ទីភ្នាក់ងារព័ត៌មាន ដេលី មេល បានរាយការណ៍ថា កើតមានព័ត៌មានអង្រួនកៅអីតំណែងរបស់លោក គីម ជុង អ៊ុន មេដឹកនាំខ្ពស់បំផុតរបស់កូរ៉េខាងជើងជាថ្មីម្ដងទៀត នៅពេលអ្នកការទូតសំខាន់ម្នាក់របស់កូរ៉េខាងត្បូង បានចេញមកអះអាងព័ត៌មានដែលខ្លួនបានទទួលមកថា លោក គីម ជុងអ៊ុន កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដល់ថ្នាក់សន្លប់បាត់ស្មារតី(ខូម៉ា) ហើយលោកស្រី គីម យ៉ូ ចង វ័យ 33ឆ្នាំ នឹងបានឡើងបំពេញតួនាទីជាអ្នកដឹកនាំប្រទេសជំនួស។
លោក ឆាង សុងមីន អតីតជំនួយការរបស់លោក គីម ទែជុង អតីតប្រធានាធិបតីដែលបានទទួលមរណភាពទៅហើយរបស់កូរ៉េខាងត្បូង បានបង្ហើបឱ្យដឹងថា លោក គីម ជុងអ៊ុន មានអាការជំងឺកាន់តែធ្ងន់ធ្ងរឡើងៗជារឿយៗ រហូតមកដល់ពេលនេះកំពុងស្ថិតក្នុងអាការខូម៉ា លែងដឹងខ្លួន បើទោះបីជាប្រទេសកូរ៉េខាងជើង បានបញ្ចេញរូបភាពការប្រជុំបក្សកុម្មុយនីស្ត ដែលមានលោកគីម អង្គុយដឹកនាំការប្រជុំក៏ដោយ និងពេលនេះកំពុងតែងតាំងឱ្យប្អូនស្រី គឺលោកស្រី គីម យ៉ូចង ចូលមកមានមុខតំណែងតួនាទីកាន់តែច្រើនឡើងទៀតផង។
តែទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបញ្ជាក់ថា មិនអាចអះអាងឱ្យបានច្បាស់លាស់ថា រូបភាពនោះ ជារូបភាពអាប់ឌែតថ្មី ឬយ៉ាងណានោះទេ តែអ្វីដែលសំខាន់ គឺលោកគីម ជុងអ៊ុន មិនបានចេញបង្ហាញខ្លួន ជួបជាមួយសាធារណជនសោះឡើយ នៅក្នុងឆ្នាំនេះ។
លោក ឆាង សុងមីន បានប្រាប់ថា “ការត្រៀមបន្តវេនតំណែង និងអំណាចយ៉ាងពេញលេញ បានចាប់ផ្ដើមដំណើរការហើយ លោកស្រី គីម យ៉ូចង ត្រូវបានកំណត់ទុកមុន រួចស្រេចទៅហើយ ព្រោះមិនអាចពន្យារអំឡុងពេលដ៏សំខាន់នេះ ក្នុងរយៈពេលវែងបានឡើយ”
កាលពីពេលមុននេះ នាខែឧសភា នៅពេលមានលេចឮព័ត៌មានក្នុងលក្ខណៈដូចគ្នានេះថា លោកគីម ជុងអ៊ុន កើតជំងឺធ្ងន់ធ្ងរ ឬដល់ថ្នាក់ស្លាប់បាត់ទៅហើយនោះ ទីភ្នាក់ងារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង បានបញ្ចេញរូបភាពលោកគីម ទៅចូលរួមកាត់ខ្សែបូ បើកសម្ពោធរោងចក្រផលិតជី ចេញមកដើម្បីលប់ព័ត៌មានខាងលើនោះម្ដងរួចមកហើយ៕
ប្រភព៖ សារព័ត៌មានបរទេស