ស៊ី មិងចឺ កូនស្រីទោលរបស់លោកស៊ី ជីនភីង និងលោកស្រីភឹង លីយួន
មនុស្សទូទាំងពិភពលោកបានឃើញ “កូនស្រីទី1” នៃសហរដ្ឋអាមេរិករួចមកហើយ ទាំង Ivanka Trump ឬម៉ារៀ និងសាសា អូបាម៉ា ដែលលេចធ្លោនៅក្នុងសារព័ត៌មានជាញឹកញាប់ តែ ស្ទើរតែគ្មានអ្នកណាស្គាល់ ស៊ី មិងចឺ បុត្រីទោលរបស់លោកប្រធានាធិបតី ស៊ី ជីនភីង មេដឹកនាំដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោករូបនេះឡើយ។
ស៊ី មិងចឺ (Xi Mingze/习明泽) វ័យ 29ឆ្នាំ ជាបុត្រីរបស់លោកស៊ី ជីនភីង និងស្ត្រីទី1 ភឹង លីយួន។ ស៊ី មិងចឺ មានឈ្មោះលេងថា ស៊ាវ មូជឺ(Xiao Muzi/小木 子) ដែលជីតា ជាអ្នកបដិវត្តន៍កុម្មុយនីស្ត គឺលោក ស៊ី ចុងឈុន(Xi Zhongxun/习仲勋) ជាអ្នកដាក់ឈ្មោះនេះឱ្យ ដែលមានអត្ថន័យបង្កប់ថា ជាជនស្មោះត្រង់ និងស្អាតបាត សាងគុណប្រយោជន៍ដល់សង្គម។
ខណៈដែលឪពុក ជាបុគ្គលដ៏មានឥទ្ធិពលរបស់ពិភពលោក ស៊ី មិងចឺ បែរជា “Low Profile” រហូតដល់ក្រុមសារព័ត៌មានលោកខាងលិច ដាក់ចំណងជើងលើព័ត៌មានដែលពាក់ព័ន្ធនឹងនាងថា ជា “បុត្រីដ៏អាថ៌កំបាំងរបស់ស៊ី ជីនភីង”។
ពេលលោកស៊ី ជីនភីង ឡើងធ្វើជាអគ្គលេខាធិការបក្សកុម្មុយនីស្តនៅថ្ងៃទី18 វិច្ឆិកា ឆ្នាំ2012 ក្រុមសារព័ត៌មានបរទេស បាននាំគ្នាដាក់រហស្សនាមឱ្យស៊ី មិងចឺ ថាជា “ម្ចាស់ក្សត្រីថ្មី” នៃដែនដីនាគធំ។
“The Mail” សារព័ត៌មានលោកខាងលិច ដែលពូកែខាងស្រាវជ្រាវបើកកកាយ បានបង្ហាញរឿងរ៉ាវពាក់ព័ន្ធនឹងកូនស្រីទោលរបស់លោកស៊ី ជីនភីង និងលោកស្រី ភឹង លីយួន អតីតអ្នកចម្រៀងបទប្រពៃណីសំឡេងមាសរបស់កងទ័ពរំដោះប្រជាជនចិន និងជាភរិយាទី2 របស់លោកស៊ី ថា លោកស៊ី បានបញ្ជូនកូនស្រីទៅសិក្សាបន្តនៅឯ មហាវិទ្យាល័យ ហាវ៉ាដ យ៉ាងស្ងាត់ៗ។
ប្រភពព័ត៌មានដែលជិតដិតម្នាក់ បានឱ្យដឹងថា លោកស៊ី ជីនភីង ក្រុមគ្រួសាររបស់លោក និងជនជាតិចិន សុទ្ធតែជឿជាក់អាមេរិក ឧត្ដមគតិ និងក្ដីស្រមៃនាពេលអនាគត ដូច្នេះហើយទើបបញ្ជូនកូនស្រីទៅរៀននៅអាមេរិក។
