ប្រទេសថៃ បានត្រៀមប្រាក់ជិត724លានដុល្លារដើម្បីទិញនាវាមុជទឹកចំនួន2គ្រឿងពីប្រទេសចិន ប៉ុន្តែការគម្រោងនេះត្រូវបានផ្អាកទៅវិញ ក្រោយពីត្រូវប្រឈមនឹងប្រតិកម្មយ៉ាងខ្លាំងក្លា ព្រោះតែបញ្ហាសេដ្ឋកិច្ចដែលកើតឡើងដោយសារ COVID-19។
រាជរដ្ឋាភិបាលថៃ កាលពីឆ្នាំ2016 បានសម្រេចចិត្តចំណាយប្រាក់ចំនួន36ពាន់លានបាត (1.1ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល11ឆ្នាំ ដើម្បីទិញនាវាមុជទឹក S26T របស់ចិន។ កិច្ចព្រមព្រៀសទិញដូរនេះត្រូវបានចុះហេត្ថលេខារវាងទីក្រុងប៉េកាំង និងទីក្រុងបាងកកកាលពីខែឧសភា2017 ក្រោយពីរាជរដ្ឋាភិបាលថៃបានអនុម័តយល់ព្រមចំណាយថវិកា440លានដុល្លារសម្រាប់ទិញនាវាមុជទឹកដំបូងចំនួន1គ្រឿង។ នាវាដែលបានបញ្ជាទិញនេះ ត្រូវបានចាប់ផ្ដើមសាងសង់កាលពីខែកញ្ញា2018 ហើយតាមគម្រោង នឹងត្រូវប្រគល់មកឱ្យកងទ័ពជើងថៃនៅពាក់កណ្ដាលឆ្នាំ2023។
មកដល់ដើមខែកញ្ញាកន្លងទៅ អនុគណៈកម្មធិការមួយរបស់សភាថៃ បានអនុម័តយល់ព្រមទិញនាវាមុជទឹកចិនចំនួន2គ្រឿងបន្ថែមទៀត ដែលមានតម្លៃសរុប 22.5ពាន់លានបាត ស្មើនឹង724លានដុល្លារអាមេរិក។ ក៏ប៉ុន្តែ ការសម្រេចនេះបានជួបនឹងប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជន ខណៈដែលប្រទេសនេះកំពុងជាប់ដៃទប់ទល់នឹងបញ្ហាឱនភាពសេដ្ឋកិច្ចដោយសារ COVID-19។
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលថៃ លោក Anucha Burapachaisri ថ្ងៃនេះបានប្រកាសថា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Prayut Chan-ocha បាន “ស្នើឱ្យកងទ័ពជើងទឹកថៃ ពិចារណាដើម្បីផ្អាក” កិច្ចព្រមព្រមទិញនាវាមុជទឹកចំនួន2គ្រឿងនេះ។
លោក Anucha Burapachaisri បានថ្លែងថា៖ “កងទ័ពជើងទឹកនឹងចរចាជាមួយភាគីចិនដើម្បីផ្អាកកិច្ចព្រមព្រៀងរយៈពេល1ឆ្នាំទៀត”។
បច្ចុប្បន្ន រាជរដ្ឋាភិបាលថៃ កំពុងប្រឈមនឹងរលកនៃបាតុកម្ម ដែលទាមទារឱ្យនាយករដ្ឋមន្ត្រី Prayut ចុះចេញពីតំណែង ដើម្បីកែទម្រង់រដ្ឋាភិបាល។ សេដ្ឋកិច្ចប្រទេសថៃ ក៏កំពុងឆ្លងកាត់ដំណាក់កាលអាក្រក់បំផុតនៅក្នុងរយៈពេលជាង20មកនេះ នៅពេលដែលសេដ្ឋកិច្ចដាំក្បាលចុះ12.2% នៅក្នុងឆមាសដំបូងនៃឆ្នាំនេះ ដោយសារវិស័យសំខាន់ៗដូចជា ទេសចរណ៍ និងការនាំចេញត្រូវរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីវិបត្តិសុខភាព។
ជាយូរណាស់មកហើយ កងទ័ពជើងទឹកថៃមិនមាននាវាមុជទឹកសូម្បីតែ1គ្រឿង រាប់ចាប់ពីឆ្នាំ1951។ កងទ័ពជើងទឹកធ្លាប់បានចំណាយពេលជាច្រើនឆ្នាំដើម្បីបញ្ចុះបញ្ចូលឱ្យរាជរដ្ឋាភិបាលទិញនាវាមុជទឹកចាស់ៗចំនួន6គ្រឿងពីប្រទេសអាល្លឺម៉ង់ ប៉ុន្តែ ក្រោយមក គម្រោងនេះត្រូវបានជំនួសដោយកិច្ចព្រមព្រៀងទិញនាវាមុជទឹក S26T ពីប្រទេសចិនទៅវិញ។
S26T ប្រើប្រាស់ប្រព័ន្ធរុញច្រានដោយខ្យល់ ដែលគេហៅថា AIP ទន្ទឹមនឹងប្រព័ន្ធម៉ាស៊ីនម៉ាស៊ូត-អគ្គិសនី។ នាវានេះត្រូវបានអភិវឌ្ឍពីម៉ូដែលនាវាមុជទឹក Type-039A ដែលផលិតឡើងដោយកងទ័ពជើងទឹកចិន។ នាវា S26T ដែលមានប្រវែង75ម៉ែត្រនេះ ដើរតួជាប្រព័ន្ធបាញ់រ៉ុកកែតរយៈចម្ងាយឆ្ងាយ និងជំនាញខាងធ្វើប្រតិបត្តិការនៅក្នុងតំបន់សមុទ្រទឹករាក់៕
ប្រភព៖ AFP