កងទ័ពសហរដ្ឋអាម៉េរិក ប្រើប្រាស់ឆ្កែយន្ត Vision 60 ដើម្បីល្បាត និងការពារមូលដ្ឋានទ័ពនៅក្នុងការធ្វើសមយុទ្ធប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនាក់ទំនង និងចែករំលែកទិន្នន័យ កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី3កញ្ញា កងកម្លាំងនៃទ័ពអាកាសសហរដ្ឋអាម៉េរិក បានធ្វើលំហាត់សមយុទ្ធលើកទី2 ជាមួយនឹងប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធកម្រិតខ្ពស់ (ABMS) ដែលទទួលបន្ទុកក្នុងការប្រមូល ចាត់ចែង និងចែករំលែកទិន្នន័យរវាងកងកម្លាំងរបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត នៅក្នុងពេលតែមួយ។
ក្រៅពីការសាកល្បងប្រព័ន្ធប្រមូល និងចែករំលែកទិន្នន័យ ទ័ពអាកាសសហរដ្ឋអាម៉េរិកក៏ប្រើប្រាស់ឆ្កែយន្តដើម្បីល្បាតការពារមូលដ្ឋានទ័ពអាកាស Nellis នៅក្នុងរដ្ឋ Nevada ផងដែរ។ ឆ្កែយន្តនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Ghost Robotics។
ឆ្កែយន្ត ឬយានគ្មានមនុស្សបើកបរ មានជើង4 (Q-UGV) ដែល បានចូលរួមក្នុងសមយុទ្ធ ABMS កាលពីសប្ដាហ៍កន្លងទៅនេះ មានឈ្មោះថា Vision 60។ ឆ្កែយន្តនេះមានតួនាទីក្នុងការត្រួតពិនិត្យកន្លែងកើតហេតុ ប្រមូលទិន្នន័យចារកម្ម តាមដាន ឈ្លបយកការណ៍ បង្កើតផែនទី ចាត់ចែកទិន្នន័យទំនាក់ទំនង និងការពារសន្តិសុខជាប្រចាំ។
ព័ត៌មានលម្អិតអំពីបច្ចេកវិទ្យានៅលើឆ្កែយន្ត Vision 60 ដែលត្រូវបានប្រើក្នុងលំហាត់សមយុទ្ធខាងលើនេះ មិនត្រូវបានប្រកាសឱ្យដឹងនោះទេ។ ក៏ប៉ុន្តែ រូបភាពនៃលំហាត់នេះបង្ហាញថា Vision 60 ត្រូវបានបំពាក់វិញ្ញាណសិប្បនិម្មិត រួមនឹងឧបករណ៍ទំនាក់ទំនងជាច្រើននៅក្នុងក្បាលរបស់វា។
ភាគីខាងក្រុមហ៊ុន Ghost Robotics ឱ្យដឹងថា Vision 60 មិនងាយនឹងត្រូវបានរារាំងនោះឡើយ។ ទន្ទឹមនឹងនេះ ឆ្កែយន្តនេះក៏អាចប្ដូរផ្លាស់រូបរាងបានយ៉ាងច្រើនប្រភេទផងដែរដើម្បីងាយស្រួលក្នុងការបំពេញភារកិច្ចខុសៗគ្នា ដោយសារតែវាត្រូវបានរចនាតាមទម្រង់ម៉ូដួល (Module) ដែលងាយស្រួលគេដោះ និងដំឡើង។ ឆ្កែរ៉ូបូតនេះត្រូវបានរចនាឡើងជាមួយនឹងភាពរឹងមាំកម្រិតខ្ពស់ ហើយការចំណាយប្រាក់កាសទៅលើការដាក់ពង្រាយ និងថែទាំក៏មានកម្រិតទាបផងដែរ៕
ប្រភព៖ Drive