ស៊ី មិងចឺ កើតនៅថ្ងៃទី25 មិថុនា ឆ្នាំ1992 នៅមណ្ឌលហ៊្វូចៀន រៀនភាសាបារាំង នៅសាលាអន្តរជាតិ ក្នុងទីក្រុងហាំងចូវ៍ ដែលជាសាលាកម្រិតហាយស្គូល ចន្លោះឆ្នាំ2006-2008 និងបានសិក្សាកម្រិតបរិញ្ញាត្រី 1ឆ្នាំ នៅមហាវិទ្យាល័យ ចឺចៀង បន្ទាប់ពីនោះ នៅឆ្នាំ2010 នាងបានធ្វើដំណើរទៅសិក្សាបន្តនៅមហាវិទ្យាល័យ ហាវ៉ាដ រដ្ឋម៉ាសាឈូសិត សហរដ្ឋអាមេរិក ដោយរៀនមុខវិជ្ជាឯក ផ្នែកចិត្តវិទ្យា និងភាសាអង់គ្លេស។
ក្រោយពីរៀនចប់បរិញ្ញាត្រី ពីហាវ៉ាដ ក្នុងខែឧសភា ឆ្នាំ2014 ស៊ី មិងចឺ បានវិលត្រឡប់មកទីក្រុងប៉េកាំងវិញ។
ស៊ី មិងចឺ ចូលរៀននៅមហាវិទ្យាល័យ ហាវ៉ាដ ដោយប្រើឈ្មោះក្លែងក្លាយ ដើម្បីលាក់បាំងស្ថានភាពពិតរបស់ខ្លួន តែអ្នកយកព័ត៌មានជនជាតិជប៉ុនឈ្មោះ Kenji Minemura របស់កាសែត Asahi Shimbun ដែលស្ថិតនៅក្នុងពិធីទទួលបរិញ្ញាបត្រ របស់ស៊ី មិងចឺ ដែរនោះ បានបង្ហើបឱ្យដឹងថា ក្នុងអំឡុងពេលដែល ស៊ី មិងចឺ រៀននៅហាវ៉ាដ មានអ្នកដែលដឹងថា នាងជានរណា “មិនដល់ 10នាក់ឡើយ” ភាគច្រើនជាមិត្តភក្តិជិតស្និទ្ធ។
មនុស្សជាច្រើន ទើបតែដឹងរឿង ស៊ី មិងចឺ ត្រូវបញ្ជូនទៅរៀននៅមហាវិទ្យាល័យហាវ៉ាដ នៅឆ្នាំ2012 ជាឆ្នាំដែលឪពុករបស់នាងកំពុងបានឡើងកាន់អំណាចខ្ពស់បំផុតរបស់បក្ស ដែលតាមទំនៀមប្រតិបត្តិ និងច្បាប់របស់បក្ស គឺ មេធំរបស់បក្ស នឹងត្រូវគ្រងតំណែងប្រធានាធិបតី និងជាប្រធានគណៈកម្មាធិការកិច្ចការយោធាផងដែរ ដូច្នេះហើយទើប បណ្ដាសារព័ត៌មានលោកខាងលិច ក្នុងខណៈនោះ ស្រេកឃ្លានចង់ដឹងរឿងរ៉ាវរបស់ “អនាគតកូនស្រីលេខ1 នៃដែនដីនាគធំ” មួយនេះយ៉ាងខ្លាំង។
របាយការណ៍ព័ត៌មានរបស់ “The Mail” ដែលផ្សព្វផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ2012 បានឱ្យដឹងថា ស៊ី មិងចឺ ជាអ្នកចូលចិត្តអានសៀវភៅខ្លាំងណាស់។ មិត្តភក្តិរបស់នាងប្រាប់ថា “នាងជាមនុស្សស្ងាត់ស្ងៀម នឹងធឹង និងឧស្សាហ៍” មិនចូលចិត្តការជប់លៀង ដែលផ្ទុយគ្នាពី ឡាយស្តាយល៍ របស់កូនប្រុសមេដឹកនាំចិនដ៏ល្បីល្បាញ ពួ ស៊ីឡៃ គឺពួ កួកួ ដែលរៀននៅហាវ៉ាដដូចគ្នា។
