សារព័ត៌មាន សៅឆាយណា ម៉នីង ផូស្តិ៍ រាយការណ៍យ៉ាងស៊ីជម្រៅ អំពីប្រវត្តិ លី អ៊ិង ស្ត្រីអ្នកវិនិយោគទុនជនជាតិចិន អ្នកដែលបានទទួលរហស្សនាមថា ជា “វ៉រេន បាហ្វហ្វេតត៍ របស់ចិន”។
ឆ្នាំ2010 ខណៈដែលលី អាយុ 29ឆ្នាំ ជែក ម៉ា សហស្ថាបនិកក្រុមហ៊ុនអាលីបាបា ហូលឌីងស៍ និងម្ចាស់ទីភ្នាក់ងារព័ត៌មានសៅឆាយណា ម៉នីង ផូស្តិ៍ បានបបួលលី 3ដង ដើម្បីឱ្យនាង ផ្លាស់ពីស៊ីលីខន វ៉ាលលេយ៍ មកមើលការខុសត្រូវមូលនិធិ យុនហ្វឹង ដែលជាភាគហ៊ុនក្រៅផ្សារហ៊ុនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងហាយ-ថេក និងប្រភពថាមពលថ្មី។
ទីបំផុត លីយល់ព្រមមករួមការងារ និងក្លាយជាសហស្ថាបនិកជាមួយម៉ា និងដេវីដ អ៊ូ។
លី ត្រូវចាត់ការប្រាក់រាប់ពាន់លាន និងមានម្ដងនោះ លីធ្លាប់ប្រកួតប្រជែងជាមួយ យ៉ាង ហ៊ុយអាន់ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាសេដ្ឋីនីមានជាងគេបំផុតនៅក្នុងប្រទេសចិន។
ទោះជាមិនដែលមានការបង្ហើបឱ្យដឹងអំពីតម្លៃខ្លួនមែន តែសារព័ត៌មានចិនសន្និដ្ឋានថា លីអាចមានទ្រព្យសម្បត្តិជាង 10,000យន់ ឬប្រមាណជា 1,500លានដុល្លារ និងមិនសូវមានទិន្នន័យបែកខ្ចរខ្ចាយច្រើន ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនប៉ុន្មានឡើយ។ គេគ្រាន់តែបានដឹងច្បាស់ថា លីជាអ្នកនិយមចូលចិត្តរថយន្តសូភើរ ខារ៍ និងមានរថយន្តទំនើបៗជាច្រើនគ្រឿង ទាំងបេនថ៍លីយ៍ មើរស៊ីដេស ម៉ាយបាក់ និងរថយន្តបើកដំបូលរ៉ូលស៍ រ៉យ ហ្វ៊ែនថម។
ដំណើរផ្លូវឆ្ពោះទៅរកភាពជាសេដ្ឋីនី របស់ស្ត្រីម្នាក់ដែលមានបំផុតនៅក្នុងប្រទេសចិន
លី ធំធាត់ឡើងនៅក្នុងមណ្ឌលហ្សឹនជិន របស់ប្រទេសចិន និងរៀនសូត្រនៅក្នុងប្រទេសចិន រហូតដល់ថ្នាក់មធ្យមទី2 បន្ទាប់ពីនោះ លីត្រូវបានឪពុកម្ដាយណែនាំឱ្យទៅរៀនបន្តនៅសហរដ្ឋអាមេរិក ដែលនាងហាក់ដូចជាមិនសូវជាយល់ស្របប៉ុន្មានឡើយនាពេលដំបូងៗក្នុងរឿងផ្លាស់ប្ដូរកន្លែងរស់នៅ តែនៅពេលឪពុកម្ដាយសំណូមពរថា មិនចាំបាច់រៀនថ្នាក់មធ្យមសិក្សាដំបូងៗនោះ លីក៏យល់ព្រម។
