កាលពីថ្ងៃទី3 កញ្ញា សារព័ត៌មានThe Toronto Star បានរាយការណ៍ថា លោកអ៊ី យ៉ុង គុក អាយុ 57ឆ្នាំ ពលរដ្ឋសញ្ជាតិកូរ៉េខាងជើង អតីតអង្គរក្សរបស់អតីតមេដឹកនាំកូរ៉េខាងជើងដែលស្លាប់ទៅហើយ លោក គីម ចង់ អ៊ីល បាននិយាយថា លោកខ្លាចត្រូវគេចាប់ពង្រត់ បើសិនជាត្រូវនិរទេសខ្លួនត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ បន្ទាប់ពីប្រទេសកាណាដាបានបញ្ជាក់ថា ពាក្សសុំសិទ្ធិជ្រកកោនរបស់លោកអ៊ី ខ្វះភាពគួរឱ្យជឿជាក់។
លោកអ៊ី បានផ្ដល់បទសម្ភាសតាមរយៈអ្នកបកប្រែថា “ស្ថានការណ៍ខ្មៅងងឹតខ្លាំងណាស់ រដ្ឋបាលកូរ៉េខាងជើង ព្យាយាមចាប់ពង្រត់ខ្ញុំ ពេលនៅក្នុងប្រទេសកូរ៉េខាងត្បូង បើប្រទេសកាណាដាបញ្ជូនខ្ញុំត្រឡប់ទៅកូរ៉េខាងត្បូងវិញ ខ្ញុំនឹងក្លាយជាសាកសពមិនខាន”
កាលពីឆ្នាំ2001 លោកអ៊ី បានចូលរួមក្នុងការរត់ភៀសខ្លួនមួយរបស់បណ្ដាអ្នកក្បត់ប្រទេសឯទៀត និងធ្វើដំណើរទៅទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង ឆ្លងកាត់ប្រទេសចិន។ តមក នៅឆ្នាំ2017 លោកបានធ្វើដំណើរទៅទីក្រុងតូរ៉ុនតូ របស់ប្រទេសកាណាដា ព្រមជាមួយភរិយា និងកូន 2នាក់ ដើម្បីស្នើសុំសិទ្ធិជ្រកកោននៅទីនោះ។
លោកអ៊ី អះអាងថា គ្រួសាររបស់លោក កំពុងស្ថិតក្នុងភាពប្រថុយប្រថានក្នុងការត្រូវគំរាមកំហែង និងបានទទួលការគំរាមសម្លុត ដោយសារតែលោកបានរិះគន់ប្រទេសកូរ៉េខាងជើង ខណៈដែលប្រទេសកូរ៉េទាំង2 ព្យាយាមកែបញ្ហាសម្ព័ន្ធភាពដែលកំពុងតានតឹងរវាងគ្នា តែគណៈកម្មការអន្តោប្រវេសន៍ និងជនភៀសខ្លួនកាណាដា បានបដិសេធពាក្យស្នើសុំសិទ្ធិជ្រកកោនរបស់លោក កាលពីថ្ងៃទី31 កក្កដា ដោយសារតែខ្វះភាពគួរឱ្យជឿជាក់ ខណៈដែលលោកអ៊ី ត្រូវការដាក់ពាក្យឧទ្ធរណ៍លើសេចក្ដីសម្រេចរបស់គណៈកម្មការខាងលើជាបន្ត។
ចំណែកសារព័ត៌មាន Daily Mail បានរាយការណ៍ថា អាជ្ញាធរនៃប្រទេសកាណាដា មិនអាចត្រួតពិនិត្យភាពត្រឹមត្រូវលើអំណះអំណាងរបស់លោកអ៊ី ដែលបានប្រាប់ថា ធ្លាប់ប៊ិះត្រូវគេចាប់ពង្រត់ ដល់ទៅ 2លើក អំឡុងពេលស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោកអ៊ី យ៉ុងគុក បានប្រាប់ឱ្យដឹងថា លោកចាប់ផ្ដើមធ្វើជាអង្គរក្សលោកគីម ចង់អ៊ីល តាំងពីឆ្នាំ1977 ដែលកាលណោះ លោកគីម ចង់អ៊ីល នៅជាកូនប្រុសរបស់លោក គីម អ៊ីលស៊ុង ស្ថាបនិក និងមេដឹកនាំកូរ៉េខាងជើងក្នុងគ្រានោះនៅឡើយ ដោយទទួលបានប្រាក់ខែប្រមាណជា 100ដុល្លារអាមេរិក និងត្រូវតាមការពារលោកគីម ចង់អ៊ីល ទៅគ្រប់ទីកន្លែង។
លោកអ៊ី ថែមទាំងបានផ្ដល់បទសម្ភាសជាមួយ CNN ទៀតផងថា ខណៈពេលនៅធ្វើការឱ្យលោកគីម អ៊ីលស៊ុង អំឡុងទសវត្សរ៍1980 លោកទទួលស្គាល់ថា លោកត្រូវបានលាងខួរក្បាលដោយរដ្ឋបាលកូរ៉េខាងជើង។ “ពេលលោកគីម ចង់អ៊ីល បម្រុងឡើងជិះរថយន្តផ្ទាល់ខ្លួន បណ្ដាទីប្រឹក្សាទាំងឡាយ នឹងរត់គេច និងទម្លាក់ខ្លួនដេកនៅលើស្មៅ ដើម្បីលាក់បំបាំងខ្លួនពីលោកគីម ចង់អ៊ីល ដោយសារតែម្នាក់ៗមានប្រឡាក់ធូលីដីនៅលើសម្លៀកបំពាក់ និងម្នាក់ៗសុទ្ធតែខ្លាចលោកគីម ចង់អ៊ីល ដែលមានសម្ដីអាក្រក់ កាចសាហាវ និងអាចបញ្ជាឱ្យកាត់ក្បាលនរណាក៏បាន ទោះជាពេលមានអារម្មណ៍សប្បាយរីករាយក៏ដោយ”។
លោកអ៊ី ព្យាយាមរត់គេចចេញពីកូរ៉េខាងជើង 2ដង ដោយលើកដំបូង ធ្វើមិនបានសម្រេច ក៏ត្រូវបញ្ជូនខ្លួនទៅជំរំពលកម្មធ្ងន់ធ្ងរ ឬគុកអ្នកទោសនយោបាយរបស់កូរ៉េខាងជើង យ៉ូដុក ក្នុងខេត្តយ៉ុងណាំ។ ក្នុងពេលជាប់ឃុំនៅទីនោះ ដើម្បីឱ្យមានជីវិតរស់ និងបានទទួលអាហារច្រើនពីអ្នកយាម លោកអ៊ី ត្រូវស្ម័គ្រចិត្តលីខ្មោចអ្នកទោស យកទៅកប់នៅតាមភ្នំតែម្នាក់ឯង អស់ជាង 300សាកសព៕
ប្រភព៖ សារព័ត៌មានបរទេស