតៃវ៉ាន់ កាលពីថ្ងៃទី9 និងទី10 ខែកញ្ញា។
កងទ័ពការពារដែនអាកាសរបស់កោះតៃវ៉ាន់ បានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅរារាំង និងបណ្ដេញយន្តហោះចិនឱ្យចាកចេញ្ពីតំបន់ ADIZ របស់កោះនេះ។
អង្គភាពការពារជាតិរបស់តៃវ៉ាន់បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យន្តហោះចម្បាំងចិន និងបានចោទទីក្រុងប៉េកាំងថា បាន “ធ្វើសកម្មភាពជាឯកតោភាគី” និង “បំផ្លាញសន្តិភាព ស្ថិរភាពក្នុងតំបន់”។
ចំណែកភាគីខាងក្រសួងការពារជាតិចិនឯណោះវិញ មិនទាន់មានប្រតិកម្មណាមួយចំពោះព័ត៌មានដែលប្រកាសដោយភាគីតៃវ៉ាន់នៅឡើយ។ ប៉ុន្តែ កន្លងមក ទីក្រុងប៉េកាំងធ្លាប់បានប្រកាសជាច្រើនលើកហើយថា ខ្លួននឹងបញ្ជូនយន្តហោះទៅក្បែរកោះតៃវ៉ាន់ដើម្បី “ការពារអធិបតេយ្យជាតិ”។
សារព័ត៌មានតៃវ៉ាន់បានចុះផ្សាយថា យន្តហោះចម្បាំងរបស់ PLA បានហោះក្បែរតំបន់ភាគនិរតីនៃកោះនេះ យ៉ាងតិច24លើក នៅលើកម្ពស់ចាប់ពី1,500-9,000ម៉ែត្រ ចន្លោះពីម៉ោង7និង7នាទី ទៅម៉ោង9និង30នាទីនៃថ្ងៃទី9កញ្ញា។ សកម្មភាពនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីកោះតៃវ៉ាន់បាញ់សាកល្បងកាំជ្រួចថ្មីដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅវេលាចន្លោះពីម៉ោង5ដល់ម៉ោង7ក្នុងថ្ងៃទី9កញ្ញា។
កោះតៃវ៉ាន់បានប្រកាសថា នឹងបាញ់សាកល្បងកាំជ្រួចជាបន្តបន្ទាប់ទៀតនៅលើលម្ហសមុទ្រភាគខាងត្បូង ភាគខាងកើត និងភាគឦសាននៃកោះនេះ។ យ៉ាងណាក៏ដោយ ទីក្រុងតៃប៉ិ មិនបានបង្ហើបឱ្យដឹងលម្អិតអំពីការបាញ់សាកល្បងអាវុធនេះទេ។
សារព័ត៌មានតៃវ៉ាន់យល់ថា សកម្មភាពរបស់ PLA គឺមានបំណងប្រមូលព័ត៌មានចារកម្មទាក់ទិននឹងការបាញ់សាកល្បងអាវុធនានារបស់កោះតៃវ៉ាន់ ខណៈ Chieh Chung ដែលជាអ្នកជំនាញផ្នែកការពារជាតិនៅទីក្រុងតៃប៉ិ បានអះអាងថា នេះគឺជា “សកម្មភាពបង្ហាញកម្លាំង” របស់ PLA។
ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងត្រៀមខ្លួនជានិច្ចសម្រាប់ការបង្រួបបង្រួមទឹកដីនាពេលខាងមុខ ទោះជាត្រូវប្រើកម្លាំងបាយក៏ដោយ បើសិនជាចាំបាច់។ ប្រទេសចិន ថ្មីៗនេះក៏បានបង្កើនសម្ពាធទៅលើកោះតៃវ៉ាន់ជាបន្តបន្ទាប់ ដោយការធ្វើលំហាត់សមយុទ្ធយោធាទ្រង់ទ្រាយធំនៅក្បែរៗកោះតៃវ៉ាន់ ជាមួយនឹងគ្រឿងសព្វាវុធទំនើបៗបំផុតក្នុងជួរកងទ័ពរបស់ប្រទេសនេះ៕
ប្រភព៖ SCMP, Reuters