ការរៀនសូត្ររបស់លី ឈានទៅមុខលឿនជាងមិត្តភក្តិខ្លាំងណាស់ ខណៈដែលអាយុបាន 17ឆ្នាំ នាងមានលទ្ធផលការរៀនល្អបំផុត រហូតក្លាយជាមុខសញ្ញារបស់មហាវិទ្យាល័យល្បីៗជាច្រើន ដែលចង់បានសិស្សពូកែៗទៅចូលសិក្សា មានទាំង អេមអៃធី យែល និងស្ទែនហ្វ៉ត ដែលពេលនោះ លីជ្រើសរើសរៀននៅ អេមអៃធី និងបញ្ចប់ការសិក្សាក្នុងរយៈពេល 3ឆ្នាំ។
ពេលអាយុបាន 20ឆ្នាំ លីបានទទួលបរិញ្ញាត្រី ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ សេដ្ឋសាស្ត្រ និងបរិញ្ញាទោ ផ្នែកវិស្វកម្មអគ្គិសនី និងវិទ្យាសាស្ត្រកុំព្យូទ័រ។
លី ចូលធ្វើការដំបូងជាមួយមែកឃិនហ្ស៊ី អ៊ែនដ៍ ខាំផានី ក្នុងឋានៈជាទីប្រឹក្សាស្ថាប័ន ក្នុងស៊ីលីខន វ៉ាលលេយ៍។
13ឆ្នាំ តមក លីផ្លាស់ទៅធ្វើការជាមួយក្រុមហ៊ុនវិនិយោគទុនលំដាប់ជួរមុខគេនៅក្នុង វ៉លស្ទ្រីត ដូចជា អ៊ិកាណុ យូធី និងខេឌីស៊ីប៊ី ដែលបានឡើងមុខតំណែងខ្ពស់ឡើងៗ យ៉ាងឆាប់រហ័ស។ រហូតដល់ ជែក ម៉ា មើលឃើញពីភាពប៉ិនប្រសប់ និងសមត្ថភាពពិសេសរបស់លី និងពេញចិត្តលើប្រវត្តិរូបសង្ខេប និងប្រវត្តិការងារ ដែលល្អលើសលប់ ទើបម៉ា ទំនាក់ទំនងស្នើឱ្យមកចូលរួមធ្វើការងារជាមួយអាលីបាបា គ្រុប ជាច្រើនដង និងអញ្ជើញមករួមការងារជាមួយមូលនិធិយុនហ្វឹង។
លី ជាអ្នកចាត់ការទូទៅ របស់គណៈកម្មការ និងទទួលខុសត្រូវការងារពាក់ព័ន្ធនឹងការវិនិយោគទុនផ្នែកហាយ-ថេក និងប្រភពថាមពលថ្មី។ ស្នាដៃរបស់លី ហុចផលឱ្យក្រុមហ៊ុនទទួលបានជោគជ័យយ៉ាងស្រស់បំព្រង និងធ្វើឱ្យមូលនិធិយុនហ្វឹង មានប្រាក់ដើមទុនដំណាក់កាលដំបូងរីកធំធាត់ឡើងជាច្រើនម៉ឺនលានយន់ មុននឹងលាឈប់កាលពីឆ្នាំកន្លងទៅ ដែលប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា លីបង្កើតក្រុមហ៊ុនរបស់ខ្លួនឯង។
ស្ត្រីពូកែម្នាក់នេះ ជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ តែនៅពេលបង្ហាញខ្លួនក្នុងទីសាធារណៈលើកដំបូង គ្រប់គ្នាត្រូវភ្ញាក់ផ្អើលនឹងរូបសម្ផស្សដ៏ស្រស់ស្អាត និងភាពឆ្លាតវាងវៃរបស់នាង និងក្រៅពីនោះ លីនៅបានទទួលការសរសើរតម្កើងថា ជាស្ត្រីនៅលីវ និងមានបំផុតម្នាក់ នៅក្នុងប្រទេសចិនទៀតផង៕
ប្រភព៖ សារព័ត៌មានបរទេស