របាយការណ៍របស់ “The Mail” បានបន្តទៀតថា “នាងធ្លាប់បានចូលរួមក្នុងកិច្ចពិភាក្សា កាលពីរដូវស្លឹកឈើលាស់កន្លងមក ពាក់ព័ន្ធនឹងភាពច្របូកច្របល់នយោបាយនៅក្នុងបក្សកុម្មុយនីស្ត ដោយនាងបានអង្គុយស្ដាប់នៅជួរខាងមុខរបស់បន្ទប់ លេកស៊ើរ”
ស៊ី មិងចឺ បានទទួលការឃុំគ្រងការពារអំពីសារព័ត៌មាន មានអង្គរក្សជនជាតិចិនយាមកាមជុំវិញទីស្នាក់នៅរបស់នាង នៅក្នុងនិវាសដ្ឋាននិស្សិតស្រី ក្នុងមហាវិទ្យាល័យហាវ៉ាដ ពេញ 24ម៉ោង និងតាមការពារនាង ពេលធ្វើដំណើរទៅណាមកណាជានិច្ច។ គេនិយាយថា លោកស៊ី ជីនភីង ការពារភាពឯកជនសម្រាប់កូនស្រី យ៉ាងគួរឱ្យច្រណែន។
រឿងរ៉ាវរបស់ ស៊ី មិងចឺ គ្មានសេចក្ដីលម្អិតណា ដែលគួរឱ្យរំភើបញាប់ញ័រសោះឡើយ ប៉ុន្តែ មានរឿងដែលនាងទៅរៀននៅមហាវិទ្យាល័យហាវ៉ាដ បានបែកខ្ចរខ្ចាយឡើង នៅក្នុងរបាយការណ៍ព័ត៌មានរបស់ “The Mail” ដដែល និងក្លាយជាព័ត៌មានដ៏ល្បី ប្រៀបដូចគ្រាប់បែកផ្ទុះ នៅក្នុងបណ្ដាញសង្គមរបស់ដែនដីនាគធំ ដែលមានរូបភាព ស៊ី មិងចឺ និងអត្ថបទ ដែលត្រូវបានគេចែករំលែកបន្តយ៉ាងទូលំទូលាយនៅក្នុងបណ្ដាញសង្គមមួយឈ្មោះ វេយ៍ពួ(ស្រដៀងនឹងធ្វីតធើរដែរ) មុននឹងត្រូវអង្គភាពលុបព័ត៌មានរបស់ចិន តាមលុបចោល ចេញពី App ទាំងអស់។
Weiboscope អង្គភាពតាមដាន របស់មហាវិទ្យាល័យហុងកុង បានបង្ហើបឱ្យដឹងថា រូបភាព ស៊ី មិងចឺ ទាំងនោះ ត្រូវបានលុបចោលដូចគ្នានឹងរឿងរ៉ាវ ដែលត្រូវបាននាំយកមកផូស្តថ្មីដែរ ដោយសារតែមើលទៅ វាបានបង្កើតនូវសំណួរ ដ៏មិនគួរឱ្យប្រាថ្នារបស់ប្រទេសចិនមួយឡើងថា ហេតុម៉េចបានប្រធានាធិបតីចិន ដែលមានប្រាក់ចំណូលប្រចាំឆ្នាំ មិនដល់ 13,000ដុល្លារផង តែបែរជាមានកម្លាំង អាចបញ្ជូនកូន ទៅរៀននៅមហាវិទ្យាល័យលំដាប់ជួរមុខរបស់អាមេរិកដែលថ្លៃបំផុតក្នុងពិភពលោកបាន?
