ក្រសួងការបរទេសវៀតណាម បានអះអាងថា ការធ្វើសមយុទ្ធយោធារបស់ចិននៅលើប្រជុំកោះ Paracel ដែលវៀតណាមហៅថា Hoang Sa នេះថាជាការរំលោភលើអធិបតេយ្យរបស់វៀតណាម ហើយបានស្នើឱ្យទីក្រុងប៉េកាំងបញ្ឈប់ជាបន្ទាន់នូវលំហាត់សមយុទ្ធយោធានេះ។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននាថ្ងៃនេះ (26សីហា) ថា៖ “ការដែលចិនធ្វើលំហាត់សមយុទ្ធជាបន្តបន្ទាប់នៅតំបន់ប្រជុំកោះ Hoang Sa គឺបានរំលោភលើអធិបតេយ្យរបស់វៀតណាម ធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ផ្ទុយទៅនឹងស្មារតីដែលបានប្រកាសស្ដីអំពីដំណោះស្រាយរបស់ភាគីពាន់ព័ន្ធនៅសមុទ្រខាងកើត (សមុទ្រចិនខាងត្បូង) (DOC) និងមិនមានផលប្រយោជន៍សម្រាប់ដំណើរការចរចាស្ដីអំពីគោលការណ៍ដោះស្រាយរវាងប្រទេសពាក់ព័ន្ធនៅសមុទ្រខាងកើត (COC) និងការរក្សាសន្តិភាព ស្ថិរភាព រួមនឹងកិច្ចសហប្រតិបត្តិការនៅលើសមុទ្រខាងកើត”។
ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងនៅពេលប្រទេសចិនធ្វើលំហាត់សមយុទ្ធយោធានៅលើដែនសមុទ្រក្នុងតំបន់ភាគខាងជើងឆៀងខាងកើតនៃប្រជុំកោះ Paracel ដែលកំពុងមានជម្លោះរវាងប្រទេសទាំង2។
កាលពីថ្ងៃទី23សីហា នាយកដ្ឋានគ្រប់គ្រងដែនសមុទ្ររបស់ខេត្ត Hainan ប្រទេសចិន បានប្រកាសអំពីការធ្វើលំហាត់សមយុទ្ធយោធាមួយរបស់កងទ័ពនៃប្រទេសនេះ ចាប់ពីថ្ងៃទី24សីហា ដល់ថ្ងៃទី29សីហានៅតំបន់ប្រជុំកោះ Paracel និងតំបន់ភាគអាគ្នេយ៍នៃកោះ Hainan។ នេះគឺជាលើកទី2ហើយដែលចិនបានធ្វើសមយុទ្ធយោធានៅតំបន់ប្រជុំកោះ Paracel ក្នុងអំឡុង2ខែកន្លងមកនេះ។
លោកស្រី Hang បានថ្លែងថា៖ “វៀតណាមស្នើឱ្យចិនគោរពអធិបតេយ្យរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ហើយត្រូវលុបចោល និងមិនត្រូវបង្កការរំលោភបំពានសាជាថ្មីទៀតនោះទេ”៕
ប្រភព៖ VNEXPRESS