របាយការណ៍របស់ក្រុមសារព័ត៌មានអន្តរជាតិអំពីរឿងរ៉ាវ “ផ្សារលក់ម្ហូបស្រស់វូហាន កំពុងលក់កង្កែបព្រៃ” បានក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញសង្គមអនឡាញ វេយបូ ដោយមានអ្នកចូលអានច្រើនជាង 170លានដង។
របាយការណ៍នោះបាននិយាយថា អ្នកទីក្រុងវូហាន បានប្រទះឃើញអ្នកលក់នៅក្នុងផ្សារ ធៀនឆឹងចៀ លបលួចលក់សត្វកង្កែបព្រៃ តម្លៃក្នុង 1គីឡូក្រាម 50-60យន់(ប្រមាណជា 8-10ដុល្លារអាមេរិក)។
អ្នកលេងបណ្ដាញសង្គមជនជាតិចិនជាច្រើន បានសម្ដែងក្ដីកង្វល់ និងមិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះទង្វើបែបនោះ និងបានទាមទារឱ្យរដ្ឋបាលក្នុងតំបន់ដំណើរការតាមច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។
អាជ្ញាធររដ្ឋបាលវូហាន បានធ្វើការត្រួតពិនិត្យ និងបានទទួលស្គាល់ថា បានដឹងតម្រុយខ្លះៗហើយថា មានការលបលួចលក់សត្វកង្កែបព្រៃនេះពិតមែន និងកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរ ដើម្បីដំណើរការតាមនិតិវិធីច្បាប់ទៅលើអ្នកដែលល្មើសច្បាប់ទាំងនោះជាបន្ត។
ការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ដែលគេនាំគ្នាជឿយ៉ាងទូលំទូលាយថា បណ្ដាលមកពីសត្វព្រៃនោះ ធ្វើឱ្យសភានិតិបញ្ញត្តិនៃប្រទេសចិន សម្រេចចិត្តចេញច្បាប់ហាមឃាត់ការហូបសត្វព្រៃ ទូទាំងប្រទេសជាស្ថាពរ តាំងពីខែកុម្ភៈ ដើមឆ្នាំ2020 មក។
គណៈកម្មាធិការប្រចាំការ នៃសភាតំណាងប្រជាជនចិន បានជូនដំណឹងយ៉ាងច្បាស់លាស់ថា ច្បាប់ហាមហូបសត្វព្រៃថ្មីនេះ គ្របដណ្ដប់លើសត្វព្រៃគ្រប់ប្រភេទដែលស្ថិតក្នុងបញ្ជីឈ្មោះសត្វ ដែលបានទទួលការឃុំគ្រងក្នុងច្បាប់ឃុំគ្រងសត្វព្រៃ(Wild Animal Protection Law) ច្បាប់ដែលកំពុងដាក់ប្រើ ឬច្បាប់ផ្សេងៗ និងសត្វព្រៃលើគោកគ្រប់ប្រភេទ រួមទាំងសត្វព្រៃនៅក្នុងមណ្ឌលបង្កាត់ពូជចិញ្ចឹម និងកសិដ្ឋានផងដែរ។
ច្បាប់ហាមហូបសត្វព្រៃច្បាប់ថ្មី ដែលបានដាក់ឱ្យប្រើភ្លាមៗនេះ បានបញ្ជាក់ពីទោសទណ្ឌធ្ងន់ធ្ងរសម្រាប់ការប្រមាញ់ ការលក់ដូរ និងការដឹកជញ្ជូនសត្វព្រៃ ដែលមានក្នុងបញ្ជីឈ្មោះនៅក្នុងច្បាប់ឃុំគ្រងថ្មីដែលកំពុងដាក់ឱ្យប្រើ។ ទាំងអស់នេះ ការប្រមាញ់ ការលក់ដូរ និងការដឹកជញ្ជូនសត្វព្រៃលើគោក ដែលមានគោលបំណង ដើម្បីការបរិភោគ គឺជា “ការហាមឃាត់ថ្មី”៕
ប្រភព៖ សារព័ត៌មានបរទេស