ចំណែកសារព័ត៌មានរបស់តៃវ៉ាន់ China Times បានបង្ហាញនៅក្នុងប្រូហ្វាលសង្ខេប កាលពីឆ្នាំ2012 ថា ស៊ី មិងចឺ ល្បីល្បាញក្នុងរឿងសម្ងំខ្លួនយ៉ាងស្ងៀមស្ងាត់ មិនបង្ហាញខ្លួនជាសាធារណៈ សាមញ្ញៗ ចូលចិត្តការអាន និងចូលចិត្តហ្វាស្សិន។
ក្នុងឆ្នាំ2008 បន្ទាប់ពីកើតហេតុការណ៍រញ្ជួយផែនដីធំមួយ នៅមណ្ឌល សេឈួន ខណៈនោះ ស៊ី មិងចឺ អាយុ 16ឆ្នាំ បានដាក់លិខិតសុំឈប់សម្រាកទៅខាងសាលា រយៈពេល 1សប្ដាហ៍ ដើម្បីទៅជួយការងារសម្រាលទុក្ខលំបាករបស់ប្រជាជននៅក្នុងទីតាំងដែលរងគ្រោះដោយសារការរញ្ជួយផែនដី…រឿងរ៉ាវទាំងនេះ គឺលោកស្រី ភឹង លីយួន ម្ដាយរបស់នាង ជាអ្នកប្រាប់ទៅសារព័ត៌មានក្នុងតំបន់ក្នុងគ្រានោះ។
អ្នកសារព័ត៌មានបានសួរថា “តើលោកស្រី មិនបារម្ភពីសុវត្ថិភាពរបស់កូនស្រីទេឬ?” លោកស្រីភឹង ឆ្លើយថា “ផែនដីរញ្ជួយ បានសម្លាប់ជីវិតមនុស្សម្នាជាច្រើន និងជាសោកនាដកម្មធំរបស់ប្រទេស…កូនស្រីរបស់ខ្ញុំ គួរតែទៅខ្សែត្រៀមជួរមុខ ដើម្បីជួយពួកគេ…ក្នុងអំឡុងពេលធ្វើជាអ្នកស្ម័គ្រចិត្ត 7ថ្ងៃ នាងធ្វើការយ៉ាងធ្ងន់ធ្ងរ ដោយមិនហើបមាត់រអ៊ូ ឬថ្ងូរឡើយ នាងបានរៀនយល់ដឹងអ្វីច្រើនយ៉ាង និងថែមទាំងបានស្គាល់មិត្តភក្តិនៅក្នុងតំបន់ជាច្រើននាក់ទៀតផង…នាងប្រាប់ថា មនុស្សម្នា នៅសេឈួន មាននិស្ស័យគួរឱ្យស្រឡាញ់ ចិត្តល្អ និងរឹងមាំ”
ស៊ី មិងចឺ បង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងឋានៈជា “បុត្រីលេខ1” នៅក្នុងដំណើរឆ្ពោះទៅកាន់ខេត្តទ័លក្រដាច់ស្រយាល របស់ “គ្រួសារលេខ1” នៅឆ្នាំ2015។ នៅក្នុងដំណើរនោះ លោកស៊ី ជីនភីង និងស៊ី មិងចឺ បានធ្វើដំណើរទៅប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ក្នុងខែកុម្ភៈ ជាមួយអ្នកស្រុក នៅក្នុងភូមិ យៀនអាន់, លៀង យ៉ាហ៊ើ មណ្ឌលសួនស៊ី ដែលជាមូលដ្ឋានការបដិវត្ត សម័យលោកប្រធាន ម៉ៅ សេទុង និងជានិមិត្តសញ្ញាការបដិវត្តបក្សកុម្មុយនីស្តចិន។ លោកស៊ី ជីនភីង បានចាប់ផ្ដើមជីវិតនយោបាយនៅក្នុងតំបន់មូលដ្ឋានបដិវត្តន៍ក្រហមនៃយៀនអាន់ អស់រយៈពេល 6ឆ្នាំ(1969-1975) ដែលជាអំឡុងពេលបដិវត្តន៍វប្បធម៌។
នៅក្នុងខែកុម្ភៈ ឆ្នាំ2019 សារព័ត៌មានផ្លូវការរបស់ចិន People Daily បានផ្សព្វផ្សាយរូបភាពរបស់គ្រួសារលោក ស៊ី ជីនភីង រួមទាំងរូបភាពលោកស្រី ភឹង លីយួន និងស៊ី មិងចឺ ផងដែរ។
ថ្មីៗនេះ សារព័ត៌មានអង់គ្លេស ក្នុងតៃវ៉ាន់ (Taiwan News) បានឱ្យដឹងថា មាន “ព័ត៌មានចចាមអារ៉ាម” ថា ស៊ី មិងចឺ បានត្រឡប់ទៅរៀននៅមហាវិទ្យាល័យហាវ៉ាដវិញ ក្នុងខែតុលា ឆ្នាំ2019។
ប្រភព៖ សារព័ត៌មានបរទេស