អាចម៍ផ្កាយមួយដុំដែលត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឱ្យថា 2018VP1 នឹងហោះមកដល់ផែនដីនៅចុងឆ្នាំ2020នេះ ប៉ុន្តែលទ្ធភាពដែលវាអាចហោះមកបុកផែនដី មានត្រឹមតែ 0,41% ប៉ុណ្ណោះ។
មជ្ឈមណ្ឌលស្រាវជ្រាវវត្ថុអវកាសក្បែរផែនដី (CNEOS) នៃមន្ទីរពិសោធន៍កម្លាំងរុញច្រានរបស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានឱ្យដឹងថា អាចម៍ផ្កាយដែលមានឈ្មោះថា 2018VP1 នឹងហោះកាត់មុខផែនដីនៅមុនថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ពោលគឺនៅថ្ងៃទី2វិច្ឆិកា។ យោងតាម NASA មានសេណារីយោចំនួន3នៃការប៉ះទង្គិចដែលអាចកើតឡើង ដែលនេះគឺយោងទៅតាមការសង្កេតចំនួន21លើក ក្នុងរយៈពេល12,968ថ្ងៃកន្លងមក។ ក៏ប៉ុន្តែ លទ្ធភាពនៃការប៉ះទង្គិចផ្ទាល់ជាមួយនឹងផែនដី គឺមានមិនដល់ 0.41% នោះទេ។
2018VP1 ត្រូវបានរកឃើញជាលើកដំបូងដោយមជ្ឈមណ្ឌលសង្កេតអវកាស Palomar ក្នុងរដ្ឋ California សហរដ្ឋអាមេរិក កាលពីឆ្នាំ2018 ប៉ុន្តែអាចម៍ផ្កាយនេះមិនស្ថិតក្នុងក្រុម “វត្ថុអវកាសអាថ៌កំបាំងដែលអាចបង្កគ្រោះថ្នាក់” ដល់ផែនដីនោះទេ ដោយសារតែវាមានទំហំតូច។ ទិន្នន័យពី NASA បានឱ្យដឹងថា អាចម៍ផ្កាយនេះមានអង្កត់ផ្ចិតប្រវែង2ម៉ែត្រ។
កាលពីដើមសប្ដាហ៍មុន អាចម៍ផ្កាយមួយដុំបានហោះកាត់ផែនដីក្នុងរយៈចម្ងាយ2,945គីឡូម៉ែត្រនៅពីលើតំបន់ភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា ដែលនេះបានក្លាយជាវត្ថុអវកាសដែលហោះក្បែរផែនដីបំផុតក្នុងប្រវត្តិសាស្ត្រ។ អាចម៍ផ្កាយដែលមានឈ្មោះថា 2020 GC នេះ ត្រូវបានរកឃើញដោយ Zwicky Transient Facility ដែលជាកាមេរ៉ារ៉ូបូត ជំនាញខាងស្កេនផ្ទៃអាកាស។ 2020 GC មានទំហំប៉ុនរថយន្តប្រភេទ sedan ប៉ុណ្ណោះ ដូច្នេះវាមិនបង្កគ្រោះថ្នាក់ដល់ផែនដីរបស់យើងទេ ព្រោះថា វានឹងត្រូវបំបែកជាបំណែកតូចៗនៅក្នុងបរិយាកាសផែនដី៕
ប្រភព៖ Independent