មន្ទីរបញ្ចកោណ ទើបតែបានរកឃើញក្រុមហ៊ុនចំនួន11ផ្សេងទៀតដែលត្រូវបានគ្រប់គ្រង ឬជាកម្មសិទ្ធិរបស់កងទ័ពចិន ហើយក្រុមហ៊ុនទាំងនេះនឹងអាចត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនាពេលខាងមុខ។
ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ2020នេះ បានរកឃើញក្រុមហ៊ុនចិនធំៗចំនួន20ដែលកំពុងរកស៊ីនៅលើទឹកដីអាមេរិក មានទំនាក់ទំនងជាមួយកងទ័ពចិន។ ក្រុមហ៊ុនទាំងនេះ សុទ្ធតែត្រូវបានគ្រប់គ្រងផ្ទាល់ ឬប្រយោលដោយកងទ័ពរំដោះប្រជាជនចិន (PLA) ដែលពួកគេរកស៊ីខាងពាណិជ្ជកម្ម ផលិត ឬនាំចេញ។ល។
កាលពីថ្ងៃទី28សីហា មន្ទីរបញ្ចកោណបានរកឃើញក្រុមហ៊ុនចិនចំនួន11ផ្សេងទៀតដែលធ្វើសកម្មភាពក្រោមការគ្រប់គ្រងរបស់កងទ័ពចិន ក្នុងនោះមានទាំងក្រុមហ៊ុន China Three Gorges Corporation (ដែលគ្រប់គ្រងទំនប់ The Three Gorges Dam) ក្រុមហ៊ុន Sinochem (ផលិតប្រេងឥន្ធនៈ ផលិតនិងជួញដូរសារធាតុគីមី និងជីសម្រាប់ដំណាំជាដើម) ក្រុមហ៊ុន Chia Spacesat (ស្រាវជ្រាវ ផលិត និងប្រើប្រាស់ផ្កាយរណប)។ល។
យោងតាមច្បាប់ឆ្នាំ1999របស់សហរដ្ឋអាមេរិក ប្រធានាធិបតីមានសិទ្ធចាត់វិធានការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនដែលស្ថិតក្នុងបញ្ជីខ្មៅនេះ។ ទាក់ទងនឹងបញ្ហាខាងលើ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីងតោន មិនទាន់មានប្រតិកម្មណាមួយនៅឡើយ។
បញ្ជីខ្មៅខាងលើនេះ អាចជាកត្តាមួយធ្វើឱ្យភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង2នេះ កាន់តែកើនឡើងខ្លាំងបន្ថែមពីលើបញ្ហចម្រូងចម្រាសដែលមានស្រាប់ទាក់ទិននឹង COVID-19 រួមនឹងបញ្ហាធំៗជាច្រើនផ្សេងទៀត មានដូចជា បច្ចេកវិទ្យា ហុងកុង ស៊ីនជាំង និងសមុទ្រចិនខាងត្បូងជាដើម។
កាលពីថ្ងៃទី28សីហា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនចំនួន24ស្ថាប័ន ដែលត្រូវបានសហរដ្ឋអាមេរិកជឿថាជាប់ទាក់ទិននឹងសកម្មភាពបង្កើតកោះសិប្បនិម្មិត និងកសាងមូលដ្ឋានទ័ពចិននៅលើសមុទ្រចិនខាងត្បូង ក្នុងនោះក៏មានក្រុមហ៊ុន China Communications Construction ដែលទទួលខុសត្រូវលើគម្រោងជាច្រើនដែលស្ថិតក្នុងផែនការខ្សែក្រវាត់មួយ-ផ្លូវមួយរបស់ចិនផងដែរ។ ក្រុមហ៊ុនចិនទាំងអស់ដែលត្រូវបានដាក់ចូលទៅក្នុងបញ្ជីខ្មៅ នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យាដែលមានប្រភពពីសហរដ្ឋអាមេរិក បើសិនជាមិនមានការអនុញ្ញាត៕
ប្រភព៖ Reuters